អន្តរជាតិ
George W. Bush ៖ សង្គម​ប្រជាធិបតេយ្យ​ត្រូវការ​សារព័ត៌មាន​ដើម្បី​ពិនិត្យ​មេដឹកនាំ​ញៀន​នឹង​អំណាច
28, Feb 2017 , 10:49 am        
រូបភាព
លោកអតិតប្រធានាធិបតីអាមេរិក Bush (ប្រភពរូបភាព៖ Politico)
លោកអតិតប្រធានាធិបតីអាមេរិក Bush (ប្រភពរូបភាព៖ Politico)
ដោយ: ថ្មីៗ
​អតីត​ប្រធានាធិបតី​អាមេរិក លោក George W. Bush បានលើកឡើង​ពី​តួនាទី​របស់​សារព័ត៌មាន​ក្នុងការ​ចូលរួមចំណែក​កសាង​របប​ប្រជាធិបតេយ្យ​។ លោក បានចាត់ទុក​សារព័ត៌មាន ថា ជា​ដៃគូ​ដែល​មិនអាច​ខ្វះ​បាន ជាពិសេស នោះ​តួនាទី​របស់​សារព័ត៌មាន ក្នុងការ​ពិនិត្យ​លើ​មេដឹកនាំ ដែល​ឈ្លក់​វង្វេង​នឹង​អំណាច ដែល​អាច​បង្ក​ឲ្យ​មាន​មហន្តរាយ​ដល់​សង្គម​នោះ​។



«​ខ្ញុំ ចាត់ទុក​ប្រព័ន្ធ​ផ្សាយ​គឺជា​ដៃគូ​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​សង្គម​ប្រជាធិបតេយ្យ​។ យើង ត្រូវការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដើម្បី​ឲ្យ​ប្រជាជន​ដូចជា​ខ្ញុំ​មានការ​ទទួលខុសត្រូវ​។ អំណាច អាចធ្វើ​មនុស្ស​ឈ្លក់​វង្វេង ហើយ វា ក៏បង្ក​ឲ្យ​មាន​មហន្តរាយ​។ ហើយ វា​ពិតជា​សំខាន់​ណាស់​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងការ​ដាស់តឿន​អ្នក​ដែល​បំពាន​នឹង​អំណាច មិន​ថា​នៅទីណា​ក៏ដោយ​ឲ្យ​មក​ទទួលខុសត្រូវ​»​។ នេះ​គឺជា​ការលើកឡើង​របស់​លោក​អតីត​ប្រធានាធិបតី George W. Bush នៅក្នុង​កិច្ច​សម្ភាស​ជាមួយនឹង​សារព័ត៌មាន NBC ។

​ក្នុង​កិច្ច​សម្ភាស​ដដែល​នោះ លោក Bush បាន​អះអាងថា វា គឺជា​រឿង​ដែល​សំខាន់​ណាស់​សម្រាប់​អាមេរិក​ដែល​ត្រូវមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​ដទៃ​ផ្សេងទៀត​ឲ្យ​យក​គំរូ​តាម​ខ្លួន​នោះ​។

​អតីត​ប្រធានាធិបតី​រូបនេះ បាន​សង្កត់ធ្ងន់ថា​៖«​កិច្ចការ​មួយ​ក្នុងចំណោម​កិច្ចការ​ជាច្រើន​ដែល​លោក​បានធ្វើ​ជាច្រើនលើក​នោះ គឺ​បញ្ចុះបញ្ចូល​បុគ្គល​ម្នាក់​ដូចជា លោក Vladirmir Putin ដើម្បី​ទទួលយក​គំនិត​នៃ​សារព័ត៌មាន​ឯករាជ្យ​។ តែ វា គឺជា​រឿង​ដែល​ពិបាក​ណាស់​ដើម្បី​ប្រាប់​អ្នកដទៃ​ដើម្បី​ឲ្យ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ឯករាជ្យ ខណៈពេលដែល​យើង ក៏​មិនមាន​ឆន្ទៈ​ក្នុង​បង្កើត​ឲ្យ​មាន​ក្នុងសង្គម​ខ្លួនឯង​នោះ​»​។

​ការអត្ថាធិប្បាយ​របស់​អតីត​ប្រធានាធិបតី​ទី​៤៣​នៃ​សហរដ្ឋអាមេរិក​រូបនេះ ធ្វើឡើង​ស្របពេល​ដែល រដ្ឋបាល​ថ្មី​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កំពុងតែ​មានរឿង​ចម្រូងចម្រាស​ជាមួយនឹង​សារព័ត៌មាន​ធំៗ​អាមេរិក ដោយ លោក​ប្រធានាធិបតី ត្រាំ បានចាត់ទុក​សារព័ត៌​មានដូចជា​សត្រូវ ឬ​ក្រុមប្រឆាំង​យ៉ាង​ដូច្នេះ​ឯង​។ នៅ​សប្តាហ៍​មុន លោក ត្រាំ ថែមទាំង​ប្រកាស​មិន​ចូលរួម​កម្មវិធី​ជួបជុំ​ជាមួយនឹង​អ្នកសារព័ត៌មាន ដែលជា​កម្មវិធី​មួយ​ដែល​ប្រធានាធិបតី​អាមេរិក តែងតែ​ធ្វើជា​ទម្លាប់​នោះ​៕


Tag:
 អាមេរិក​
  ប្រជាធិបតេយ្យ​
  សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com