អន្តរជាតិ
ស្ដេច​អា​រ៉ា​ប៊ី​សា​អូឌីត នាំ​ប្រតិភូ​១៥០០​នាក់ និង​សម្ភារ​ជាង​៥០០​តោន មក​ទស្សនកិច្ច​នៅ​ឥណ្ឌូណេស៊ី​
28, Feb 2017 , 12:04 pm        
រូបភាព
​មហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត Salman Abdulaziz Al Saud បានចាប់ផ្ដើម​ទស្សនកិច្ច​មួយ​ជុំ​នៅ​តំបន់​អាស៊ី ដើម្បី​គៀងគរ និង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​។ គោលដៅ​ទី​១​របស់​ស្ដេច​អា​រ៉ា​ប៊ី​សា​អូឌីត គឺ​ម៉ាឡេស៊ី ដែល​នៅ​ទីនោះ​ក្រុមហ៊ុន​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត និង​ក្រុមហ៊ុន​ប្រេង​ម៉ាឡេស៊ី​ចុះ​កិច្ចព្រមព្រៀង​តម្លៃ​មហាសាល​លើ​ការវិនិយោគ​ប្រេង​។ គោលដៅ​បន្ទាប់ពី​ម៉ាឡេស៊ី គឺ​ឥណ្ឌូណេស៊ី ដែល​ក្នុង​ដំណើរ​ទៅ​ទីនោះ ទ្រង់មាន​មន្ត្រី​ហែរ​ហម​ច្រើនជាង​មួយ​ពាន់​នាក់ និង​កាបូប​ជាច្រើន​រយ​តោន​។​



​បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​ម៉ាឡេស៊ី មហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត Salman Abdulaziz Al Saud នឹង​ចាប់ផ្ដើម​ទស្សនកិច្ច​៩​ថ្ងៃ​នៅ​ឥណ្ឌូណេស៊ី ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៩ ខែមីនា​។ នេះ​ជា​ទស្សនកិច្ច​លើក​ទី​១ របស់​មហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត​ទៅកាន់​ឥណ្ឌូណេស៊ី ដែលជា​ប្រទេស​ឥស្លាម​ធំជាងគេ​លើ​ពិភពលោក​ក្នុង​រយៈពេល​ជិត​៥០​ឆ្នាំ​មកនេះ​។ ស្ដេច​អា​រ៉ា​ប៊ី​សា​អូឌីត​អង្គ​នេះ នឹង​ចំណាយពេល​ពាក់កណ្ដាល​នៃ​ទស្សនកិច្ច​នេះ​នៅ​ទីក្រុង​ទេសចរណ៍​បាលី ក្រោយ​ជួប​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ (Joko Widodo) រួច​។​

​បើតាម​សារព័ត៌មាន The Jakarta Post ប៉ូលិស​ឥណ្ឌូណេស៊ី ពង្រឹង​សន្តិសុខ​ខ្លាំង​បំផុត​នៅឯ Bogor ជាទី​ដែល​ស្ដេច Salman ជួប​លោក ចូ​កូ វី​ដូ​ដូ មុន​បន្តដំណើរ​ទៅកាន់​បាលី​។ អាជ្ញាធរ​ក៏បាន​បង្កើន​ការត្រួតពិនិត្យ​សន្តិសុខសម្រាប់​ប្រតិភូ​អមដំណើរ​ដែលមាន​ទៅ​១៥០០​នាក់ ក្នុងនោះ​មាន​រដ្ឋមន្ត្រី​១០​នាក់ និង​ព្រះអង្គម្ចាស់​២៥​អង្គ​។ ប៉ូលិស នឹង​រឹតបន្តឹង​សន្តិសុខ​នៅ​គ្រប់កន្លែង​ទាំងអស់​រួមទាំង​នៅ​សណ្ឋាគារ ផ្លូវ​ដែល​ប្រតិភូ​ឆ្លងកាត់ ក៏ដូចជា​គោលដៅ​ទេសចរណ៍​ផងដែរ​។​

​ក្នុង​ដំណើរ​លើកដំបូង​នេះ មហាក្សត្រ Salman បាន​នាំយក​សម្ភារ​ចាំបាច់​ជាច្រើន​ដែលមាន​ទម្ងន់​ដល់​ទៅ​ជាង​៥០០​តោន ក្នង​នោះ​មាន​រថយន្ត Mercedes ២​គ្រឿង និង​ជណ្ដើរយន្ត ២​គ្រឿង​ដែរ​។ លោក Adji Gunawan មកពី​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវអាកាស PT Jasa Angkasa Semesta បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Antara ថា ក្រុមហ៊ុន​របស់លោក​ត្រូវបានចាត់តាំង​ឲ្យ​ទទួលបន្ទុក​ការងារ​ដឹកជញ្ជូន​សម្ភា​រ និង​ឧបករណ៍​ត្រៀម​សម្រាប់​ស្ដេច Salman ដែល​មកដល់​តាំងពី​ថ្ងៃទី​១៨ ខែកុម្ភៈ​។​

​មហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត នឹង​ចំណាយពេល​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៤ នៅ​ខេត្ត ជ្វា​ខាងលិច បន្ទាប់មក​នឹង​បន្តដំណើរ​ទៅកាន់​កោះ​បាលី​រហូតដល់​ថ្ងៃទី​៩ ខែកុម្ភៈ​។ អាកាសយានដ្ឋាន​អន្តរជាតិ Ngurah Rai របស់​កោះ​បាលី នឹង​បិទ​ត្រូវការ​ហោះហើរ និង​ចុះចត​រយៈពេល​យ៉ាងហោចណាស់​៤៥ នាទី សម្រាប់​ការត្រៀម​រៀបចំ​ទទួល​ការមកដល់​របស់​មហា​ក្សត្រ Salman ។​

​ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​ឥណ្ឌូណេស៊ី មហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត នឹង​បន្តដំណើរ​ទៅកាន់​ព្រុយ​ណេ​, ជប៉ុន​, ចិន​, ម៉ា​ល់​ឌី​វ​, និង​គោលដៅ​ចុងក្រោយ​នៅ​ហ្សកដានី មុន​ត្រឡប់​ចូល​ប្រទេស​វិញ​។ ទស្សនកិច្ច​មួយ​ជុំ​អាស៊ី​នេះ ធ្វើឡើង​ខណៈដែល​សេដ្ឋកិច្ច​ប្រទេស​នាំចេញ​ប្រេង​ដ៏​ធំ​នេះ កំពុង​ប្រឈមមុខ​វិបត្តិ​ដោយសារ​ទិន្នផល​ប្រេង​ធ្លាក់ចុះ​៕ 


Tag:
 ឥណ្ឌូណេស៊ី​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  Salman Abdulaziz Al Saud
© រក្សាសិទ្ធិដោយ thmeythmey.com