អន្តរជាតិ
ដូ​ណា​ល់ ត្រាំ ជួប​ទីប្រឹក្សា​រដ្ឋ​ចិន ពិភាក្សា​រឿង​ជំនួប​ប្រធានាធិបតី​អាមេរិក​-​ចិន​
28, Feb 2017 , 2:39 pm        
រូបភាព
​ចាប់តាំងពី​យុទ្ធនា​ការរក​សំឡេងឆ្នោត ដល់​ការ​ឈ្នះឆ្នោត​ប្រធានាធិបតី​របស់លោក ដូ​ណា​ល់់ ត្រាំ ទំនាក់ទំនង​រវាង​មហាអំណាច​អាមេរិក និង​ចិន បាន​ដើរ​លើផ្លូវ​រដាក់រដុប​យ៉ាងខ្លាំង​។ លោក ត្រាំ បាន​រិះគន់​ក្រុង​ប៉េកាំង​ខ្លាំង​តាំងពី​រឿង​ទម្លាក់​ថ្លៃ​ប្រាក់​យ័ន​, នយោបាយ​ចិន​តែមួយ រហូតដល់​រឿង​កូរ៉េខាងជើង​ទៀតផង​។ ប៉ុន្តែ​ចាប់ពី​ការនិយាយ​ទូរ​សព្ទ​រវាង​លោក ត្រាំ និង​ប្រធានាធិបតី ស៊ី ជិន​ពីង នៅ​ដើមខែ​កុម្ភៈ​មក ទំនាក់ទំនង​នេះ​មាន​ភាពប្រសើរ​ជាង​មុន ហើយ​មេដឹកនាំ​ទាំងពីរ​ទំនងជា​ជិត​ជួបគ្នា​ផង​។​



​ទីប្រឹក្សា​រដ្ឋ​ចិន យ៉ាង ជា​ឈី (Yang Jiechi) បាន​ទៅដល់​អាមេរិក​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ដើម្បី​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​ទីនោះ​។ លោក បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​អាមេរិក​ជាច្រើន​នាក់​រួមទាំង​មន្ត្រី​ផ្នែក​សន្តិសុខ ដើម្បី​ពិភាក្សា​លើ​ទំនាក់ទំនង​មហាអំណាច​ពិភពលោក​ទាំងពីរ​។ ទីប្រឹក្សា​រដ្ឋ​ចិន​រូបនេះ ក៏បាន​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​សេត​វិមាន​ក៏ដូចជា​អនុ​ប្រធានាធិបតី Mike Pence ផងដែរ​។​

​លោក យ៉ាង ជា​ឈី ជា​មន្ត្រីជាន់ខ្ពស់​ចិន​ដំបូង​គេ​ដែល​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក​។ មាន​តំណែង​ទីប្រឹក្សា​រដ្ឋ​ទទួលបន្ទុក​កិច្ចការ​ការបរទេស លោក យ៉ាង មាន​ឥទ្ធិពល​ខ្លាំង​ជាង​រដ្ឋមន្ត្រីការបរទេស វ៉ាង យី ទៅទៀត​ក្នុង​ជួរ​រដ្ឋាភិបាល​ចិន​លើ​ការងា​ការទូត​។ ដូច្នេះហើយ​បានជា​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង បញ្ជូន​លោក​ទៅកាន់​អាមេរិក​មុន ដើម្បី​ស្ទាបស្ទង់​រដ្ឋបាល​អាមេរិក​ថ្មី និង​ពិភាក្សា​លើ​លទ្ធភាព​នៃ​ជំនួប​មេដឹកនាំ​ប្រទេស​ទាំងពីរ​។

​មន្ត្រីជាន់ខ្ពស់​រដ្ឋបាល​អាមេរិក និយាយថា ជំនួប​ពិភាក្សា​រវាង​ទីប្រឹក្សា​រដ្ឋ​ចិន និង​មន្ត្រី​អាមេរិក ផ្ដោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ការរៀបចំ​ជំនួប​រវាង​លោក ត្រាំ និង​លោក ស៊ី ។ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ច្បាស់​ពី​កាលបរិច្ឆេទ​នៃ​ជំនួប​លើកដំបូង​នេះ​នៅឡើយ​ទេ ហើយក៏​មិនទាន់​ដឹងថា រដ្ឋធានី​ប៉េកាំង ឬ​រដ្ឋធានី​វ៉ាស៊ីនតោន​ធ្វើ​ម្ចាស់ផ្ទះ​ជំនួប​នេះ​មុន​ដែរ​។

​យោងតាម​សេចក្ដីប្រកាស​របស់​ក្រសួងការបរទេស​ចិន លោក យ៉ាង ជា​ឈី បាន​ប្រាប់​ប្រធានាធិបតី​អាមេរិក​ថា ចិន​មានបំណង​ពង្រឹង​ទំនាក់ទំនង​គ្រប់​កម្រិត​ជាមួយ​អាមេរិក ក៏ដូចជា​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឲ្យ​កាន់តែ​ប្រសើរ​ដែរ​។ យ៉ាងណាក្ដី លោក​ក៏​សង្កត់ធ្ងន់​បែប​បញ្ឆិតបញ្ឆៀង​ថា ភាគី​ទាំងពីរ ក៏​ត្រូវគោរព​ផលប្រយោជន៍​ស្នូល​របស់​គ្នា​ទៅវិញទៅមក ដ្បិត​ទំនាក់ទំនង​ល្អ​រវាង​អាមេរិក និង​ចិន ក៏​ផ្ដល់​ប្រយោជន៍​ដល់​ពិភពលោក​ទាំងមូល​ដែរ​។​

​តាំងពីដើម​មក​នោះ លោក ត្រាំ តែងតែ​រិះគន់​ចិន​មិន​ឈប់​មាត់​ឡើយ​។ លោក​ចោទប្រកាន់ថា ចិន​បាន​ទម្លាក់​ប្រាក់​យ័ន​ដើម្បី​កេងចំណេញ​សេដ្ឋកិច្ច ដែល​លោក ត្រាំ ចាត់ទុកជា​រឿងអ​យុត្តិធម៌ ហើយ​លោក​ក៏បាន រិះគន់​សកម្មភាព​យោធា​របស់​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ព្រមទាំង​ចោទ​ចិន​ថា​មិន​ជួយ​ធ្វើ​អ្វី​សោះ​ដើម្បី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ អ្វី​គួរ​ភ្ញាក់ផ្អើល​នោះ លោក​បែរជា​ចង់​ឲ្យចិន​ធ្វើ​សម្បទាន​សេដ្ឋកិច្ច ជា​ថ្នូរ​នឹង​ការបន្ត​អនុវត្ត​នយោបាយ​ចិន​តែមួយ​ទៅទៀត​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com