អន្តរជាតិ
កូរ៉េខាងត្បូង សន្យា​ព​ន្លឿ​ន​ដំឡើង​ខែល​ការពារ​មី​ស៊ី​ល​ប្រឆាំង​កូរ៉េខាងជើង ខណៈ​ចិន ក្តៅចិត្ត​ផង និង​អន់ចិត្ត​ផង
28, Feb 2017 , 9:59 pm        
រូបភាព
ប្រភពរូបភាព៖ Storify
ប្រភពរូបភាព៖ Storify
ដោយ: ថ្មីៗ
​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៨ កុម្ភៈ​នេះ បាន​ចុះហត្ថលេខា​ផ្លូវការ​ជាមួយនឹង​ក្រុមហ៊ុន Lotte Group ពាក់ព័ន្ធ​នឹង​ទីតាំង និង​ដី​ដើម្បី​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាមេរិក THAAD ប្រឆាំងនឹង​កូរ៉េខាងជើង ដែល​គ្រោង​នឹងធ្វើ​នៅ​ឆ្នាំ​២០១៧​នេះ​។ ផែនការ​នេះ បានធ្វើ​ឲ្យ​ចិន ដែលជា​អ្នកជិតខាង ប្រតិកម្ម​ខ្លាំង ដោយ​ថែមទាំង​ព្រមាន​ចាត់វិធានការ​សមស្រប​វិញ​ផង​។



​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង និង​ក្រុមហ៊ុន Lotte Group បាន​ព្រមព្រៀងគ្នា​ក្នុងការ​ផ្លាស់ប្តូរ​ទីតាំង​ដែលជា​អចលនទ្រព្យ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ដំណើរ​ការដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD នៅក្នុង​ឆ្នាំនេះ​។ ក្រុមហ៊ុន​Lotte បាន​ព្រមព្រៀង​ប្តូរ​ដី​ដែលជា​កន្លែង​វាយកូនគោល ដែលមាន​តម្លៃ​ប្រហែលជា​៧៩​ពាន់​ដុល្លារ​របស់ខ្លួន​នៅក្នុង ស្រុក Seongju ជាមួយ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង ដែលមាន​ដី​ទីតាំងនៅ​ក្រុង​សេ​អ៊ូ​ល​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន Yonhap ។​

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ សេចក្តីថ្លែងការណ៍​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង ក៏បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​យើង នឹង​ព​ន្លឿ​ន​ដំណើរការ​នៃ​ការដំឡើង​ប្រព័ន្ធ​ដំណើរ (THAAD) ឲ្យ​កាន់តែ​ឆាប់​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ធ្វើ​ឲ្យ​ការរស់នៅ​របស់​ប្រជាជន​កូរ៉េខាងត្បូង​កាន់តែ​សុខ​ស្រួល និង​សន្តិសុខ​របស់​កូរ៉េខាងត្បូង​កាន់តែ​ល្អប្រសើរ​ដែល​ប្រឆាំង​ទៅនឹង​ការកើនឡើង​នៃ​ការគំរាមកំហែង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​កូរ៉េខាងជើង​។

​ជុំវិញ​ផែនការ​នេះ ប្រាកដ​ណាស់​ថា ចិន មិន​សប្បាយចិត្ត​ឡើយ​។ អ្នកនាំពាក្យ​ក្រសួង​ការ​បរ​ទស​ចិន លោក Geng Shuang នៅ​ថ្ងៃទី​២៧ កុម្ភៈ បាន​អះអាងថា ប្រទេសមួយ​មិនអាច​ដោយសារតែ​ដើម្បី​ផលប្រយោជន៍​សន្តិសុខ​ខ្លួន ត្រូវ​បំពាន​សន្តិសុខ​អ្នកដទៃ​ឡើយ​។ អ្នកនាំពាក្យ​រូបនេះ បន្ត​យ៉ាង​ដូច្នេះ​ថា ៖«​ជា​រឿង​ដែល​គួរ​សោកស្តាយ​ណាស់ ខណៈ មិន​ខ្វល់​ពី​ផលប្រយោជន៍ និង​ក្តីបារម្ភ​របស់​ចិន កូរ៉េខាងត្បូង ស្នើ​អាមេរិក​ដើម្បី​ព​ន្លឿ​ន​ដំណើរ​នៃ​ការដំឡើង​ខែល​ទៅវិញ​។ ចិន ពិតជា​ជំទាស់​ដាច់ខាត និង​មិន​សប្បាយ​ខ្លាំង​នឹង​នេះ​ផងដែរ​»​។

​មិន​ខុសពី​ពេលមុនៗ​នោះ អ្នកនាំពាក្យ​ដដែល​នោះ ក៏បាន​អះអាង​ដែលថា ចិន នឹង​ចាត់វិធានការ​ចាំបាច់​គ្រ​ប់​បែបយ៉ាង​ដើម្បី​ធានា​សន្តិសុខ​របស់ខ្លួន​តបត​ទៅនឹង​ចំណាត់ការ​ប្រទេស​កូរ៉េខាងត្បូង និង​អាមេរិក​។ ជាងនេះទៅទៀត ក្រុង​ប៉េកាំង ក៏បាន​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​បញ្ឈប់​សកម្មភាព​បង្កហេតុ​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​តានតឹង​។

​សម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំមុន រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បាន​ព្រមព្រៀង​ជា​ផ្លូវការ​ក្នុង​ការដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​នៅក្នុង​ទីក​ដី​កូរ៉េខាងត្បូង​។ ការសម្រេច​ដំឡើង​ប្រព័ន្ធ​ការពារ​ធុន​ធ្ងន់​នេះ ធ្វើឡើង​ក្រោម​ហេតុផល​ដើម្បី​រក្សា​សុវត្ថិភាព និង​សន្តិសុខ​ពី​ការវាយប្រហារ​ពី​កូរ៉េខាងជើង ដ្បិត ក្រុង​ព្យុងយ៉ាង តែងតែ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​សព្វាវុធ​ទំនើបៗ ដែល​កូរ៉េខាងត្បូង ធា្ល​ប់​អះអាងថា ខ្លួន​គ្មាន​សមត្ថភាព​ដើម្បី​តបត​វិញ​ឡើយ ប្រសិន គ្មាន​ជំនួយ​ពី​អាមេរិក​នោះ​៕


Tag:
 កូរ៉េខាងត្បូង​
  ចិន​
  THAAD
© រក្សាសិទ្ធិដោយ thmeythmey.com