ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​សមាជ​វិសាមញ្ញ ដើម្បី​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​ថ្មី​
02, Mar 2017 , 8:22 am        
រូបភាព
ភ្នំពេញ៖ គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​រៀបចំ​សមាជ​វិសាមញ្ញ នៅ​ទីស្នាក់ការ​កណ្តាល នាពេល​ព្រឹក ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២១០៧​នេះ ដើម្បី​ជ្រើសរើស​ប្រធាន​ថ្មី ជំនួស ឯកឧត្តម សម រង្ស៊ី ដែល​ទើបតែ​លាលែង​ពី​តំណែង​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​។ បេក្ខជន ដែល​ឈរឈ្មោះ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មានតែ​ឯកឧត្តម កឹម សុខា តែ​ម្នាក់​ប៉ុណ្ណោះ​។




​ដោយឡែក សមាសភាព​ថ្មី​នៃ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​រហូតដល់​ទៅ​បី​តំណែង ឯណោះ​។ បេក្ខជន ដែល​ឈរឈ្មោះ​សម្រាប់​តំណែង​ជា​អនុប្រធាន​ទាំងបី រួមមាន លោកស្រី មូរ សុខ​ហួរ លោក ប៉ុល ហំ​ម និង​លោក អេង ឆៃអ៊ាង​។

​ពីមុន គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ មានតែ​ប្រធាន​មួយរូប និង​អនុប្រធាន​មួយរូប ប៉ុណ្ណោះ​។ ប៉ុន្តែ ប្រសិនបើ​អង្គសមាជ​វិសាមញ្ញ បោះឆ្នោត​គាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ នឹងមាន​ប្រធាន​មួយរូប និង​អនុប្រធាន​បី​រូប​។

​ក្រៅពី​ជ្រើសរើស​ប្រធាន​និង​អនុប្រធាន របៀបវារៈ​មួយចំនួនទៀត ក៏ត្រូវ​បានដាក់​ចូលក្នុង​អង្គសមាជ​វិសាមញ្ញ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ផងដែរ​។ របៀបវារៈ​ទាំងនោះ រួមមាន ការធ្វើ​សោធនកម្ម​លើ​ចំណុច​មួយចំនួន នៃ​លក្ខន្តិក​គណបក្ស និង​ការអបអរសាទរ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ព្រមទាំង ការអនុម័ត​លើ​គោលនយោបាយ​អាទិភាព ប្រាំ​ចំណុច សម្រាប់​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​៕


Tag:
 CNRP
  សមាជ
© រក្សាសិទ្ធិដោយ thmeythmey.com