ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា៖«រឿងធំបំផុត គឺបញ្ហារបស់ពលរដ្ឋ មិនមែនការដណ្តើមអំណាចគ្នាទេ»
02, Mar 2017 , 10:15 pm        
រូបភាព
ភ្នំពេញ៖ ក្រោយទទួលតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ ជំនួសឯកឧត្តម សម រង្ស៊ី ឯកឧត្តម កឹម សុខា ក៏ប្រកាសថា អំណាច មិនមែនជារឿងសំខាន់ ដែលខ្លួន ឬមួយក៏ថ្នាក់ដឹកនាំផ្សេងទៀត ត្រូវយកចិត្តទុកដាក់ ឬទាស់ទែងគ្នាឡើយ។ ផ្ទុយទៅវិញ ឯកឧត្តម កឹម សុខា បាននិយាយថា បញ្ហារបស់ប្រជាពលរដ្ឋឯណោះទេ គឺជារឿងសំខាន់ ដែលគណបក្សសង្គ្រោះជាតិ ត្រូវគិតគូរនិងដោះស្រាយ។




អ្វីដែលឯកឧត្តម កឹម សុខា បានរៀបរាប់ច្រើននៅក្នុងអង្គសមាជវិសាមញ្ញនាថ្ងៃព្រហស្បតិ៍នេះ គឺពាក់ព័ន្ធនឹងបញ្ហារបស់ប្រជាពលរដ្ឋ និងគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នាពេលខាងមុខ។ បើតាមការៀបរាប់របស់ប្រធានថ្មីនៃបក្សប្រឆាំងរូបនេះ បញ្ហាដែលប្រជាពលរដ្ឋ កំពុងជួបប្រទះ ហើយអ្នកនយោបាយគួរតែយកចិត្តទុកក្នុងការដោះស្រាយនោះ មានដូចជា ភាពក្រីក្រ ការរំលោភដីធ្លី ដោយអ្នកមានលុយ មានអំណាច និងការរីករាលដាលនៃការជួញដូរគ្រឿងញៀន ជាដើម។

ឯកឧត្តម កឹម សុខា បានបញ្ជាក់ដូច្នេះថា៖«បញ្ហាដែលជាងធំគេ មិនមែនជាបញ្ហាដណ្តើមអំណាចគ្នាទេ គឺបញ្ហាជីវភាពប្រជាពលរដ្ឋ ដែលលំបាកវេទនា។ នេះហើយជាការគិតគូររបស់គណបក្សសង្គ្រោះជាតិ។ មិនមែនបញ្ហាអ្នកនេះ(មានតួនាទី)ស្អី ឬអ្នកនោះ (មានតួនាទី) ស្អីទេ។  ហើយក៏មិនមែនបក្សនេះ បក្សនោះ ដែរ។ ជីវភាពប្រជាពលរដ្ឋហ្នឹងហើយ គឺជាបញ្ហាសំខាន់។ ប្រជាពលរដ្ឋ មានបញ្ហាច្រើនណាស់ បងប្អូន»។

នៅក្នុងអង្គសមាជវិសាមញ្ញ ឯកឧត្តម កឹម សុខា មិនបាននិយាយអ្វីច្រើន ទាក់ទងនឹងតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ ដែលខ្លួនទើបតែទទួលបាន ឡើយ។ សារនយោបាយរបស់ឯកឧត្តម កឹម សុខា ខាងលើ ហាក់ចង់បង្ហាញថា គណបក្សសង្គ្រោះជាតិ ត្រូវគិតគូរពីបញ្ហារបស់ប្រជាពលរដ្ឋជាធំ ដោយមិនត្រូវឈ្លោះគ្នា ព្រោះតែអំណាចនោះទេ។

សូមបញ្ជាក់ថា ឯកឧត្តម កឹម សុខា ត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានថ្មីនៃគណបក្សសង្គ្រោះជាតិ នៅក្នុងអង្គសមាជវិសាមញ្ញ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ។ ចំណែកឯ លោកស្រី មូរ សុខហួរ លោក ប៉ុល ហំម និងលោក អេង ឆៃអ៊ាង ត្រូវបានជ្រើសរើសឲ្យធ្វើជាអនុប្រធាន។ ការប្រារព្ធសមាជវិសាមញ្ញ ដើម្បីរៀបចំរចនាសម្ព័ន្ធនៃថ្នាក់ដឹកនាំថ្មីនេះ គឺធ្វើឡើងក្រោយឯកឧត្តម សម រង្ស៊ី លាលែងពីប្រធានគណបក្សសង្គ្រោះជាតិ កាលពីប៉ុន្មានសប្តាហ៍មុន៕



Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com