អន្តរជាតិ
បេក្ខជន​ប្រធានាធិបតី​បារាំង Le Pen អស់​អភ័យឯកសិទ្ធិ និង​អាច​ជាប់គុក ខណៈ​ការបោះឆ្នោត​ជិត​មកដល់​
03, Mar 2017 , 8:19 pm        
រូបភាព
​ខណៈដែល​កាលបរិច្ឆេទ​បោះឆ្នោត​ជុំ​ទី​១ កាន់តែ​ជិត​មកដល់ ស្ថានការណ៍​នយោបាយ​នៅក្នុង​ប្រទេស​បារាំង កាន់តែ​ក្ដៅគគុក​ឡើង ដោយ​បេក្ខជន​ប្រធានាធិបតី​សំខាន់ៗ កំពុង​រុំ​ព័ទ្ធ​ដោយ​រឿងអាស្រូវ​មិនចេះចប់​។ បេក្ខជន​អភិរក្សនិយម Francois Fillon នឹងត្រូវ​ឡើង​តុលាការ​ជុំវិញ​សំណុំរឿង​ជួល​ប្រពន្ធ​ខ្លួនឯង​ធ្វើ​ជំនួយការ​។ ឯ​បេក្ខជន​ស្ដាំនិយម​ជ្រុល Marine Le Pen ក៏​ប្រឈមមុខ​ការជាប់​ពន្ធនាគា​រ ក្រោយ​អស់​អភ័យឯកសិទ្ធិ​នៅ​សភា​អឺរ៉ុប ដោយសារ​បង្ហោះ​រូប​ហិង្សា​លើ Twitter កាលពី​ជាង​២​ឆ្នាំមុន​។​



​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​បារាំង​ជុំ​ទី​១ នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃទី​២៣ មេសា​ខាងមុខ ហើយ​ការបោះឆ្នោត​ជុំ​ទី​២ គ្រោង​ធ្វើ​នៅ​ខែឧសភា ក្នុងករណី​គ្មាន​បេក្ខជន​ឈ្នះ​សំឡេង​គ្រប់គ្រាន់​ក្នុង​ជុំ​ទី​១ ទេនោះ​។ ប៉ុន្តែ​យុទ្ធនាការ​របស់​បេក្ខជន​នីមួយៗ មិនបាន​ប្រព្រឹត្តទៅ​រលូន​ឡើយ ដោយ​បេក្ខជន​សំខាន់ៗ​មួយចំនួន កំពុង​រងគ្រោះ​ដោយសារ​រឿងអាស្រូវ​ផ្ទួនៗ តាម​យារ​យី​ដែល​អាច​ប៉ះពាល់​ប្រជាប្រិយភាព​របស់​ពួកគេ​។

១. សភា​អឺរ៉ុប​ដក​អភ័យឯកសិទ្ធិ​លោកស្រី Marine Le Pen
​សមាជិកសភា​អឺរ៉ុប បាន​បោះឆ្នោត​ដោយ​សំឡេង​លើសលប់​ដើម្បី​ដក​អភ័យឯកសិទ្ធិ​បេក្ខជន​ប្រធានាធិបតី​ស្ដាំនិយម​ជ្រុល Marine Le Pen ជុំវិញ​ករណី​លោកស្រី​បង្ហោះ​រូបភាព​សម្លាប់​មនុស្សរ​បស់​ក្រុម​រដ្ឋ​ឥស្លាម​កាលពី​ឆ្នាំ​២០១៥ ។ ការ​បង្ហោះ​រូប​ដែលមាន​លក្ខណៈ​ហិង្សា​តាម​បណ្ដាញ​សង្គម Twitter ធ្វើ​ឲ្យ​លោកស្រី Le Pen ប្រឈម​មុខការ​ជាប់ពន្ធ​នាគារ​រយៈពេល​៣​ឆ្នាំ និង​ត្រូវ​បង់ប្រាក់​ដល់​ទៅ​៧៥០០០​អឺរ៉ូ​។

​រឿងរ៉ាវ​ដែល​កន្លង​ហួស​ជាង​២​ឆ្នាំ​ទៅហើយ ក៏​ស្រាប់តែ​លេចឡើង​ជាថ្មី ចំ​ពេលដែល​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង ក៏​ខិតជិត​ដល់​ដែរ​។ ក្រោយ​ការដក​អភ័យ​ឯក​សិទ្ធ​នេះ តុលាការ​បារាំង នឹង​ចាប់ផ្ដើម​ដំណើរការ​កាត់ទោស​លោក​ស្រី Le Pen ទៀត ហើយ​រយៈពេល​នៃ​សំណុំរឿង​អាចធ្វើ​ឡើងដល់​ទៅ​លើស​១​ឆ្នាំ រួមទាំង​ពេល​ប្ដឹង​ឧទ្ធរណ៍​ផង​នោះ​។ ដំណើរការ​ក្ដី​នេះ មិនអាច​រារាំង​យុទ្ធនាការ​បោះឆ្នោត​របស់​លោកស្រី Le Pen ឡើយ ប៉ុន្តែ​អាច​ប៉ះពាល់​មុខមាត់​លោកស្រី​បាន​។

​លោកស្រី Le Pen ដែលជា​សមាជិកសភា​អឺរ៉ុប និង​សមាជិក​បក្ស​រណសិរ្ស​ជាតិ​ស្ដាំនិយម​ជ្រុល បាន​ហៅ​ការសម្រេចចិត្ត​របស់​ស​ភា​អឺរ៉ុប ជា​រឿង​នយោបាយ​សំដៅ​បង្អាក់​យុទ្ធនាការ​របស់លោក​ស្រី​។ អនុប្រធាន​បក្ស​រណសិរ្ស​ជាតិ បាន​និយាយ​ការពារ​ការ​បង្ហោះ​រូប​បង្ហាញ​ពី​ការសម្លាប់​មនុស្ស​របស់​ក្រុម​រដ្ឋ​ឥស្លាម​។ លោក​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា​៖ «​ការបង្ហាញ​រូបភាព​គួរ​ឲ្យ​រន្ធត់​របស់​ឥស្លាម​និយម ជួយ​យើង​ប្រយុទ្ធប្រឆាំង​សកម្ម​ភា​ព្រៃផ្សៃ​របស់​ក្រុម​ជ្រុលនិយម​ទៅវិញ​ទេ​»​។​

​ជា​អ្នកនយោបាយ​ប្រឆាំង​អឺរ៉ុប គាំទ្រ​ជាតិនិយម និង​ការ​គាំពារ​និយម លោកស្រី Le Pen ជា​បេក្ខជន​នាំមុខគេ​មួយ​ក្នុងចំណោម​បេក្ខជន​ដទៃទៀត​។ លោកស្រី ត្រូវបាន​ចាត់ទុកជា ដូ​ណា​ល់ ត្រាំ របស់​បារាំង ព្រោះ​មាន​និ​ន្ន​ការ និង​គោលនយោបាយ​ស្រដៀង​គ្នា​ខ្លាំង ជាពិសេស​គំនិត​ប្រឆាំង​ជនអន្តោប្រវេសន៍ និង​សកលភាវូបនីយកម្ម​ពិភពលោក​តែម្ដង​។​

២. សំណុំរឿង​ឲ្យ​លុយ​ប្រពន្ធ​ធ្វើ​ជំនួយការ នៅតែ​យាយី​លោក Francois Filllon
​ក្រៅពី​លោកស្រី Le Pen លោក Francois Fillon ក៏មាន​រឿង​ព័ទ្ធ​ជុំជិត​ដែរ​។ សំណុំរឿង​យកប្រពន្ធ​ធ្វើ​លេខា និង​ផ្ដល់​ប្រាក់ខែ​យ៉ាងច្រើន ក៏​កំពុងតែ​ធ្វើ​ឲ្យ​បេក្ខជន​អភិរក្ស​រូបនេះ ឈឺក្បាល​មិនតិច​ដែរ​។ រដ្ឋអាជ្ញា​បារាំង បាន​ចូល​ឆែកឆេរ​ផ្ទះ​លោក Fillon ក្នុង​ក្រុងប៉ារីស ដើម្បី​ស្វែងរក​ភស្តុតាង​ក្នុងការ​ស៊ើបអង្កេត​បង្កើត​ការងារ​ក្លែងក្លាយ​សម្រាប់​ប្រពន្ធ កាលពី​លោក​នៅ​ធ្វើជា​សមាជិកសភា​។ ប៉ុន្តែ​លោក ក៏បាន​ទាត់ចោល​ការចោទប្រកាន់​នេះ និង​នៅតែ​ជម្នះ​បន្ត​យុទ្ធនា​ការបោះឆ្នោត​ប្រធានាធិបតី​ដដែល​។​

​តាមពិតទៅ លោក Fillon ដែល​ធ្លាប់ជា​អតីត​នាយករដ្ឋមន្ត្រី​បារាំង ក៏​ឈរលើ​លេខ​រៀង​ខ្ពស់​សម្រាប់​តំណែង​ប្រធានាធិបតី​។ យ៉ាងណាមិញ ប្រជាប្រិយភាព​របស់លោក បាន​ធ្លាក់ចុះ​យ៉ាងគំហុក ក្រោយ​លេច​ធ្លាយ​រឿងអាស្រូវ​នេះ​។ រឿងអាស្រូវ​នេះ មិនបាន​ធ្វើ​ឲ្យ​លោក​រារែក​អ្វី​ឡើយ ហើយ​លោក​នឹង​នៅតែ​បន្ត​ឈរ​ជា​បេក្ខភាព​ប្រធានាធិបតី​បន្តទៀត បើទោះជា​មាន​សម្ពាធ​ទាំងពី​ផ្ទៃក្នុង​បក្ស និង​ប្រជាជន​ឲ្យ​លោក​បោះបង់​ក្ដី​។​

​បើតាម​សារព័ត៌មាន BBC លោក Fillon នឹង​ចូល​បង្ហាញខ្លួន​ចំពោះមុខ​តុលាការ​ម្ដងទៀត​នៅ​ថ្ងៃទី​១៣ ខែ​មិនា ដើម្បី​ស្ដាប់​ដំណើរការ​ក្ដី​នេះ​។ ការចូល​ខ្លួន​លើក​នេះ ធ្វើឡើង​តែ​២​ថ្ងៃ​ប៉ុណ្ណោះ មុន​ថ្ងៃ​កំណត់​ដែល​គ្រប់​បេក្ខជន​ទាំងអស់ ត្រូវដាក់​ពាក្យ​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​។ លោក Fillon ចាត់ទុក​ខ្លួន​លោក ជា​ជន​ជ​រងគ្រោះ​នៃ​ការធ្វើឃាត​នយោបាយ តែ​លោក​មិន​ចុះចាញ់​ឡើយ​។​

​យ៉ាងណាក្ដី សមាជិក​ជាន់ខ្ពស់​រប​ស់​ក្រុម​អភិរក្សនិយម​ជាច្រើន មិនសូវ​សប្បាយ​ចិត្តនឹង​ការសម្រេចចិត្ត​របស់លោក Flillon ឡើយ ព្រោះ​វត្តមាន​របស់លោក​ក្នុងនាម​ជា​បេក្ខជន​តំណាង​ឲ្យ​ក្រុម​អភិរក្ស ទំនងជា​មិន​ទទួលជោគជ័យ​ទេ​។ គេ​ឃើញ​មានការ​ពិភាក្សា​ជាច្រើន​នៅក្នុង​ផ្ទៃក្នុង​គណបក្ស​នេះ ហើយ​សមាជិក​សំខាន់ៗ​ខ្លះ ងាក​ទៅ​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី Alain Juppe វិញ​។ លោក Juppe បាន​ចាញ់​លោក Fillon ក្នុងការ​បោះឆ្នោត​ផ្ទៃក្នុង​បក្ស​ដើម្បី​ជ្រើសរើស​បេក្ខជន​ដំបូង​។​

​ជាមួយនឹង​ការបន្ត​ជម្នះ​ទៅមុខ​មិន​រួញរា​នេះ គេ​មិនដឹង​ច្បាស់​ថា លោក Fillon អាច​ឆ្លង​ផុត​ការបោះឆ្នោត​ជុំ​ទី​១ ឬ​យ៉ាងណាដែរ ព្រោះ​កាលពី​មិនទាន់​ផ្ទុះ​រឿងអាស្រូវ លោក​ស្ថិតនៅ​លំដាប់​ទី​៣ នៃ​ការស្ទង់មតិ​។ អ្នកនយោបាយ​ស្ដាំនិយម​ជ្រុល Le Pen និង​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Emmanuel Macron ទំនងជា​បេក្ខជន​២​នាក់​ចុងក្រោយ ដែល​ត្រូវ​ប្រជែង​កៅអី​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​ជុំ​ទី​២ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៧ ខែឧសភា​៕


Tag:
 ​អឺរ៉ុប​
  បារាំង​
  Marine Le Pen
  Francois Fillon
© រក្សាសិទ្ធិដោយ thmeythmey.com