អន្តរជាតិ
ជាប់គុក​បានសម្រេច ដែល​នេះ​ជាការ​ប៉ងប្រាថ្នា​ចុងក្រោយ​របស់​ស្ត្រី​ហូ​ឡង់​វ័យ​៩៩​ឆ្នាំ​ម្នាក់​
05, Mar 2017 , 8:30 pm        
រូបភាព
ដោយ: ធីតា
 
 
​ស្ត្រី​ចំណាស់​ជនជាតិ​ហូ​ឡង់​អាយុ​៩៩​ឆ្នាំ ឈ្មោះ Annie បំពេញ​ក្តី​សុ​បិ​ន្ត​ចុងក្រោយ​របស់ខ្លួន​បាន​ដោយ​ជោគជ័យ​។ ក្តី​សុ​បិ​ន្ត​នោះ គឺ​លោកយាយ​ចង់​ឲ្យ​គេ​ឃាត់ខ្លួន និង​ឃុំ​ជា​បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ ពោលគឺ​គាត់​ចង់​ភ្លក់​គ្រប់​រសជាតិ​ក្នុង​ជីវិត​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត The Independent​។​

​លោកយាយ​ជនជាតិ​ហូ​ឡង់​វ័យ​៩៩​ឆ្នាំ រីករាយ​ជាទីបំផុត​សម្រាប់​ជីវិតចុងក្រោយ​របស់ខ្លួន​។ គាត់​បានធ្វើ​តារាងបញ្ជី​ដ៏​វែង​ទាក់ទង​នឹង​សកម្មភាព​ដែល​គាត់​ធ្វើ​ក្នុង​ជីវិត​។ តាមរយៈ​រូបថត​ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ការិយាល័យ​ប៉ូលិស Nijmegen-Zuid នៃ​ប្រទេស​ហូ​ឡង់ លោកយាយ Annie ជាប់​ខ្នោះ​ទាំងមុខ​ញញឹម​។​
 
​តាមពិតទៅ នេះ​ជា​គម្រោង​ការដែល​រៀបចំ​ដោយ​ក្មួយ​ស្រី​ម្នាក់​របស់​លោកយាយ Annie​។ ក្មួយ​ស្រី​រូបនោះ បាន​អះអាងថា គាត់​បាន​សហការ​ជាមួយ​ប៉ូលិស​ដើម្បី​ចាប់​លោកយាយ Annie បើទោះបីជា​គាត់​មិនបាន​ប្រព្រឹត្ត​អ្វី​ខុស​ក៏ដោយ តែ​វា​ជាការ​សម្រេច​ក្តី​សុ​បិ​ន្ត​ជូន​គាត់​។​
 
 
​លោកយាយ Annie ត្រូវបញ្ជូន​ទៅកាន់​ពន្ធ​នាគារ​ក្នុង​ក្រុង Nijmengen Zuid ជាយ​រាជធានី​អាំ​ស្ទែរ​ដាម នៃ​ប្រទេស​ហូ​ឡង់​។ លោក Peter Smit ដែល​អ្នកនាំពាក្យ​ការិយាល័យ​ប៉ូលិស Nijmegen-Zuid បាន​បញ្ជាក់ថា លោកយាយ​បាន​ជាប់ឃុំ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។ លោក​បាន​អះអាងថា ការិយាល័យ​របស់​មិនដែល​ធ្វើបែបនេះ​ឡើយ តែ​នេះ​ជា​ករណី​ពិសេស ដើម្បី​បំពេញ​ក្តី​សុ​បិ​ន្ត​ឲ្យ​មនុស្ស​ចាស់​ម្នាក់​។​
 
​លោក Smit បាន​បន្ថែម​ប្រាប់ The Independent ថា ក្នុង​ឆាកជីវិត គាត់​មិនដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ណាមួយ​ឡើយ ដូច្នេះ​ការចង់​ក្លាយខ្លួនជា​អ្នកទោស គឺជា​បទពិសោធន៍​មួយ​ដែល​អ្នកស្រី Annie ចង់បាន មុននឹង​គាត់​លាចាក​លោក​។​
 
​លោកយាយ Annie មិនមែនជា​មនុស្ស​ទីមួយ​នោះឡើយ ដែល​ចង់បាន​បទពិសោធន៍​ជាប់ពន្ធនាគារ​។ កាលពី​ខែកញ្ញា​កន្លងមក ស្ត្រី​អាមេរិក​ឈ្មោះ Edie Simms វ័យ​១០២​ឆ្នាំ ក៏បាន​សម្រេច​ក្តី​សុ​បិ​ន្ត​របស់ខ្លួន គឺ​ការ​ស្គាល់​រសជាតិ​ជាប់ពន្ធនាគារ​មុនពេល​លា​ចោ​កលោក​ផងដែរ​៕
 
 
 



Tag:
 ប្លែកៗ​
  ហូ​ឡង់
© រក្សាសិទ្ធិដោយ thmeythmey.com