ជាតិ
សេដ្ឋកិច្ច
ក្រសួងទេសចរណ៍​លើកលែង​ពិន័យ​ចំពោះ​អាជីវកម្ម​ទេសចរណ៍​ដែល​សុំ​អាជ្ញា​បណ្ណ​មុន​ដាច់​ខែឧសភា​
05, Mar 2017 , 5:59 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ អាជីវកម្ម​ទេសចរណ៍​ដែល​មិនមាន​អាជ្ញា​បណ្ណ ឬ​ខកខាន​ដាក់ពាក្យ​សុំ​បន្ត​អាជ្ញា​បណ្ណ ត្រូវ​មក​ដាក់​ពាក្យសុំ​អាជ្ញា​បណ្ណ​ឲ្យ​បាន​មុន​ដាច់​ខែឧសភា​ឆ្នាំនេះ ដើម្បី​រួច​ការពិន័យ​អន្តរការណ៍​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​២១​ខែកុម្ភៈ​។​


​សេចក្ដីជូនដំណឹង​ដដែល​នេះ​បញ្ជាក់ថា ការប្រកប​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ ត្រូវតែមាន​អាជ្ញា​បណ្ណ​ដែល​ចេញ​ដោយ​ក្រសួងទេសចរណ៍ ឬ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ អាជីវកម្ម​ទេសចរណ៍​ដែល​គ្មាន​អាជ្ញា​បណ្ណ ម្ចាស់​ឬ​ប្រតិបត្តិ​ករ​ទេសចរណ៍​ត្រូវ​ទទួលខុស​ត្រូ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។ មាន​ត្រា​៦៥​នៃ​ច្បាប់​ស្ដីពី​ទេសចរណ៍​ចែងថា​«​បុគ្គល​ណា​ដែល​ប្រកប​អាជីវកម្ម​គ្មាន​អាជ្ញា​បណ្ណ​ទេសចរណ៍ ត្រូវ​ពិន័យ​អន្តរការណ៍​ពី ២​លាន​រៀល​ទៅ ២០​លាន​រៀល​»​។​
 
​ក្រសួងទេសចរណ៍​បាន​ណែនាំ​ដល់​ប្រតិបត្តិ​ករ​ដែល​ពុំទាន់​មាន​អាជ្ញា​បណ្ណ​ទេសចរណ៍ ត្រូវ​រួសរាន់​មក​ដាក់​ពាក្យសុំ​អាជ្ញា​បណ្ណ​ពី​ក្រសួងទេសចរណ៍ ឬ​មន្ទីរ​ទេសចរណ៍ តាមរយៈ​ការដាក់​ពាក្យសុំ​ដោយផ្ទាល់ ឬ​តាម​អន​ឡាញ www.cambodiatourismindustry.org ។​សម្រាប់​ព័ត៌មាន​បន្ថែម​អាចទាក់ទង​តាមរយៈ​លេខ​ទូរ​សព្ទ ០២៣ ៥៣១០៩៩៩ ។​
 
​អាជីវកម្ម​ទេសចរណ៍ រួមមាន​៖ ទីភ្នាក់ងារ​ទេសចរណ៍​និង​ម​គ្គុ​ទេសចរណ៍ សណ្ឋាគារ​និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ ស្ប៉ា​-​ម៉ាស្សា​សុខភាព សេវា​កម្សាន្ត​ទេសចរណ៍ កីឡា​ទេសចរណ៍ ភោជនីយដ្ឋាន​និង​អាហា​រដ្ឋា​ន​ទេសចរណ៍ ដឹកជញ្ជូន​ទេសចរណ៍ និង​រមណីយដ្ឋាន​ទេសចរណ៍​។​
 
​កាលពី​ខែមករា​ឆ្នាំនេះ ក្រសួងទេសចរណ៍​បានប្រកាស​ពី​ការប្ដេជ្ញា​របស់ខ្លួន​ដើម្បី​បញ្ចប់​អាជីវកម្ម​ទេសចរណ៍​គ្មាន​អាជ្ញា​បណ្ណ​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០១៨ ដោយ​បើក​យុទ្ធនាការ​«​គ្មាន​ទៀត​ទេ​អាជីវកម្ម​ទេសចរណ៍​គ្មាន​អាជ្ញា​បណ្ណ​»៕
 

Tag:
 ទេសចរណ៍​
  អាជ្ញា​បណ្ណ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com