អត្ថបទពាណិជ្ជកម្ម
ការផ្លាស់ប្តូរ​បទពិសោធ​ន៍ និង​ទទួលយក​ចំណេះដឹង​ថ្មីៗ បាន​ក្លាយជា​គោលដៅ​មួយ​របស់​​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​
06, Mar 2017 , 9:13 am        
រូបភាព
ការផ្លាស់ប្តូរ​បទពិសោធ​ន៍ និង​ទទួលយក​ចំណេះដឹង​ថ្មីៗ បាន​ក្លាយជា​គោលដៅ​មួយ​ដែល​គណៈ​គ្រប់គ្រង​របស់​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ចាត់ទុកជា​អទិភាព​ចំបង​ដែល​យើង​នឹង​ផ្តល់​ឲ្យ​និស្សិត​ទទួលបាន​ឱកាស​នេះ​គ្រប់ៗ​គ្នា​។

ការបញ្ជូន​និស្សិត​ចុះ​កម្មសិក្សា​នៅក្រៅ​ប្រទេស​មាន​គោលបំណង ដើម្បី​ឲ្យ​និស្សិត ទទួលបាន​ឱកាស​ក្រេប​យកចំណេះ​ដឹង ជំនាញ និង​បទពិសោធន៍​ថ្មីៗ​បន្ថែមទៀត​ពី​បណ្តា​ប្រទេស​ដែលមាន​ស្តង់ដា​អប់រំ​ខ្ពស់​លើ​វិស័យ​ព័ត៌មានវិទ្យា និង​វិស័យ​សុខាភិបាល ដើម្បី​ឲ្យ​និស្សិត​អាច​អភិវឌ្ឍ សមត្ថភាព​របស់ខ្លួន ប្រកបដោយ​គុណភាព និង​ជំនាញ​ពិតប្រាកដ និង​ចូលរួម​អភិវឌ្ឍ​វិស័យ​ទាំងពីរ​នៅ​កម្ពុជា ឲ្យ​មានការ​រីកចម្រើន​មួយកម្រិត​ថែមទៀត ព្រមទាំង​ជាការ​ចូលរួម​កសាង​ទំនុកចិត្ត​ប្រជាពលរដ្ឋ​កម្ពុជា​លើ​គុណភាព​វិស័យ​សុខាភិបាល​នាពេល​អនាគត ជៀសវាង​ការ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ក្នុងការ​ស្វែងរក​សេវា​ព្យាបាល​ជំងឺ​។



ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៧ និស្សិត​ផ្នែក​ព័ត៌មានវិទ្យា ១​នាក់ ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​រយៈពេល ១​ឆមាស នៅ​សាកលវិទ្យាល័យ KOREATECH សាធារណៈរដ្ឋ​កូរ៉េ​។

គួរ​បញ្ចាក់​ផងដែរ​នេះ​ជា​លើក​ទី​២ ហើយ​ដែល​និស្សិត​ផ្នែក​ព័ត៌មានវិទ្យា​យើង​ទទួលបាន​ឱកាស​ក្នុងការ​ផ្លាស់ប្តូរ​កម្មសិក្សា​ទៅ​សាកលវិទ្យាល័យ KOREATECH ដោយ​ក្នុង​ឆ្នាំ ២០១៦ និស្សិត​ផ្នែក​ព័ត៌មានវិទ្យា​ចំនួន​២​នាក់​បានទទួល​អាហារូបករណ៍​នេះ​ផងដែរ​។​



​ដោយឡែក​នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៧​នេះ សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ក៏បាន​រៀបចំ​បញ្ជូន​និស្សិត​ផ្នែក  វេជ្ជសាស្ត្រ​ចំនួន ១០​នាក់ ឲ្យ​ចុះ​កម្មសិក្សា​នៅ សាកលវិទ្យាល័យ Khon Kaen ព្រះរាជាណាចក្រ​ថៃ រយៈពេល ០៣ សប្តាហ៍​។

នេះ​ជា​លើក​ទី​បី ហើយ ដែល​និស្សិត​ផ្នែក វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​បាន​ចុះ​កម្មសិក្សា នៅ​សាកលវិទ្យាល័យ Khon Kaen គួរ​បញ្ចាក់​ផងដែរ​ថា​ក្នុង​ឆ្នាំ​សិក្សា ២០១៥-២០១៦ សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​បាន​បញ្ជូន និស្សិត​វេជ្ជសាស្ត្រ​ចំនួន ៥៥​នាក់ ចុះ​កម្មសិក្សា​នៅក្រៅ​ប្រទេស ក្នុងនោះ​នៅ​ប្រទេស កូរ៉េ Ajou University (២​នាក់​) សិង្ហបូរី National University of Singapore (១​នាក់​) ម៉ាឡេស៊ី University of Malaya (៥​នាក់​) និង​ថៃ រួមមាន សាកលវិទ្យាល័យ Khon Kaen (៣៣​នាក់​) សាកលវិទ្យាល័យ Chiang Mai (៦​នាក់​) សាកលវិទ្យាល័យ Mahidol (៨​នាក់​)​។



រៀងរាល់​ដំណើរ​ចុះ​កម្មសិក្សា​របស់​និស្សិត គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​តែងតែ​ជួប​សំណេះសំណាល​ផ្ទាល់​ជាមួយ​និស្សិត ដោយបាន​ផ្តល់​ដំបូន្មាន មតិ​ណែនាំ និង​ចែករំលែក​នូវ​បទពិសោធន៍​ល្អៗ​ស្តីពី​ការសិក្សា​នៅក្រៅ​ប្រទេស ដល់​និស្សិត​ទាំងអស់​ផងដែរ​។​

​ដូចដែល​បានបញ្ជាក់​ជូន​ខាងលើ សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​បាន​នឹង កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ពង្រីក និង​ពង្រឹង កិច្ចសហប្រតិបត្តិការ ជាមួយ​ដៃគូ​ជាតិ និង​អន្តរជាតិ​បន្ថែមទៀត ដើម្បី​ឲ្យ​និស្សិត​ពុទ្ធិ​សាស្ត្រ មានលទ្ធភាព​កាន់តែច្រើន ក្នុង​ការចុះ​កម្មសិក្សា កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍​ផ្សេងៗ និង​អាហារូបករណ៍​ផ្សេងៗ​នៅ​បរទេស​សម្រាប់ ពង្រឹងសមត្ថភាព បទពិសោធន៍ និង​អាជីព​របស់ខ្លួន​កាន់តែ​ប្រសើរឡើង និង​ប្រកបដោយ​គុណភាព​ខ្ពស់​នាពេល​អនាគត​៕











​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com