អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទីក ៤គ្រាប់ ផ្គើនសមយុទ្ធអាមេរិក-កូរ៉េខាងត្បូង
× កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកដល់ទៅ៤គ្រាប់នៅព្រឹកថ្ងៃទី៦ ខែមីនា នេះ ដែលទំនងជាការឆ្លើយតបនឹងសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង ដែលកំពុងធ្វើឡើងដែរនោះ។ ក្នុងចំណោមមីស៊ីលទាំង៤គ្រាប់ មានន៣គ្រាប់បានធ្លាក់ចូលតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន ដែលមានចម្ងាយប្រមាណ៣០០គីឡូម៉ែត្រពីដីគោកជប៉ុន។ ទាំងជប៉ុន និងកូរ៉េខាងត្បូង សុទ្ធតែបង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់ក្រោយការបាញ់នេះ បើទោះជាគេមិនទាន់ដឹងប្រភេទនៃមីស៊ីលទេនោះ។
យោធាកូរ៉េខាងត្បូង និងរដ្ឋាភិបាលក្រុងតូក្យូ បានប្រកាសថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកចំនួន៤គ្រាប់ តម្រង់គោលដៅសមុទ្រខាងកើត។ យោធាកូរ៉េខាងត្បូង និយាយថា មីស៊ីលទាំង៤គ្រាប់ ត្រូវបានបាញ់ចេញពីទីតាំងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ Dongchang-ri ក្បែរព្រំដែនចិន ហើយហោះបានចម្ងាយជាង១ពាន់គីឡូម៉ែត្រមុនធ្លាក់ចូលសមុទ្រខាងកើត ក្នុងនោះមាន៣គ្រាប់ធ្លាក់ចូលដែនទឹកជប៉ុន។
ទីភ្នាក់ងារព័ត៌មានកូរ៉េ Yonhap ផ្សាយថា កូរ៉េខាងត្បូង និងអាមេរិក កំពុងវិភាគព័ត៌មានទទួលបានទាំងឡាយ ដើម្បីកំណត់ប្រភេទមីស៊ីល និងអានុភាពរបស់វា។ ក្រោយការបាញ់នេះ នាយករដ្ឋមន្ត្រី និងជាប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូង Hwang Kyo-anh ក៏បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីពិនិត្យស្ថានការណ៍នេះ។ ចំណែកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ក៏បានប្រាប់សភាដែរថា ការបាញ់នេះ ជាការសកម្មភាពគ្រោះថ្នាក់ និងបានបំពានបម្រាមក្រុមប្រឹក្សាសន្តិសុខ។
ខណៈដែលគេមិនទាន់ដឹងពីប្រភេទមីស៊ីលនេះ មន្ត្រីយោធាកូរ៉េខាងត្បូងបានលើកឡើងពីលទ្ធភាពដែលមីស៊ីលបាញ់នៅព្រឹកថ្ងៃទី៦ ខែមីនា ជាមីស៊ីលអន្តរទ្វីប (ICBMs) អាចបាញ់ដល់ទឹកដីភាគខាងលិចអាមេរិក បើបាញ់ក្នុងរយៈកម្ពស់ខ្ពស់។ ប៉ុន្តែដោយសារការបាញ់លើកនេះមានច្រើនគ្រាប់ក្នុងពេលតែមួយ គេសន្និដ្ឋានថា មីស៊ីលនេះ អាចជាប្រភេទមីស៊ីលរយៈចម្ងាយខ្លី Scud ឬក៏ប្រភេទមីស៊ីលរយៈចម្ងាយមធ្យម Rodong ទៅវិញ។
ការបាញ់មីស៊ីលម្ដងច្រើនគ្រាប់បែបនេះ អាចធ្វើឡើងជាការឆ្លើយតបនឹងសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង ដែលចាប់ផ្ដើមកាលពីសប្ដាហ៍មុន។ សមយុទ្ធនេះ មានគោលដៅពង្រឹងសមត្ថភាពកងទ័ពសម្ព័ន្ធមិត្តដើម្បីត្រៀមការពារខ្លួនពីការវាយប្រហារណាមួយពីកូរ៉េខាងជើង។ ប៉ុន្តែកូរ៉េខាងជើង បានចាត់ទុកសមយុទ្ធយោធាដែលមានវត្តមាននាវាដឹកយន្តហោះអាមេរិកដែរ ជាការរៀបចំធ្វើសង្គ្រាមប្រឆាំងខ្លួន ដែលត្រូវមានវិធានការការពារបន្ទាន់។
នេះជាលើកទី២ ក្នុងឆ្នាំ២០១៧ ដែលរដ្ឋកុម្មុយនីស្តកូរ៉េខាងជើងបាញ់មីស៊ីលបំពានសេចក្ដីសម្រេចក្រុមប្រឹក្សាសន្តិសុខ។ កាលពីថ្ងៃទី១២ ខែកុម្ភៈ ក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីល ដែលគេជឿថា ជាប្រភេទមីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយ។ សកម្មភាពផ្គើនម្ដងហើយម្ដងទៀតរបស់កូរ៉េខាងជើង មិនបានផ្ដល់ផលល្អដល់ខ្លួនឡើយ គឺមានរងការរិះគន់ពីសហគមន៍អន្តរជាតិ ដែលសូម្បីតែចិនជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុត ក៏បង្ខំចិត្តថ្កោលទោសទង្វើបំពាននេះដែរ៕
Tag:
កូរ៉េខាងជើង
ជប៉ុន
ICMB
© រក្សាសិទ្ធិដោយ thmeythmey.com