អន្តរជាតិ
រដ្ឋអាជ្ញាពិសេសរកឃើញថា លោកស្រី ប៉ាក ហ្គឺនហេ ពាក់ព័ន្ធរឿងពុករលួយ
× ក្រុមរដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូង នៅថ្ងៃទី៦ ខែមីនា បានប្រកាសលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួន ជុំវិញករណីពុករលួយដែលជាប់ពាក់ព័ន្ធលោកស្រី ប៉ាក ហ្គឺនហេ (Park Geun-hye) ។ ក្រុមរដ្ឋអាជ្ញាពិសេសរកឃើញថា លោកស្រី ប៉ាក ដែលត្រូវសភាបោះឆ្នោតដកតំណែងប្រធានាធិបតី មានជាប់សង្ស័យក្នុងករណីសូកប៉ាន់ និងរំលោភអំណាចដែលប្រព្រឹត្តដោយមិត្តភក្តិ Choi Soon-sil និង បណ្ដា មនុស្សជំនិតរបស់លោកស្រីផ្ទាល់ផង។
ក្រុមរដ្ឋអាជ្ញាពិសេស ដែលបង្កើតឡើងដើម្បីស៊ើបអង្កេតរឿងអាស្រូវរបស់លោកស្រី ប៉ាក ហ្គឺនហេ បានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនហើយកាលពីសប្ដាហ៍មុន និងបានបញ្ជូនលទ្ធផលស៊ើបអង្កេតនេះទៅឲ្យស្ថាប័នរដ្ឋអាជ្ញា ដើម្បីស៊ើបអង្កេតបន្តទៀត។ លទ្ធផលស៊ើបអង្កេតបង្ហាញថា លោកស្រី ប៉ាក ហ្គឺនហេ ពិតជាមានជាប់ទាក់ទងក្នុងសំណុំរឿងពុករលួយរបស់មិត្តភក្តិលោកស្រី គឺលោកស្រី Choi Soon-sil ដែលរងការចោទប្រកាន់ថាបានលូកលាន់កិច្ចការរដ្ឋដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
ក្នុងសន្និសីទកាសែតនៅថ្ងៃទី៦ ខែកុម្ភៈ រដ្ឋអាជ្ញាពិសេស បានបញ្ជាក់ថា លោកស្រី ប៉ាក ជាប់សង្ស័យសមគំនិតជាមួយលោកស្រី Choi Soon-sil ដោយទទួលសំណូកពីប្រធានក្រុមហ៊ុន Samsung ដើម្បីប្រយោជន៍រកស៊ីរបស់ខ្លួន។ លោក Lee Jae-yong ប្រធានក្រុមហ៊ុន Samsung Group និងមនុស្សប្រហែល៣០នាក់ទៀតមានទីប្រឹក្សាលោកស្រី ប៉ាក ជាច្រើននាក់ ក៏ត្រូវបានតុលាការកាត់ទោសដោយសាររឿងនេះ។
ទីភ្នាក់ងារព័ត៌មាន Yonhap ផ្សាយថា ការស៊ើបអង្កេតនេះ មិនធ្វើឡើងដោយពេញលេញឡើយ ព្រោះភាគីពាក់ព័ន្ធមិនសហការជាមួយក្រុមរដ្ឋអាជ្ញាពិសេស។ លោក Park Young-soo មកពីក្រុមរដ្ឋអាជ្ញាពិសេសនេះ និយាយថា ការស៊ើបអង្កេតដែលបញ្ចប់នេះ ទទួលបានលទ្ធផលពាក់កណ្ដាលប៉ុណ្ណោះ ដ្បិតគ្មានពេលវេលាគ្រប់គ្រាន់ ហើយភាគីផ្សេងទៀតមិនសហការទៅទៀត។ ក្រុមរដ្ឋអាជ្ញានេះ ថែមទាំងចង់សួរចម្លើយលោកស្រី ប៉ាក ទៀតផង ពួកគេមិនទទួលបានការអនុញ្ញាតឡើយ។
ជំហានបន្ទាប់ពីនេះ គឺការបង្ហាញមុខរបស់លោកស្រីចំពោះមុខរដ្ឋអាជ្ញាប្រទេស ដែលនឹងបន្តការងារស៊ើបអង្កេតលើចំណុចសេសសល់។ គេមិនដឹងច្បាស់ថា លោកស្រី នឹងចូលខ្លួនឬយ៉ាងណាដែរ។ នេះក៏ព្រោះតែក្រុមរដ្ឋអាជ្ញាពិសេស មិនអាចសួរដេញដោលរកឬសគល់បញ្ហាបានឡើយ លោកស្រី ប៉ាក នៅមានអភ័យឯកសិទ្ធិពីរួចផុតពីកាត់ទោសទាំងឡាយ បើទោះជាលោកស្រីអស់តំណែងក្ដី ប៉ុន្តែតុលាការធម្មនុញ្ញកូរ៉េខាងត្បូងមិនទាន់សម្រេចចុងក្រោយនៅឡើយ។
សូមបញ្ជាក់ថា លោកស្រី ប៉ាក បានអវត្តមានប៉ុន្មានដងរួចមកហើយក្នុងសវនាការតុលាការធម្មនុញ្ញ ដែលសម្រេចអនាគតលោកស្រីក្នុងឆាកនយោបាយកូរ៉េខាងត្បូង។ បើតុលាការធម្មនុញ្ញសម្រេចចិត្តទុកការបោះឆ្នោតរបស់សភាជារឿងបានការ លោកស្រី ប៉ាក ត្រូវអស់តំណែងស្វ័យប្រវត្តិ។ ប៉ុន្តែបើតុលាការទាត់ចោលការសម្រេចរបស់សភា លោកស្រីនឹងទទួលបានតំណែងនេះវិញ ខណៈតំណែងនេះកំពុងកាន់បណ្ដោះអាសន្នដោយនាយករដ្ឋមន្ត្រី Hwang Kyo-anh ៕
Tag:
កូរ៉េខាងត្បូង
Park Geun-hye
អំពើពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com