ជាតិ
​​​ន​យោ​បាយ​ជាតិ​
សាលាឧទ្ធរណ៍ កំពុងបើកសវនាការ​លើ​សំណុំរឿង​លោក គឹម សុខ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​
06, Mar 2017 , 3:13 pm        
រូបភាព
​ភ្នំពេញ​៖ រឿងក្តី​ពាក់ព័ន្ធ​នឹង​ការឃុំខ្លួន​លោក គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​ប្តឹង​ដោយ​សម្តេច ហ៊ុន សែន ត្រូវបាន​សាលាឧទ្ធរណ៍ បើកសវនាការ នៅ​រសៀល​ថ្ងៃទី​៦​មីនា នេះ​។ ការបើក​សវនាការ​នេះ គឺធ្វើឡើង​តាម​សំណើ​របស់លោក ជូ​ង ជូ​ងី ដែលជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក គឹម សុខ​។



​លោក ជូ​ង ជូ​ងី ធ្លាប់​និយាយថា ការដាក់​បណ្តឹង ទៅកាន់​សាលាឧទ្ធរណ៍ គឺ​ដើម្បី​ប្រឆាំងនឹង​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ចេញ​ដីកាឃុំខ្លួន​លោក គឹម សុខ​។ លោក​មេធាវី​ដដែល បាន​អះអាង​ទៀតថា លោក គឹម សុខ មិន​សុខចិត្ត​ឡើយ ចំពោះ​ការឃុំ​នេះ​។

​ក្រៅពី​បណ្តឹង​ខាងលើ លោ ជូ​ង ជូ​ងី ក៏បាន​ដាក់​លិខិត​មួយ​ផ្សេងទៀត ទៅកាន់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ទាល់​តែម្តង ដើម្បី​សុំ​ឲ្យ​ដោះលែង​លោក គឹម សុខ បាន​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។ សារព័ត៌មាន​ថ្មីៗ មិនទាន់​អាច​សុំ​ការបញ្ជាក់​ពី​លោក ជូ​ង ជូ​ងី​បានទេ​ថា ចៅក្រម​ស៊ើបសួរ សម្រេច​ឲ្យ​លោក គឹម សុខ នៅក្រៅ​ឃុំ ឬ​យ៉ាងណា​។

​លោក គឹម សុខ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ យកទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោម​បទ​ចោទ «​បរិហារ​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​។ បើតាម​លោក គី តិច មេធាវី​របស់​សម្តេច ហ៊ុន សែន ការដាក់​ពាក្យ​ប្តឹង​នេះ គឺ​ដោយសារតែ​លោក គឹម សុខ និយាយថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។ ក្នុង​បណ្តឹង​នេះ សម្តេច ហ៊ុន សែន ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក គឹម សុខ ចំនួន ៥០​ម៉ឺន​ដុល្លារ​៕


Tag:
 ​តុលាការ​
  គឹម សុខ​
© រក្សាសិទ្ធិដោយ thmeythmey.com