អន្តរជាតិ
មហាក្សត្រថៃ ដកឋានៈសង្ឃជាន់ខ្ពស់ដែលជាប់ចោទលាងលុយកខ្វក់ មន្ត្រីសង្ឃជាន់ខ្ពស់ថៃ ព្រះអង្គ Phra Dhammachayo
× មហាក្សត្រថៃ Maha Vajiralongkorn បានសម្រេចព្រះទ័យដកឋានៈមន្ត្រីសង្ឃជាន់ខ្ពស់ Phra Dhammachayo ដែលជាចៅអធិការវត្តក៏មានឥទ្ធិពល បន្ទាប់មិនបានបង្ហាញខ្លួនជុំវិញការចោទប្រកាន់ថាបានលាងលុយកខ្វក់ និងរត់ភៀសខ្លួនថែមទៀត។ ការដកឋានៈនេះ ធ្វើឡើងស្របពេលដែលអាជ្ញាធរថៃ កំពុងតាមរកចាប់ខ្លួនចៅអធិការអង្គនេះ ដើម្បីសាកសួរសំណុំរឿងនេះ ប៉ុន្តែក្រុមគាំទ្រ Phra Dhammachayo ចាត់ទុកជារឿងនយោបាយសុទ្ធសាធ។
រដ្ឋាភិបាលថៃ នៅថ្ងៃទី៥ ខែមីនា ប្រកាសថា ចៅអធិការវត្តកំពុងលាក់ព្រះកាយ Phra Dhammachayo ត្រូវបានមហាក្សត្រថៃ Maha Vajiralongkorn ដកឋានៈហើយ ទាក់ទងសំណុំរឿងលាងលុយកខ្វក់។ ប៉ូលិសថៃ បានឡោមព័ទ្ធវត្ត Dhammakaya ដើម្បីស្វែងរកចាប់ខ្លួនសង្ឃ Phra Dhammachayo អស់ពេល២សប្ដាហ៍មកហើយ ប៉ុន្តែប្រតិបត្តិការនេះ ត្រូវបានរារាំងដោយក្រុមអ្នកគាំទ្រចៅអធិការវត្តខាងលើ ដែលហៅចំណាត់ការមកលើ Phra Dhammachayo ជារឿងនយោបាយ។
ការប្រឈមុខរវាងអាជ្ញាធរ និងក្រុមអ្នកគាំទ្រ Phra Dhammachayo នៅឯវត្តមានទីតាំងក្នុងខេត្ត Pathumthani ជារឿងមិនធ្លាប់ក្រោមការគ្រប់គ្រងរបស់យោធា។ ចៅអធិការវត្តអង្គនេះ មិនព្រមចូលខ្លួនការកោះហៅរបស់អាជ្ញាធរឡើយ ហើយទំនងជារត់ភៀសខ្លួនចេញពីវត្តបាត់ទៅហើយដែរ។ ក្រៅពីរឿងលាងលុយកខ្វក់ Phra Dhammachayo ក៏រងការចោទប្រកាន់ផ្សេងទៀតដូចជា ទទួលវត្ថុចោរលួច និងរុករានដីខុសច្បាប់ដើម្បីពង្រីកទីតាំងវត្តជាដើម។
បើតាមឯកសារចុះក្នុងរាជកិច្ច មហាក្សត្រ Maha Vajiralongkorn បានយល់ព្រមតាមសំណើរបស់រដ្ឋាភិបាលថៃ ដើម្បីទម្លាក់តំណែងចៅអធិការអង្គនេះ។ ឯកសារដដែលនេះបញ្ជាក់ថា ដោយសារ Phra Dhammachayo មិនបង្ហាញខ្លួន សង្ឃអង្គនេះស័ក្តិសមកាន់តំណែងសព្វថ្ងៃនេះឡើយ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
យ៉ាងណាមិញ ការដកតំណែងនេះ គ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ព្រោះទាំងរាជវាំង ទាំងរដ្ឋាភិបាល គ្មានសិទ្ធិដកតំណែងសង្ឃឡើយ។ តាមច្បាប់ប្រទេស មានតែក្រុមប្រឹក្សាសង្ឃជាន់ខ្ពស់ប៉ុណ្ណោះ ដែលមានសិទ្ធិដកតំណែងសង្ឃអង្គណាមួយបាន។ មកដល់ពេលនេះ គេនៅមិនទាន់ដឹងពីទីកន្លែងលាក់ខ្លួនរបស់សង្ឃ Phra Dhammachayo នៅឡើយទេ ខណៈដែលប៉ូលិសចូលឆែកឆេរបរិវេណវត្តជាច្រើនលើកមក។
ស្របពេលប៉ូលិសថៃនៅតែបន្តការតាមរកចាប់ខ្លួន មនុស្សជំនិតរបស់ចៅអធិការអង្គនេះ ដែលបន្តការពារទីតាំងវត្ត Dhammakaya បានទាត់ចោលការចោទប្រកាន់ទាំងឡាយ។ ពួកគេនិយាយថា Phra Dhammachayo មានអាពាធធ្ងន់ដែលមិនអាចចេញមុខបាន ហើយពួកគេក៏មិនទាន់ឃើញព្រះភ័ក្រព្រះអង្គអស់ពេលជាយូរមកហើយដែរ។ ចំណែកមន្ត្រីប៉ូលិស និងអ្នកគាំទ្រ បន្តការប្រឈមមុខគ្នាដដែល ដែលពេលខ្លះមានការប៉ះទង្គិចគ្នាទៀតផង៕
Tag:
ថៃ
Maha Vajiralongkorn
© រក្សាសិទ្ធិដោយ thmeythmey.com