អន្តរជាតិ
មហាអំណាចចិនទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ច តែប្តេជ្ញាការពារ«ការបើកចំហសេដ្ឋកិច្ច»
× ក្នុងពិធីបើកអង្គប្រជុំសភាប្រជាជនចិនលើកទី១៩ ចុងសប្តាហ៍កន្លងទៅ នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានកំណត់គោលដៅសេដ្ឋកិច្ចថ្មីររបស់ចិនគឺរក្សាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំមកត្រឹម ៦,៥ភាគរយប៉ុណ្ណោះសម្រាប់ឆ្នាំ ២០១៧នេះ។ក្នុងឆ្នាំថ្មីនេះ រដ្ឋាភិបាលចិនបានកំណត់ផ្លូវដើរថ្មីដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចនិងការលូតលាស់របស់ខ្លួនផងដែរ ដោយក្នុងនោះចិនត្រូវអនុវត្តគោលនយោបាយកែទម្រង់ក្រុមហ៊ុនរដ្ឋ,បន្ថយសមត្ថភាពផលិតក្នុងវិស័យឧស្សាហកម្ម និងទប់ស្កាត់វិបត្តិហិរញ្ញវត្ថុដោយបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសខាងក្រៅ។ ចិនប្រកាសថា ទោះកាលៈទេសៈណាក៏ដោយ ទ្វារដែលចិនបើកចំហរក្នុងការធ្វើពាណិជ្ជកម្មហើយមិនបិទឡើយ ហើយចិននៅតែការពារសេរីភាពវូបនីយកម្មសេដ្ឋកិច្ច។
សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖
ឆ្នាំ២០១៧នេះ ពិភលោកផ្តោតការចាប់អារម្មណ៍ លើទំហំថវិកាដែលមហាយក្សចិនគ្រោងចំណាយលើវិស័យយោធា។ គេឃើញថា ថវិកាហាក់ស្តួចស្តើងជាងមុន ព្រោះខ្ទង់ចំណាយកើនឡើងត្រឹម ៧ភាគរយប៉ុណ្ណោះ ខណៈដែលអាមេរិកត្រៀមបង្កើនលុយ ៥៤ពាន់លានដុល្លារបន្ថែមទៀតសម្រាប់វិស័យយោធារបស់ខ្លួន។
គេដាក់ការសង្ស័យថា ការពន្យឺតល្បឿនទំនើបកម្មយោធា ដោយបន្ថយខ្ទង់ចំណាយលើវិស័យកងទ័ព មកពីចិនប្រឈមបញ្ហាសេដ្ឋកិច្ច។ កំណើនសេដ្ឋកិច្ចដែលធ្លាប់កើនដល់ ពីរខ្ទង់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ធ្លាក់ចុះមកត្រឹមជាង ៦ភាគរយប៉ុណ្ណោះក្នុងឆ្នាំ ២០១៦កន្លងទៅ។
ក្នុងឆ្នាំ២០១៦ មហាអំណាចចិនព្យាករណ៍ថា ខ្លួនអាចសម្រេចបានកំណើនសេដ្ឋកិច្ចចន្លោះពី ៦,៥ ទៅ ៧ភាគរយ ហើយជាលទ្ធផលខ្លួនអាចសម្រេចបាន ៦,៧ភាគរយ។ ថ្វីបើកម្រិតនេះទាបជាងឆ្នាំមុនៗក្តី សម្រាប់អ្នកសេដ្ឋកិច្ច វានៅតែជាកំណើនមួយខ្ពស់និងវិជ្ជមានសម្រាប់សេដ្ឋកិច្ចចិនទៅពេលខាងមុខ។
ថ្លែងក្នុងពិធីបើកអង្គប្រជុំសភាប្រជាជនប្រចាំឆ្នាំលើកទី ១៩ នៅចុងសប្តាហ៍កន្លងទៅ នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានអះអាងថា ការងារប្រហែល១៣,១៤ លានកន្លែងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ហើយកំណើនសេដ្ឋកិច្ចកើនដល់ ៦,៧ភាគរយនេះក៏ដោយសារការកើនឡើងនៃសំណង់លំនៅដ្ឋាន, កម្ចីធនាគារ និង ទុនវិនិយោគរបស់រដ្ឋាភិបាលជាដើម។ មេដឹកនាំចិនរូបនេះកត់សម្គាល់ផងដែរថា ចិនមិនអាចរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួនបានរហ័សនិងរក្សាការអភិវឌ្ឍលឿនបែបនេះឡើយបើសិនជាគ្មានស្ថិរភាពសង្គមនិងសន្តិភាពទេនោះ។
ប៉ុន្តែសម្រាប់ឆ្នាំ ២០១៧ នេះ ចិនមិនហ៊ានរំពឹងខ្ពស់ទេចំពោះកំណើនសេដ្ឋកិច្ចខ្លួន។ លោក Li បានបញ្ជាក់ថា ចិនរំពឹងថានឹងទទួលបានកំណើនសេដ្ឋកិច្ចត្រឹម ៦,៥ភាគរយប៉ុណ្ណោះ។ ក្រៅពីប្រាប់ពីសមិទ្ធផលសម្រេចបានក្នុងរបាយកាណ៍ការងាររដ្ឋាភិបាល ប្រមុខរដ្ឋាភិបាលចិនខាងលើក៏បានថ្លែងប្រាប់សមាជិកសភាពីគោលនយោបាយរដ្ឋាភិបាលត្រូវធ្វើបន្តដើម្បីរក្សាកំណើនសេដ្ឋកិច្ចផងដែរ។
ឆ្នាំថ្មី ចិនបន្ថយវិស័យឧស្សាហកម្ម និងចាប់ផ្តើមកែទម្រង់ក្រុមហ៊ុនរដ្ឋ
នៅចំពោះមុខសមាជិកសភា លោក Li បានលើកឡើងពីគោលដៅធំមួយដែលចិនត្រូវបន្តអនុវត្តដើម្បីរក្សាការលូតលាស់នៃសេដ្ឋកិច្ចរបស់ខ្លួន ក៏ដូចជាដើម្បីដោះស្រាយបញ្ហាប្រឈមនានាផ្នែកសេដ្ឋកិច្ចដែរ។ ក្រៅពីគោលនយោបាយសារពើពន្ធ និងរូបីយវត្ថុ អ្វីដែលចិនត្រូវធ្វើបន្ទាប់គឺបន្ថយការចំណាយក្នុងវិស័យឧស្សាហកម្ម និងកែទម្រង់ក្រុមហ៊ុនរដ្ឋជាដើមផង។
ពាកព័ន្ធការបន្ថយការចំណាយលើវិស័យឧស្សាហកម្ម ប្រមុខរដ្ឋាភិបាលចិន Li Keqiang បានប្រាប់សភាថា ឧស្សាកម្មប្រភេទធ្យូងថ្ម និងដែកថែបនេះមិនផ្តល់ចំណេញសេដ្ឋកិច្ចប៉ុន្មានឡើយឡើយ ហើយវារស់បានដោយសារជំនួយរដ្ឋនិងធនាគារប៉ុណ្ណោះ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters គណៈកម្មការជាតិដើម្បីអភិវឌ្ឍនិងកែទម្រង់ចិន បានបញ្ជាក់ថា ចិននឹងបិទ ក៏ដូចជាបញ្ឈប់គម្រោងសាងសង់រោងចក្រធ្យូងថ្ម និងដែកថែប។ បើតាមគម្រោង រដ្ឋាភិបាលចិននឹងបន្ថយការចំណាយលើឧស្សាកម្មធ្យូងថ្ម នឹងត្រូវកាត់បន្ថយការផលិត ១៥០លានតោន ខណៈឧស្សាហកម្មដែកថែបក៏ត្រូវកាត់បន្ថយ៥០លានតោនដែរក្នុងឆ្នាំ ២០១៧នេះ។
មួយទៀត ក្រុងប៉េកាំងចាប់ផ្តើមពន្លឿនការកែទម្រង់ក្រុមហ៊ុនរដ្ឋដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង, និងការប្រកួតប្រជែងជាដើម។ សហគ្រាសរដ្ឋប្រហែលច្រើន ១០០ ស្ថិតនៅក្រោមការកែទម្រង់នេះ ហើយគេរំពឹងថា វាជាការបើកទ្វារឲ្យក្រុមហ៊ុនឯកជនអាចប្រើប្រាស់ទុនដើម្បីទ្រទ្រង់សហគ្រាសសាធារណៈ ដែលវាជាការពង្រឹងភាពជាដៃគូរវាងឯកជននិងសាធារណៈមិនមែនជា«ការធ្វើឯកជនភាវូបនីយកម្ម»ឡើយ។
យ៉ាងណាក៏ដោយ ការកែទម្រង់មិនធ្លាប់មាននេះ ស្ថិតនៅលើផ្លូវរលាក់និងវែងឆ្ងាយ ព្រោះគោលនយោបាយកែទម្រង់ក្រុមហ៊ុននេះទើបត្រូវបានដាក់ចេញកាលពីប៉ុន្មានឆ្នាំមុនប៉ុណ្ណោះ។ ហើយគោលការណ៍ណែនាំពាក់ព័ន្ធការកែទម្រង់នេះក៏នៅមិនទាន់ច្បាស់លាស់ ដែលវាបង្កការស្ទាក់ស្ទើរសម្រាប់ក្រុមហ៊ុនឯកជនក្នុងការដាក់ទុនវិនិយោគ។ ម្យ៉ាងទៀត វាជារឿងលំបាកដែរ ក្នុងការទាក់ទាញទុនវិនិយោគឯកជនក្នុងសហគ្រាសរដ្ឋនោះ ដោយសារវាជាការវិនិយោគដែលទទួលបានផលចំណេញតិច។
ចិននៅតែបើកទ្វារទទួលវិនិយោគបរទេស និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយដៃគូ
តាមពិតទៅ ការដោះស្រាយបញ្ហាប្រឈមខាងក្នុងស្រុកមួយមុខមិនគ្រប់គ្រាន់ឡើយ ដែលវាមានន័យថា ចិនក៏ត្រូវរៀបចំខ្លួនដើម្បីដោះស្រាយបញ្ហាខាងក្រៅដូចគ្នា។ ក្នុងពេលបើកអង្គប្រជុំសភានេះ លោក Li Keqiang ក៏ទទួលស្គាល់ផងដែរថា ចិនត្រូវត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមពីខាងក្រៅ។
«ការអភិវឌ្ឍរបស់ចិន ត្រូវការឲ្យយើងត្រៀមខ្លួនដើម្បីប្រឈមបញ្ហាស្មុគស្មាញនិងស្ថានភាពលំបាកនានា។ សេដ្ឋកិច្ចពិភពលោកកើនឡើងយឺតយ៉ាវស្របពេលដែលចលនាប្រឆាំងសកលភាវូបនីយកម្ម និងការអនុវត្តនយោបាយគាំពារនិយមកំពុងកើនឡើង»។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីចិន។
បច្ចុប្បន្ននេះ ចិនហាក់ស្ថិតក្នុងស្ថានភាពលំបាកលំបិនបន្តិចដែរនៅពេលដែលភាពមិនច្បាស់លាស់កើនឡើងក្នុងបរិបទសេដ្ឋកិច្ចអន្តរជាតិ។ នេះក៏ព្រោះថា ចលនាប្រឆាំងសាកលភាវូបនីយកម្ម, នយោបាយគាំពារនិយម និង នយោបាយប្រជាឧបាយ (Populist Policy) ផុសផុលឡើងពាសពេញពិភពលោកជាពិសេសនៅបស្ចិមលោកដូចជាអាមេរិកនិងអឺរ៉ុបថែមទៀត។
ចិនដែលទើបងាកមើលដើរលើនយោបាយសេដ្ឋកិច្ចសេរីបើកចំហទ្វារធ្វើជំនួញជាមួយប្រទេសក្រៅនៅទសវត្សរ៍ឆ្នាំ ១៩៨០ មិននឹកស្មានថា បរិបទសេដ្ឋកិច្ចពិភពលោកប្រែប្រួលខ្លាំងបែបនេះទេ។ ប៉ុន្តែមហាអំណាចសេដ្ឋកិច្ចលេខរៀងទី២ នេះហាក់បីដូចជាមិនរួញរាឡើយ ដើម្បីដឹកនាំសេដ្ឋកិច្ចពិភពលោកនិងការពារ«សេរីភាពវូបនីយកម្មពាណិជ្ជកម្មនិងសេដ្ឋកិច្ច» ក្នុងពេលដែលអាមេរិកដកថយនោះ។
លោក Li Keqiang បានបញ្ជាក់ច្បាស់ថា ចិននៅតែការពារនយោបាយសេដ្ឋកិច្ចបើកចំហរដែលសំដៅដល់ការធ្វើពាណិជ្ជកម្មសេរី ហើយចិននឹងប្រឹងប្រែងដើម្បីធ្វើយ៉ាងណាទាក់ទាញវិនិយោគបរទេសឲ្យកាន់តែច្រើនតាមដែលអាចធ្វើបាន។
ក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនដែលលោក Li Keqiang រៀបរាប់ប្រាប់សភានោះ ក៏មានការលើកឡើងពីតួនាទីសំខាន់នៃ«គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយវិថីមួយ»ដែលជួយសម្រួលពាណិជ្ជកម្មនិងវិនិយោគក្នុងតំបន់ ដែលវាជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងអស់ផងដែរ។
Tag:
ចិន
Li Keqiang
នយោបាយគាំពារនិយម
សេរីភាវូបនីកម្មពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com