អន្តរជាតិ
ឈានដល់វ័យ៩៥ឆ្នាំហើយ ទើបលោកតា Roman ហ៊ានប្រកាសប្រាប់ថា គាត់ជា Gay
× អាមេរិក៖ បុរសដែលបានរៀបការអស់រយៈពេល៦៧ឆ្នាំ ដោយមានកូន២នាក់ ចៅ៥នាក់ និងចៅទួត១នាក់ ទៅហើយនោះ ទើបហ៊ានទម្លាយអាថ៌កំបាំងថា គាត់គឺជាអ្នកស្រឡាញ់ភេទដូចគ្នា (Gay)។ នេះជារឿងសម្ងាត់ផ្ទាល់ដែលគាត់បានលាក់អស់រយៈពេលជាង៩ទស្សវត្តន៍។
ក្នុងបទសម្ភាសតាម Youtube ជាមួយលោក Davey Wavey លោកតា Roman ដែលបច្ចុប្បន្នឆ្លងចូលវ័យ៩៦ឆ្នាំ បានអះអាងថា គាត់បានដឹងថា ខ្លួនគាត់ជាបុរសដែលស្រឡាញ់ភេទដូចគ្នា តាំងពីអាយុ៥ឆ្នាំមកម្ល៉េះ ប៉ុន្តែគាត់បង្ខំចិត្តលាក់ការសម្ងាត់នេះជាង៩០ឆ្នាំ។
លោកតា Roman បច្ចុប្បន្នរស់នៅរដ្ឋឡូសអេនជឺលែស សហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ក្នុងបទសម្ភាសកាលពីឆ្នាំមុនថា បើទោះជាគាត់បានរៀបការ និងមានគ្រួសារក៏ដោយ ប៉ុន្តែគាត់មានអារម្មណ៍គាត់ស្ថិតក្នុងពិភពមួយផ្សេងទៀត។ លោកបានពន្យល់ថា៖ «ខ្ញុំចង់ឲ្យពិភពលោកដឹងពីរឿងពិតរបស់ខ្ញុំ។ ខ្ញុំកើតមកដោយមាននិស្ស័យជាមនុស្សដែលស្រឡាញ់ភេទដូចគ្នា...»។
ជាមួយនឹងវ័យជិត១០០ឆ្នាំទៅហើយ លោក Davey សួរថា តើលោកតា Roman ចង់បានមិត្តប្រុសដែរឬទេ? គាត់បានឆ្លើយភ្លាមៗថា «ចង់បាន»។ លោកតាមិនបានកំណត់លក្ខខណ្ឌអ្វីនោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ លោកទទួលស្គាល់ថា លោកពិតជាមិនអាចរកដៃគូបានឡើយ បន្ទាប់ពីជីវិតពិត អារម្មណ៍ពិតរបស់លោកបានឆាចោលអស់ជាង៩០ឆ្នាំ។
បទសម្ភាសមិនបាននិយាយលំអិតពីភរិយារបស់លោកតា Roman នោះឡើយ។ គេមិនដឹងថា ការរស់ក្នុងគ្រួសារយ៉ាងណាទេ ជាពិសេសនៅពេលដែលភរិយាដឹងថា ប្តីរបស់ខ្លួនជា Gay៕
សូមទស្សនាវីដេអូ៖
Tag:
LGBT
ស្រឡាញ់ភេទដូចគ្នា
© រក្សាសិទ្ធិដោយ thmeythmey.com