ពីនេះ ពីនោះ
ព័ត៍មានសុខភាព
នេះ​ជា​ហេតុផល​ដែល​អ្នកវិទ្យាសាស្ត្រ​តែង​ឲ្យ​អ្នកធ្វើការ​ឱបគ្នា​ឲ្យ​បាន​ច្រើន​
08, Mar 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​ឱប​គ្ នា​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ដើម្បី​បញ្ជាក់ថា ​មនុស្ស​គ្រប់រូប​គឺ​សំខាន់​ចំពោះ​អ្នក​។ វា​អាចជា​មិត្តភក្តិ ដៃគូ​ស្នេហា ឬ​សមាជិកគ្រួសារ​។ ខណៈពេលដែល​យើងទាំងអស់គ្នា​ដឹងថា ការ​ឱបគឺជា​រឿង​ដ៏​អស្ចារ្យ​មួយ ហើយ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​កក់ក្តៅ​ពី​ខាងក្នុង​មក​នោះ ខាងក្រោម​នេះ ​គឺជា​ហេតុផល​បែប​វិទ្យាសាស្ត្រ​មួយចំនួន ​ដែល​បញ្ជាក់ថាវា​ពិតជា​ល្អ​ចំពោះ​ជីវិត​រស់នៅ​របស់​យើង និង​ព្យាយាម​អនុវត្ត​វា​ឲ្យ​បាន​ច្រើន​៖



​ការ​ឱប​ធ្វើ​ឲ្យ​មាន​អារម្មណ៍​កាន់តែ​សប្បាយចិត្ត​
​ការសិក្សា​បង្ហាញថា ការ​ឱប​មនុស្ស​ម្នាក់​នឹង​បញ្ចេញ​សារធាតុ Serotonin និង Dopamine ក្នុង​ខួរក្បាល​ ដែល​វា​ទាំងពីរ​នេះ ​គឺជា​សារធាតុ​ចម្លង​សរសៃប្រសាទ និង​មាន​តួនាទី​ជួយ​គ្រប់គ្រង​អារម្មណ៍ និង​ផ្តល់​ភាពសប្បាយ​រីករាយ​។​

​អាច​កាត់បន្ថយ​ការឈឺចាប់​ក្នុង​ខ្លួន​
​ការ​ឱប ក៏​ជួយ​បញ្ចេញ​សារធាតុ Endorphins ក្នុង​រាងកាយ​ដែរ​។ សារធាតុ​មួយ​នេះ ​នឹង​ទប់ស្កាត់​សារធាតុ​បង្ក​ការឈឺចាប់ ​កុំ​ឲ្យ​ចរាចរណ៍​ពី​សរសៃឈាម​ចូលទៅក្នុង​ជាលិកា​។​

​អាចជួយ​បន្ធូរបន្ថយ​ក្នុង​ប្រព័ន្ធ​សរសៃប្រសាទ​
​ស្បែក​របស់​យើង​មាន​កន្លែង​ទទួលរង​អារម្មណ៍​សម្ពាធ ដែល​អាច​បញ្ជូន​សញ្ញា​ទៅ​ខួរក្បាល​ នៅពេល​មានការ​ប៉ះពាល់​។ នៅពេល​យើង​ឱប​គ្នា សញ្ញា​នឹង​បញ្ចូល​ទៅ​ខួរក្បាល ជាពិសេស​ប្រព័ន្ធ​សរសៃប្រសាទ Parasympathetic ដូច្នេះ​វា​អាច​នឹង​សម្រួល​ដល់​ចង្វាក់​ដង្ហើម និង​បន្ថយ​ចង្វាក់បេះដូង​មក​ធម្មតា​វិញ​។​

​ល្អ​ចំពោះ​បេះដូង​
​តាម​ការសិក្សា​បាន​រកឃើញថា អ្នក​ដែល​មិនបាន​ឱប​គ្នា​ ឃើញថា​មាន​ចង្វាក់បេះដូង​លោត​លឿន​ជាង​អ្នក​ដែល​ឱប​គ្នា​រហូតដល់ ១០​ដង​ក្នុង​មួយ​នាទី​។ ការថយចុះ​នៃ​ចង្វាក់បេះដូង​បែបនេះ​ មានន័យថា វា​នឹង​កាត់បន្ថយ​ភាព​មាន​សម្ពាធ​លើ​បេះដូង និង​សម្ពាធ​ឈាម​។​

​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​
​ការសិក្សា​បង្ហាញថា រោគសញ្ញា​រាងកាយ​នៃ​ជំងឺ​នានា​ដូចជា ជំងឺ​ផ្តាសាយ គឺ​មិនសូវ​ធ្ងន់ធ្ងរ​លើ​អ្នក​ដែល​ឧស្សាហ៍​ឱប​គ្នា​នោះទេ​។​

​មិនសូវមាន​អារម្មណ៍​តានតឹង​
​ការសិក្សា​បាន​ឲ្យ​ដឹងថា ការ​ឱប​គ្នា​ម្តង ​មុនពេល​ចូលរួម​ក្នុង​ព្រឹ​ត្ត​ការណ៍​ដែលមាន​ភាព​តានតឹង​ដូចជា ការធ្វើ​បទ​បង្ហាញ ការប្រឡង ការធ្វើ​តេស្ត​ឈាម អាចជួយ​ឲ្យ​ពួកគេ​ធូរស្រាល​ក្នុង​អារម្មណ៍​ច្រើន ហើយក៏​អាច​នឹង​ពេញចិត្ត​ទទួលយក​លទ្ធ​ផលរប​ស់វា​បានដែរ​។​

​ជួយ​ឲ្យ​អ្នកនឹង​ដៃគូ​កាន់តែ​ជិតស្និទ្ធ​គ្នា​
​ការ​ឱបគ្នា​ត្រូវបាន​គេ​ដឹងថា ជួយ​បញ្ចេញ​អ័រម៉ូន Oxytocin ក្នុង​រាងកាយ ដែល​វា​ជា​សារធាតុ​មួយ​សំខាន់​ណាស់ ​ក្នុង​ការជួយ​ឲ្យ​មាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​ដៃគូ​។ វា​ក៏​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម ការឈឺចាប់ និង​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ដែរ​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com