អន្តរជាតិ
ក្រៅពី​លក់​អាវុធ​ដាច់ រុស្ស៊ី​អួតថា​ខ្លួន​សាកល្បង​អាវុធ ១៦២​ប្រភេទ​ក្នុង​សង្គ្រាម​ស៊ី​រី
07, Mar 2017 , 10:24 am        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu បានបញ្ជាក់​ប្រាប់​សមាជិក​សភា​ឌូ​ម៉ា​ថា កងទ័ព​រុស្ស៊ី​បាន​សាកល្បង​អាវុធ​ចំនួន ១៦២​ប្រភេទ​ក្នុងពេល​អន្តរាគមន៍​ក្នុង​ជម្លោះ​ស៊ី​រី​កន្លងមក​។ កន្លងមក​រុស្ស៊ី​ក៏បាន​ទទួលស្គាល់​ផងដែរ​ថា ការអន្តរាគមន៍​ក្នុង​ជម្លោះ​ស៊ី​រី​ដើម្បី​ប្រឆាំង​ភេរវកម្ម​បាន​ជួយ​ឲ្យ​អាវុធ​ខ្លួន​មាន​ទីផ្សារ​កាន់តែច្រើន​។​



​វា​មិនមែនជា​រឿង​ចម្លែក​ទេ​ដែល​រុស្ស៊ី​អួតអាង​ពី​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំង​ភេរវកម្ម ដោយ​ចូល​អន្តរាគមន៍​យោធា​របស់ខ្លួន​នៅក្នុង​ទឹកដី​ស៊ី​រី​ចាប់ពី​ចុងឆ្នាំ ២០១៥​មក​នោះ​។ តែ​លើក​នេះ​រុស្ស៊ី​បានប្រកាស​ជា​សាធារណ​ថា​ខ្លួន​ក៏បាន​យក​សង្គ្រាម​ស៊ី​រី​ដើម្បី​សាកល្បង​សព្វាវុធ​ច្រើន​ប្រភេទ​របស់ខ្លួន​ដូចគ្នា​។​

​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu បាន​ប្រាប់​ទៅកាន់​សភា​ជាន់​ទាប​ឌូ​ម៉ា​នៅ​ចុងខែ​កុម្ភៈ​ដោយ​លោក​ត្រូវបាន​ស្រង់​សម្តី​ដោ​យ​សារព័ត៌មាន NPR ថា សព្វាវុធ​ប្រហែល ១៦២​ប្រភេទ​មាន​គ្រប់​ធុន​ត្រូវបាន​សាកល្បង​ប្រើប្រាស់​ជោគជ័យ​នៅក្នុង​សង្គ្រាម​ស៊ី​រី​។

«​យើង​បាន​សាកល្បង​អាវុធ​ថ្មី និង​អាវុធ​ដែល​យើង​ធ្វើ​ទំនើបកម្ម​ចំនួន ១៦២​ប្រភេទ​នៅ​ស៊ី​រី​។ វា​បង្ហាញថា សព្វាវុធ​យើង​មាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​អាវុធ ១០​ប្រភេទ​ប៉ុណ្ណោះ​ដែល​មិនបាន​បញ្ចេញ​សមត្ថភាព​ខ្ពស់​ដូច​យើង​រំពឹងទុក​នោះ​»​។​

​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បញ្ជា​ឲ្យ​កងទ័ព​រុស្ស៊ី​ចូល​អន្តរាគមន៍​ក្នុង​ជម្លោះ​ស៊ី​រី​ក្រោមលេស​ជួយ​កម្ចាត់​ភេរវកម្ម​ចាប់ពី​ចុងឆ្នាំ ២០១៥​មក​។ រុស្ស៊ី​បាន​ពង្រាយ​សព្វាវុធ​ជាច្រើន​ប្រភេទ​និង​កងទ័ព​ជាច្រើន​ផង​ទៅ​ស៊ី​រី ហើយ​ក្នុងចំណោម​សព្វាវុធ​ទាំងនោះ​មាន​ទាំង​នាវាចម្បាំង​, នាវា​ដឹក​យន្តហោះ​, យន្តហោះ​ចម្បាំង យន្ត​ហើ​ទម្លាក់​គ្រាប់បែក និង​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ថែម​ទៀតផង​។​

​ក្នុងការ​អន្តរា​គន៍​ក្រោម​ស្លាក​ជួយ​ប្រឆាំង​ភេរវកម្ម​នេះ លោក ពូ​ទីន បានសម្រេច​គោលដៅ​នយោបាយ​ដ៏​ធំ​មួយ​គឹ​ការពារ​របប​ដឹកនាំ​ស៊ី​រី​របស់លោក បា​សា អាល់​អាសាដ ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់​និង​ការ​តាម​យារ​យីរ​របស់​ក្រុង​វ៉ាស៊ីនតោន​។ ក្រោមលេស​ប្រឆាំង​ភេរវកម្ម លោក ពូ​ទីន បាន​បញ្ជា​ទ័ព​ឲ្យ​សំពង​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល ជា​បន្តបន្ទាប់ រហូតដល់​ក្រុម​នេះ​បាក់ទ័ព​បាត់បង់​ទីក្រុង Aleppo នៅ​ចុងឆ្នាំ ២០១៦​កន្លងមកនេះ​ទៀត​។​

​ត្រឡប់មកវិញ ក្រៅពី​អួត​រឿង​យក​សង្គ្រាម​ស៊ី​រី​សាកល្បង​អាវុធ​ខ្លួន ក្រេ​ម​ឡាំង​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​បានបញ្ជាក់​ផងដែរ​ថា ការអន្តរាគមន៍​នៅ​ស៊ី​រី​បាន​ជួយ​ឲ្យ​អាវុធ​ខ្លួន​មាន​ទីផ្សារ​កាន់តែច្រើន​ដោយ​ការ​សំ​ញ៉ែង​ម​ហិរិ​ទ្ធិ​នៃ​សព្វាវុធ​របស់ខ្លួន​នោះ​។ រុស្ស៊ី​ថែមទាំង​ប្រ​ឡូយ​ពាក្យ​ថា ការចូល​អន្តរាគមន៍​នៅ​ស៊ី​រី​ប្រៀប​បីដូច​ជាការ​ផ្សាយពាណិជ្ជកម្ម​សព្វាវុធ​ដោយ​មិន​គិតថ្លៃ​ដូច្នេះ​ដែរ​៕


Tag:
 ​រុស្ស៊ី​
  Sergei Shoigu
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com