អន្តរជាតិ
ប៉ូលិស​ហ្វីលីពីន​ត្រៀម​គ្រាប់កាំភ្លើង​ប្រឡូក​ក្នុង​សង្គ្រាម​គ្រឿងញៀន​ឡើងវិញ ក្រោយ​ជ្រះស្រឡះ​រឿង​ពុករលួយ​
07, Mar 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ

​មួយខែ​ក្រោយ​ត្រូវ​ប្រធានាធិបតី​បញ្ជា​ឲ្យ​ឈប់​ពាក់ព័ន្ធ​សង្គ្រាម​គ្រឿងញៀន​ដោយសារ​មានរឿង​អាស​ស្រូវ​ពុករលួយ ប៉ូលិស​ហ្វីលីពីន​បានបញ្ជាក់​ជាថ្មី​ថា​ខ្លួន​អាច​ចាប់ផ្តើម​ការងារ​ជាថ្មី​ម្តងទៀត​បាន​ហើយ​។ មេ​ប៉ូលិស​ហ្វី​ពី​ន​បាន​សង្កត់ធ្ងន់ថា កូនចៅ​លោក​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ចូល​បំពេញការងារ​ឡើងវិញ​។



​ប៉ូលិស​ហ្វីលីពីន​នឹងត្រូវ​ត្រឡប់​ចូលប្រឡូក​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ឡើងវិញ​។ នេះ​ជាការ​បញ្ជាក់​របស់​មេ​ប៉ូលិស​ហ្វីលីពីន ឧ​ត្ត​ម​សេនីយ៍ Ronald Dela Rosa នៅ​ថ្ងៃ​ចន្ទ​ទី ៦ មីនា​នៅ​ទីបញ្ជាការ​ប៉ូលិស​ស្ថិតនៅ​រដ្ឋធានី​ម៉ានីល​។ ការប្រកាស​ពី​ការចូលរួម​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​របស់​ប៉ូលិស​ឡើងវិញ​នេះ​កើតឡើង​ប្រហែល ១​ខែក្រោយ​ការបញ្ជា​ឲ្យ​ប៉ូលិស​ដកខ្លួន ដោយសារ​សំណុំរឿង​អាស្រូវ​ពុករលួយ​ក្នុង​ស្ថាប័ន​ប៉ូលីស​ផ្ទុះឡើង​។​

​ក្នុងពេល​ប្រកាស​បើក​យុទ្ធនាការ​ឡើងវិញ ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស Dela Rosa បាន​បញ្ជាក់ថា ការកែទម្រង់​ផ្ទៃក្នុង​ប៉ូលិស​ត្រូវបាន​អនុវត្ត​រួចហើយ ហើយ​លោក​ធានាថា វា​នឹង​គ្មាន​បញ្ហា​ធំដុំ​រួមទាំង​ករណី​ការចាប់​ជម្រិត​និង​សម្លាប់​អ្នកជំនួញ​កូរ៉េខាងត្បូង​កន្លងមក​នោះ កើតឡើង​ជាថ្មី​ឡើយ​។​

​កាលពី​ចុងខែ​មករា​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌឺ​ទែ​តេ បានសម្រេច​បញ្ជា​ឲ្យ​ក្រុមប៉ូលិស​ដកខ្លួន​ចេញពី​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន ដោយ​លោក​លើក​ហេតុផល​ថា ស្ថាប័ន​ប៉ូលិស​នេះ​ជា​ស្ថាប័ន​ដែល​ពុករលួយ​បំផុត​ក្នុងចំណោម​ស្ថាប័នរដ្ឋ​ទាំងអស់​។ ប្រធានាធិបតី​រូបនេះ​ពិ​ព័ណ៌នា​ស្ថាប័ន​នេះ​ថា​ជាស​ត្វ​ស្អុយរលួយ​ត្រូវ​កាត់ចោល​ថែមទៀត​។​

«​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ចាប់ផ្តើម​ទៀតហើយ ហើយ​លើក​នេះ​វា​នឹង​កាន់តែ​ធំ​, ខ្លាំង និង​មានការ​សហការគ្នា​ច្បាស់លាស់​និង​ពេញលេញ​ដែល​វា​អាច​ធានាបាន​ពី​ប្រសិទ្ធិភាព ការទទួលខុសត្រូវ  និង​វិន័យ​ក្នុងចំណោម​មន្ត្រីប៉ូលិស​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Dela Rosa​។​

​តាមពិតទៅ​អាជ្ញាធរ​ហ្វីលីពីន​បានដាក់​ឈ្មោះ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ថា «​ជា​កាំភ្លើង​កាណុង​ពីរ​» ដែល​វា​សំដៅលើ​យុទ្ធសាស្ត្រ​រយៈពេល​វែង​ក្នុងការ​ប្រឆាំង​គ្រឿងញៀន​ក្នុងនោះ​មាន​មួយ​ធ្វើសង្គ្រាម​ប្រឆាំង​ឈ្មួញ​គ្រឿងញៀន​តាមផ្លូវ និង​មួយទៀត​បន្ត​ផ្តោតលើ​ការបង្ក្រាប​មេខ្លោង​ធំៗ​។​
​លោក Dela Rosa បាន​បន្តថា​៖« ថ្ងៃនេះ​យើង​នឹង​ចាប់ផ្តើម​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នេះ​ឡើងវិញ​។ យើង​ចាប់ផ្តើម​គម្រោង​នេះ​ជាថ្មី ដោយ​យើង​ដាក់ឈ្មោះ​យុទ្ធនាការ​នេះ​ថា ‘​កាំភ្លើង​កាណុង​ពីរ​ច្រក​គ្រាប់​ពេញ​ឡើងវិញ​’»​។​

​សូមបញ្ជាក់ថា ចាប់ពី​ពេលដែល​លោក ឌឺ​ទែ​តេ ឡើងកាន់​អំណាច​និង​ចាប់ផ្តើម​សង្គ្រាម​គ្រឿងញៀន​របស់លោក ប៉ូលិស​ហ្វីលីពីន​បានសម្លាប់​ប្រជាជន​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង ២៥៥០​នាក់ ហើយ​ជិត ៤០០០​នាក់​ផ្សេងទៀត​បាន​ស្លាប់​ក្នុង​ស្ថានការណ៍​ដែល​ពិបាក​ពន្យល់​ឲ្យ​បាន​ច្បាស់​។​មកដល់​បច្ចុប្បន្ន​ប្រជាជន​ហ្វីលីពីន​ភាគច្រើន​គាំទ្រ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន ប៉ុន្តែ​គេ​រិះគន់​រដ្ឋាភិបាល​ដោយសារ​វា​មានការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​និង​ការ​បំពារ​បំពារ​សិទ្ធិមនុស្ស​ខ្លាំង​ក្លាយ​ក្នុងការ​អនុវត្ត​សង្គ្រាម​គ្រឿងញៀន​នេះ​។​អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​អះអាងថា ការសម្លាប់​មនុស្ស​ក្នុង​សង្គ្រាម​គ្រឿងញៀន​នេះ​វា​ស្មើ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ទៅហើយ​៕


Tag:
 ប៉ូលិស​ហ្វីលីពីន​
  Ronald Dela Rosa
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com