អន្តរជាតិ
អាមេរិក​បញ្ជូន​ខែលការពារ​មី​ស៊ី​ល​ទៅដល់​ឧបទ្វីប​កូរ៉េ ឆ្លើយតប​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​
07, Mar 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សកម្មភាព​បង្ករឿង​របស់​ក្រុង​ព្យុងយ៉ាង​ដូចជា​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក បានក្លាយ​ជា​លេស​សម្រាប់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​អាមេរិក​ទៅកាន់​ឧបទ្វីប​កូរ៉េ​។ ពេល​ប្រព័ន្ធ​មី​ស៊ី​ល​នេះ​បញ្ជូន​ទៅដល់​ឧបទ្វីប​កូរ៉េ អាមេរិក​ប្រកាស​ជាថ្មី​ដែល​វា​ទំនងជា​សារ​មួយ​ផ្ញើ​ទៅកាន់​ក្រុង​ប៉េកាំង​ថា ខែល​មី​ស៊ី​ល​នេះ​ជា​របស់​ការពារ​ខ្លួន​សុទ្ធសាធ ហើយ​វា​មិន​គំរាមកំហែង​សន្តិសុខ​តំបន់​ឬ​ប្រទេស​ណាមួយ ដែល​ចាំបាច់​ត្រូវ​បារម្ភ​ឡើយ​។ សេត​វិមាន​អាមេរិក​រំពឹងថា វត្តមាន​ខែល​កា​ពារ​មី​ស៊ី​ល​អាមេរិក​នៅ​ឧបទ្វីប​កូរ៉េ នឹង​ជួយ​ពង្រឹងសមត្ថភាព​ការពារ​ខ្លួន និង​ទប់ទល់​បាន​រាល់​ការគំរាមកំហែង​នានា​ដែល​ក្រុង​ព្យុងយ៉ាង​បង្កឡើង​។​



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖




​ក្រោយ​ក្រុង​ព្យុងយ៉ាង​បន្ត​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​កបួន​គ្រាប់​នា​ថ្ងៃ​ចន្ទ ប្រទេសជិតខាង​ចាប់ផ្តើម​ភ័យ​បារម្ភ​ខ្លាំង​។​ក្នុងចំណោម​មី​ស៊ី​ល​ទាំងអស់​មាន ៣​គ្រាប់​បាន​ធ្លាក់ចូល​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​របស់​ជប៉ុន ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៣០០​គីឡូម៉ែត្រ​ពី​ទឹកដី​ជប៉ុន​។​

ក្រោយ​បាញ់​សាកល្បង​នេះ កូរ៉េខាងជើង​អួតថា មី​ស៊ី​ល​ខ្លួន​ជា​មី​ស៊ី​ល​បាលី​ស្ទិ​ក​បាញ់​ឆ្លង​ទ្វីប​ដែល​អាចមាន​សមត្ថភាព​ហោះ​ទៅដល់​ដី​អាមេរិក​។ គ្មាន​អ្នកណាម្នាក់​អាច​ដឹង​ច្បាស់​ទេ​ថា វា​ជា​ប្រភេទ​មី​ស៊ី​ល​បែបណា​នោះ ប៉ុន្តែ​វា​ជា​សញ្ញា​គ្រោះថ្នាក់​មួយ​សម្រាប់​តំបន់​។​


 
​យ៉ាងណាក៏ដោយ ក្រៅពី​ថ្កោលទោស កូរ៉េខាងត្បូង​ដាក់​ការសង្ស័យ​ចំពោះ​ប្រភេទ​មី​ស៊ី​ល​នេះ ដោយ​ខ្លួន​មិន​ជឿថា កូរ៉េខាងជើង​អាចមាន​លទ្ធភាព​ផលិត​មី​ស៊ី​ល​អន្តរទ្វីប​បានឡើយ​។ ប៉ុន្តែ​ក្រុង​សេ​អ៊ូ​ល​បានស្នើ​ឲ្យ​មានការ​ពង្រាយ​ខែល​ការពារ​មី​ស៊ី​ល​នៅក្នុង​ទឹកដី​របស់ខ្លួន​ឲ្យ​បាន​កាន់តែ​ឆាប់​ដើម្បី​ទប់ទល់​កូរ៉េខាងជើង​។

​ចំណែក​ក្រុង​តូ​ក្យូ​ឯណោះ​វិញ ស្លន់ស្លោរ​ផងដែរ​នៅពេលដែល​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ចូល​ដែនទឹក​របស់ខ្លួន​។ មហាអំណាច​តំបន់​មួយ​នេះ​ថ្កោលទោស​កូរ៉េខាងជើង​ខ្លាំងៗ ដែល​ហ៊ាន​បង្ករឿង​មិន​ឈប់​បែបនេះ​។ ក្រោយ​បញ្ហា​នេះ​កើតឡើង ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ  ក៏បាន​ទូរ​សព្ទ​ទៅកាន់​នាយករដ្ឋមន្ត្រី​ជប៉ុន ដោយ​ផ្តាំផ្ញើ​ទៅកាន់​ប្រជាជន​ជប៉ុន​ថា​អាមេរិក​នៅ​ជាមួយ​ប្រជាជន​ជប៉ុន​និង​ប្តេជ្ញា​ការពារ​សម្ព័ន្ធមិត្ត​នេះ​។​

១.​អាមេរិក​នៅ​ជាមួយ​ជប៉ុន «១០០​ភាគរយ​»

​ដល់​ថ្ងៃ​អង្គារ​ទី ៧​មីនា​នេះ នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បាន​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​ពី​កិច្ចសន្ទនា​របស់លោក​ជាមួយ​ប្រធានាធិបតី​អាមេរិក​ពាក់ព័ន្ធ​ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​ក្រុង​ព្យុងយ៉ាង​ចុងក្រោយ​នេះ​។ លោក​បាន​និយាយ​ដោយ​សុទិដ្ឋិនិយម​ថា ក្រុង​វ៉ាស៊ីនតោន​មិន​បោះបង់​ជប៉ុន​ឡើយ​។​

​បើតាម​លោក​អា​បេ លោក​និង​លោក ដូ​ណា​ល់ ត្រាំ ផ្ទាល់​បាន​ឯកភាពគ្នា​ថា សកម្មភាព​បង្ករឿង​របស់​កូរ៉េខាងជើង​ជាការ​បង្ករឿង​ដែល​រំលោភបំពាន​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​បង្ក​ផល​លំបាក​ក៏ដូចជា​គ្រោះថ្នាក់​ចំពោះ​សន្តិសុខ​និង​ស្ថិរភាព​តំបន់​។
​លោក​បន្តថា ៖« ប្រធានាធិបតី ត្រាំ បាន​ប្រាប់​ខ្ញុំ​ផ្ទាល់​ថា អាមេរិក​នៅ​ជាមួយ​ប្រជាជន​ជប៉ុន ១០០​ភាគរយ​។ ហើយ​គាត់​ចង់​ផ្ញើ​សារ​នេះ​ទៅកាន់​ប្រជាជន​ជប៉ុន​រាល់គ្នា​។ គាត់​ចង់​ឲ្យ​ប្រជាជន​ជប៉ុន​ជឿជាក់​លើ​គាត់​ផ្ទាល់ និង​ជឿជាក់​លើ​សហរដ្ឋអាមេរិក​»​។​

​ថ្វីបើ​មានការ​ឯកភាពគ្នា និង សុំ​ចិត្ត​ឲ្យ​ប្រជាជន​ជឿជាក់​លើ​អាមេរិក​ក៏ដោយ​ពី​សំណាក់​លោក ត្រាំ ក៏ដោយ​លោក អា​បេ​មិនបាន​ប្រាប់​ឲ្យ​បានច្បាស់លាស់​ទេ​ថា អាមេរិក​នឹងមាន​វិធានការ​បែបណា​ដើម្បី​ឆ្លើយតប​កូរ៉េខាងជើង​នោះ​។ កាលពី​សប្តាហ៍​មុន​លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន ចាត់ការ​កូរ៉េខាងជើង​ម្តង​ដែរ ក្រោយពេល​លោក​ផ្តល់​សុន្ទរកថា ទៅកាន់​សភាពេញអង្គ​។​

២.​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD មាន​វត្ត​មាននៅ​កូរ៉េខាងត្បូង​

​នៅ​កូរ៉េខាងត្បូង​ឯណោះ​វិញ សំណុំរឿង​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល THAAD នៅតែ​ជា​រឿងចម្រូងចម្រាស ព្រោះ​មាន​អ្នកជិតខាង​ដូចជា​ចិន​និង​រុស្ស៊ី​ជំទាស់​។ ប៉ុន្តែ​ក្រោយ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ម្តងទៀត​នេះ កូរ៉េខាងត្បូង​ត្រហេបត្រហប​ទទូច​សុំ​ឲ្យ​រដ្ឋបាល​លោក ត្រាំ ប្រញាប់​ដំឡើង​ប្រព័ន្ធ​មី​ស៊ី​ល​នៅលើ​ទឹកដី​ខ្លួន​ឲ្យ​បាន​។​

​ពាក់ព័ន្ធ​ការពង្រាយ​ខែល​ការពារ​មី​ស៊ី​ល​ទៅ​កូរ៉េខាងត្បូង​នេះ ទីបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បានប្រកាសថា ខ្លួន​បាន​ពង្រាយ​ខែល​ការពារ​មី​ស៊ី​នេះ​ទៅ​កូរ៉េខាងត្បូង​។



សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថាប័ន​យោធា​អាមេរិក​នេះ ដែល​ចេញ​នៅ​ថ្ងៃ​៦​មីនា បាន​បញ្ជាក់ថា អាមេរិក​ចាប់ផ្តើម​ពង្រាយ​សព្វាវុធ​នេះ​ទៅកាន់​ឧបទ្វីប​កូរ៉េ ដោយ​អនុលោម​តាម​សេចក្តីសម្រេច​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​កាលពី​ខែកក្កដា​ឆ្នាំ ២០១៦​។

«​ការបន្ត​សកម្មភាព​បង្ករឿង​របស់​កូរ៉េខាងជើង រួមទាំង​ការបាញ់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​នា​ថ្ងៃ​ចន្ទ​ទី​៦ មីនា​នេះ ជំរុញ​ឲ្យ​យើង​បញ្ជាក់​ជាថ្មី​ពី​ការសម្រេច​របស់​សម្ព័ន្ធ​មិត្ត​យើង​ទាំងពីរ​កាលពី​ឆ្នាំមុន​ពាក់ព័ន្ធ​ការពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​នេះ​។  យើង​នឹង​គោរព​សម្ព័ន្ធភាព​របស់​យើង​ជាមួយ​កូរ៉េខាងត្បូង ហើយក៏​ត្រៀមលក្ខណៈ​ដើម្បី​ការពារ​ខ្លួន​ផង និង​សម្ព័ន្ធមិត្ត​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ឧ​ត្ត​ម​សេនីយ៍ Harry Harris មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ក្នុង​សេចក្តីថ្លែងការណ៍​។​

៣.​អាមេរិក​បញ្ជាក់​ជាថ្មី​ថា ប្រព័ន្ធ​មី​ស៊ី​ល THAAD ពង្រឹង​ការការពារ​ខ្លួន​កូរ៉េខាងត្បូង​

​ជា​រឿង​ចៀស​មិន​ផុត​ឡើយ​ដែល ប្រទេសជិតខាង​កូរ៉េខាងត្បូង​ដូចជា​ចិន​មិន​សប្បាយចិត្ត​នៅពេលដែល​សព្វាវុធ​ដ៏​ទំនើប​របស់​អាមេរិក​ត្រូវ​ពង្រា​យមក​ក្បែរ​ព្រំដែន​ខ្លួន​។ ហេតុនេះហើយ​អាមេរិក​បានប្រកាស​ជាថ្មី​ថា សព្វាវុធ​ដែល​នឹងត្រូវ​ទៅ​ឈរជើង​នៅ​ឧបទ្វីប​កូរ៉េ​ជា​សព្វាវុធ​សម្រាប់​ការការពារ​ខ្លួន​សុទ្ធសាធ​។ គេ​មិនទាន់​ឃើញ​ប្រតិកម្ម​របស់​ក្រុង​ប៉េកាំង​នៅឡើយ​ទេ​ពាក់ព័ន្ធ​ការពង្រាយ​មី​ស៊ី​ល​អាមេរិក​នេះ​។​

​ក​សេចក្តីថ្លែងការណ៍​របស់​ទីបញ្ជាការ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​នោះបាន​បញ្ជាក់​ដូច្នេះ​ថា​៖«​ប្រព័ន្ធ THAAD មាន​សមត្ថភាព​ការពារ​ខ្លួន​តែ​ម្យ៉ាង​គត់ ហើយ​វា​មិន​បង្ក​គ្រោះថ្នាក់​ដល់​ប្រទេស​ណាមួយ​នៅក្នុង​តំបន់​ឡើយ​។ ខែល​ការពារ​មី​ស៊ី​ល​នេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ចាប់ និង​កម្ទេច​ប្រភេទ​មី​ស៊ី​ល​បាលី​ស្ទិ​ករ​យៈ​ចម្ងាយ​ខ្លី និង​រយៈ​ចម្ងាយ​មធ្យម​»​។​

​ទាក់ទង​ការពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​នេះដែរ អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក​លោក​Sean Spicer បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ថា ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាមេរិក​នឹង​ជួយ​ពង្រឹងសមត្ថភាព​ការពារជាតិ​របស់​ក្រុង​សេ​អ៊ូ​ល​ប្រឆាំង​ក្រុង​ព្យុងយ៉ាង​។ វា​ជា​កាត​ព្វ​មួយ​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុងនាម​ជា​សម្ព័ន្ធមិត្ត ក្នុងការ​ទប់ទល់​រាល់​ការគំរាមកំហែង​ផ្នែក​សន្តិសុខ ហើយ​អាមេរិក​ជឿជាក់ វត្តមាន​ប្រព័ន្ធ​មី​ស៊ី​ល​អាមេរិក​នឹង​ជួយ​រក្សា​សន្តិសុខ​, ស្ថិរភាព​, និង​សន្តិភាព​តំបន់​ទាំងមូល​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com