អន្តរជាតិ
​ម៉ាឡេស៊ី​ព្រមាន​ចាត់វិធានការ​ចាំបាច់ បើ​កូរ៉េខាងជើង​មិន​ព្រម​ដោះលែង​ប្រជាជន​ខ្លួន​
07, Mar 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​លោក ណា​ជីព រ៉ា​ហ្សា​ក់បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងជើង​ដោះលែង​ជនជាតិ​ម៉ាឡេស៊ី ចំនួន​១១​នាក់​ជាបន្ទាន់​ដើម្បី​បញ្ចៀស​វិបត្តិ​ការទូត​ធ្ងន់ធ្ងរ​។ ហើយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ព្រមាន​ចាត់វិធានការ​ចាំបាច់​ដើម្បី​ការពារ​ប្រជាជន​ខ្លួន​នៅ​កូរ៉េខាងជើង​ផង​។​



​បន្ទាប់ពី​ប្រជាជន​ខ្លួន​ត្រូវ​រដ្ឋាភិបាល​កូរ៉េខាងជើង​ឃាត់ខ្លួន នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី​លោក ណា​ជីព រ៉ា​ហ្សា​ក់ បានស្នើ​ឲ្យ​កូរ៉េខាងជើង​ដោះលែង​ប្រជាជន​ទាំង ១១​នាក់​នោះ​ជាបន្ទាន់​ដើម្បី​ទប់ស្កាត់​បញ្ហា​ធំ​កើតឡើង​រវាង​ប្រទេស​ទាំងពីរ​។ ម៉ាឡេស៊ី​ក៏បាន​ចាត់ទុក​សកម្មភាព​កូរ៉េខាងជើង​ជា ការចាប់​ចំណាប់ខ្មាំង​និង​មិនអាច​ទទួលយក​បានឡើយ​។​

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​ទទួលបាន​ដោយសារ​ព័ត៌មាន Channel News Asia ថា​៖« សកម្មភាព​ប្រមាថមើលងាយ ដែល​ចាប់​ប្រជាជន​យើង​ជា​ចំណាប់ខ្មាំង ប៉ះពាល់​ខ្លាំង​ដល់​ច្បាប់​អន្តរជាតិ និង ទំនៀមទម្លាប់​ការទូត​ផងដែរ​»​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​បន្តថា ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​កោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​បន្ទាន់​ផងដែរ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​។ លោក ណា​ជីព រ៉ា​ហ្សា​ក់ អធិប្បាយ​បន្ថែមថា ម៉ាឡេស៊ី​ចាត់ទុក​ប្រទេស​ទាំងអស់​ជា​មិត្ត ប៉ុន្តែ​ម៉ាឡេស៊ី​ក៏ត្រូវ​ធ្វើ​អ្វី​គ្រប់យ៉ាង​ដូចគ្នា​ដើម្បី​ការពារ​ប្រជាជន​ដូចគ្នា​។​

«​ក្នុងនាម​ជា​ប្រទេស​ស្រលាញ់​សន្តិភាព ម៉ាឡេស៊ី​ប្តេជ្ញាចិត្ត​រក្សា​ទំនាក់ទំនង​ជាមួយ​ប្រទេស​ទាំងអស់​ប៉ុន្តែ ការការពារ​ប្រជាជន​របស់​យើង គឺជា​រឿង​អាទិភាព​បំផុត​។ យើង​មិន​ស្ទាក់ស្ទើរ​ក្នុងការ​ចាត់វិធានការ​ចាំបាច់​ទាំងអស់​នៅពេលដែល​ពួកគេ​រង​ការគំរាមកំហែង​ឡើយ​»​។​

​មកទល់​ពេល​បច្ចុប្បន្ននេះ រដ្ឋាភិបាល​ម៉ាឡេស៊ី ក៏​ដាក់​បញ្ជា​ឲ្យ​ប៉ូលិស​ខ្លួន​ឃាត់​រាល់​មន្ត្រី​ទូត​មិន​ឲ្យ​ចាក​ចេញពី​ម៉ាឡេស៊ី​ដែរ ដរាបណា​ម៉ាឡេស៊ី​មិនអាច​ដឹង​ច្បាស់​ថា កូរ៉េខាងជើង​អាច​រក្សា​សុវត្ថិភាព​ប្រជាជន​ខ្លួន​បាន​ឬ​អត់​។

​ពាក់ព័ន្ធ​សុវត្ថិភាព​ប្រជាជន​ម៉ាឡេស៊ី ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA ស្រង់​សម្តី​ក្រសួងការបរទេស​កូរ៉េខាងជើង​ថា ប្រជាជន​ម៉ាឡេស៊ី​ទាំងអស់​ទាំង​១១​នាក់​បំពេញការងារ​និង​អាច​រស់នៅ​កូរ៉េខាងជើង​បានជា​ធម្មតា ខណៈដែល​បទបញ្ជា​ហាម​ធ្វើដំណើរ​នៅ​ជា​ធរមាន​នោះ​។

​សូមបញ្ជាក់​បន្តិច​ថា ទំនាក់ទំនង​រវាង​ម៉ាឡេស៊ី​និង​កូរ៉េខាងជើង​ធ្លាក់ចុះ​ខ្លាំង​ចាប់តាំងពី​ពេលដែល​មាន​ករណី​ឃាតកម្ម​លោក Kim Jong Nam ដែលជា​បងប្រុស​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នោះ​។ កូរ៉េខាងជើង​មិន​ពេញចិត្ត​របាយការណ៍​ស៊ើបអង្កេត​របស់​ប៉ូលិស​ម៉ាឡេស៊ី ហើយ​បាន​ចោទប្រកាន់ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​ចូល​ដៃ​ចូល​ជើង​ជាមួយ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ដើម្បី​ចង្អុល​ដាក់ខ្លួន​រឿង​ឃាត​កម្មនេះ​ទៀត​។ ដូច្នេះហើយ​បានជា​មានការ​ប្រឈមមុខ​គ្នា​ផ្នែក​ការទូត​រហូតដល់​ថ្នាក់​បណ្តេញ​មន្ត្រី​ទូត​ទៅវិញទៅមក​បែបនេះ​។

​បើសិនជា​គ្មាន​ដំណោះស្រាយ​សមស្រប​ទេ ការប្រឈមមុខគ្នា​ផ្នែក​ការទូត​នេះ​នឹង​ផ្ទុះ​កាន់តែ​ធំ ហើយ​កូរ៉េខាងជើង​និង​ម៉ាឡេស៊ី​អាច​នឹង​ផ្តាច់ចំណង​ការទូត​ដែល​បង្កើតឡើង​ចាប់ពី​ឆ្នាំ ១៩៧៣ ថែម​ទៀតផង​៕


Tag:
 ណា​ជីព រ៉ា​ហ្សា​ក់​
  ម៉ាឡេស៊ី​
  កូរ៉េខាងជើង​
  គីម ជុង​អ៊ុន​
  Kim Jong Nam
© រក្សាសិទ្ធិដោយ thmeythmey.com