អន្តរជាតិ
ដូ​ណា​ល់ ត្រាំ ចេញ​ក្រឹត្យ​ថ្មី​ហាម​ប្រជាជន​ប្រទេស​ម៉ូ​ស្លី​ម ៦ តែ​ដក​ឈ្មោះ​អ៊ីរ៉ាក់​ចេញ​
07, Mar 2017 , 10:59 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​ថ្មី​មួយទៀត​សំដៅ​ដល់​ការហាម​ប្រជាជន​មកពី​ប្រទេស​ម៉ូ​ស្លី​ម​ចូល​ដី​អាមេរិក​។ លើក​នេះ​ប្រទេស​អ៊ីរ៉ាក់​មិន​ស្ថិតក្នុង​បញ្ជី​ហាមឃាត់​ឡើយ ពោលគឺ​នៅសល់​ប្រទេស​ចំនួន​៦​ប៉ុណ្ណោះ​ក្នុងនោះ​មាន ស៊ី​រី​, លី​ប៊ី​, អ៊ីរ៉ង់​, ស៊ូដង់​, យេ​ម៉ែន និង​សូ​ម៉ាលី​។



​បន្ទាប់ពី​ក្រឹត្យ​ទីមួយ​ត្រូវ​តុលាការ​អាមេរិក​ទាត់ចោល លោក ដូ​ណា​ល់ ត្រាំ សម្រេច​ប្រើ​អំណាច​ចេញ​បទបញ្ជា​ថ្មី​មួយទៀត​ដើម្បី​ហាម​ប្រជាជន​មកពី​ប្រទេស​មាន​ប្រជាជន​ម៉ូ​ស្លី​ម​ច្រើន​ចំនួន ៦​ចូល​ដី​អាមេរិក​។​

​វា​មានការ​ផ្លាស់ប្តូរ​មួយចំនួន ដោយ​អ៊ីរ៉ាក់ ត្រូវបាន​គេ​ដក​ឈ្មោះ​ចេញពី​បទបញ្ជា​ថ្មី​នេះ​។ ហើយ​ប្រជាជន​នៃ​ប្រទេស​ខាងលើ​ដែល​បានរស់នៅ​អាមេរិក​ជា​អចិន្ត្រៃយ៍ និង​មាន​ទិដ្ឋាការ​នៅមាន​សុពលភាព​មិន​រង​ផលប៉ះពាល់​ដោយ​ក្រឹត្យ​ថ្មី​នេះឡើយ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បទបញ្ជា​ថ្មី​របស់លោក ដូ​ណា​ល់ ត្រាំ មាន​គោលដៅ​បញ្ឈប់​ទទួលយក​ជនភៀសខ្លួន​ចំនួន ១២០​ថ្ងៃ និង​ផ្អាក​ផ្តល់​ទិដ្ឋាការ​ដល់​ប្រជាជន​ស៊ី​រី​, លី​ប៊ី​, អ៊ីរ៉ង់​, ស៊ូដង់​, យេ​ម៉ែន និង​សូ​ម៉ាលី​ផងដែរ​។​

​ការសម្រេច​ដក​អ៊ីរ៉ាក់​ចេញពី​បញ្ជី​ហាមឃាត់​នេះ វា​ពាក់ព័ន្ធ​យុទ្ធនាការ​ប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​អ៊ីរ៉ាក់​។ អាមេរិក​មិនអាច​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​តែមួយ​ដែល​ប្រកៀក​ស្មារ​ប្រយុទ្ធ​កម្ចាត់​ក្រុម​ភេរវជន​ខឹងសម្បារ​ឬ​ទាស់ចិត្ត​ឡើយ​ក្នុង​កាលៈទេសៈ​នេះ​។

​ដូច​ឃើញស្រាប់ ក្រោយ​ក្រឹត្យ​ទីមួយ​ត្រូវ​លោក ដូ​ណា​ល់ ត្រាំ ដាក់ចេញ អ៊ីរ៉ាក់​ខឹង​អាមេរិក​ខ្លាំង ជាពិសេស​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់  Haider al-Abadi តែម្តង​។ តែ​លើក​នេះ​លែងមាន​ឈ្មោះ​អ៊ីរ៉ាក់ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ាក់​បាន​ប្រាប់​អាមេរិក​ថា​ខ្លួន​ពេញចិត្ត​ចំណាត់ការ​លោក ដូ​ណា​ល់ ត្រាំ ខ្លាំង​មែនទែន​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សេត​វិមាន​បានប្រកាសថា លោក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ៦​មីនា ហើយ​ក្រឹត្យ​នេះ​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃ ១៦​មីនា​ខាងមុខនេះ​។​

​បន្ទាប់ពី​ក្រឹត្យ​នេះ​ត្រូវបាន​ប្រធានាធិបតី​អាមេរិក​ចុះហត្ថលេខា អ្នកនាំពាក្យ​សេត​វិមាន​លោក Sean Spicer បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖«​គោលការណ៍​សំខាន់​នៃ​បទបញ្ជា​ប្រធានាធិបតី​នៅតែ​ដដែល​»​។​

​ចំណែក​រដ្ឋមន្ត្រីការបទេស​អាមេរិក​លោក Rex Tillerson ដែល​ស្ថិត​ក្នុងចំណោម​សមាជិក​គណៈរដ្ឋមន្ត្រី​ដែលមាន​វត្តមាន​ក្នុងពេល​ដូ​ណា​ល់ ត្រាំ ចុះហត្ថលេខា​លើ​បទបញ្ជា​ដែល​នោះបាន​ពណ៌នា​បទបញ្ជា​ថ្មី​នេះ​ថា ជា​វិធាន​ការដែល​សំខាន់​ក្នុង​ការធានា​សុវត្ថិភាព​និង​សន្តិសុខ​ជាតិ​អាមេរិក​។​

​ដោយឡែក រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក Jeff Session ដែល​ទើប​ប្រឈម​រឿងអាស្រូវ​ទាក់ទង​ជាមួយ​រុស្ស៊ី នោះបាន​ហៅ​វិធានការ​របស់លោក ដូ​ណា​ល់ ត្រាំ ថា​ចំណាត់ការ​ដ៏​ត្រឹមត្រូវ​និង​ចាំបាច់​ដែល​ជួយ​ឲ្យ​អាជ្ញាធរ​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​ប្រជាជន​ដែល​មក​អាមេរិក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

«​ប្រទេស​បី​ក្នុងចំណោម​ប្រទេស​ទាំងអស់​ដែល​យើង​ហាមឃាត់​មាន​ស៊ូដង់​, ស៊ី​រី និង​អ៊ីរ៉ង់ ជា​ប្រទេស​ដែល​គាំទ្រ​ភេរវកម្ម​។ ហើយ​ប្រទេស​ផ្សេងទៀត​ជា​ឋានសួគ៌​សម្រាប់​ក្រុម​ភេរវជន​លាក់ខ្លួន​និង​ធ្វើ​សកម្មភាព​ថែម​ទៀតផង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Jeff Session៕


Tag:
 ​ដូ​ណា​ល់ ត្រាំ​
  អ៊ីរ៉ាក់​
  ជនភៀសខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com