អន្តរជាតិ
របាយការណ៍​៖ ប្រជាជន​៩០០​លាន​នាក់​នៅ​អាស៊ី​ត្រូវ​បង់​«​ថ្លៃ​ទឹកតែ​»​ដើម្បី​ទទួលបាន​សេវា​ពីរ​ដ្ឋ​
08, Mar 2017 , 10:16 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រជាជន​ប្រហែល ច្រើនជាង​មួយ​ភាគ​បួន​នៃ​ប្រជាជន​ដែល​រស់នៅ​តំបន់​អាស៊ី​សុទ្ធតែ​បាន​ចំណាយលុយ​សូកប៉ាន់​ដើម្បី​បានទទួល​សេវាសាធារណ​របស់​រដ្ឋ​។ នេះ​បើតាម​របាយការណ៍​ពិ​សេសមួយ​អង្គការ​តម្លា​ភាព​អន្តរជាតិ​។ ស្ថាប័ន​នេះ​ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្នុង​តំបន់​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​ពុករលួយ​ស៊ី​រូង​ផ្ទៃក្នុង​ដែល​កំពុង​សាយ​ភាព​ពេញ​តំបន់​នេះដែរ​។​



​របាយការណ៍​មួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​បាន​រកឃើញថា ប្រជាជន​នៅ​អាស៊ី​ប្រហែល ៩០០​លាន​នាក់​ត្រូវ​បង្ខំចិត្ត​បង់លុយ​សូកប៉ាន់​ឬ​លុយ​ថ្លៃ​ទឹកតែ​ដើម្បី​ទទួលបាន​សេវាសាធារណ​របស់​រដ្ឋ​នោះ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP របាយការណ៍​នេះ​ត្រូវបាន​ចងក្រង​ឡើង​ដោយ​ផ្អែកលើ​ការ​ស្ទង់​មិ​ត​ប្រជាជន​ជាង ២​ម៉ឺន​នាក់​នៅក្នុង​ប្រទេស​ចំនួន​១៦​នៅក្នុង​តំបន់​ចាប់ពី​ប៉ា​គី​ស្ថាន​ទៅដល់​អូស្ត្រាលី​។ បើតាម​របាយការណ៍ ប្រជាជន​ទាំង ៩០០ លាន​នាក់ បាន​បង់លុយ​ទឹកតែ​យ៉ាងហោចណាស់​ក៏​ម្តង​ដែរ​ក្នុង​រយៈពេល ១២​ខែ​កន្លងទៅ​។​

​ការប្រើប្រាស់​លុយ​សំណូក​ឬ​លុយ​ទឹកតែ​នេះ​កើត​ច្រើនជាងគេ​នៅ​ឥណ្ឌា​និង​នៅ​ប្រទេស​វៀតណាម ដែលជា​ទីកន្លែង​ដែល​មនុស្ស​ចូលរួម​ស្ទង់​មតិ​ស្ទើរតែ​ពីរភាគបី​និយាយថា​ពួកគេ​ត្រូវការ​បង់លុយ​ដើម្បី​ទទួលបាន​សេវា​អប់រំ​និង​សុខាភិបាល​រដ្ឋ​។​

​ចំណែក​នៅ​ជប៉ុន កូរ៉េខាងត្បូង​និង​ហុងកុង​និង​អូស្ត្រាលី​វិញ របាយការណ៍​នេះ​រកឃើញថា ការ​បង់លុយ​សំណូក​កើតឡើង​តិចតួច​បំផុត​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ប្រទេស​សិង្ហ​បុរី​ដែលជា​រដ្ឋ​ស្អាតស្អំ​រឿង​អំពើពុករលួយ​នោះ​មិន​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​គេ​ស្ទង់​មតិ​ឡើយ​។​

​បើតាម​របាយការណ៍​ដ​ដែល ប្រជាជន​ក្រីក្រ​ក្លាយជា​ជនរងគ្រោះ​ខ្លាំងជាងគេ​ក្នុង​បញ្ហា​នេ​ហ ដោយ​ពួកគេ​ត្រូវ​បង្ខំ​បង់លុយ​ដើម្បី​បាន​សេវា​មូលដ្ឋាន​នេះ​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ ប្រធាន​ស្ថាប័ន​តម្លាភាព​អន្តរជាតិ​លោក Jose Ugaz បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នានា​ក្នុង​តំបន់​ប្រឹងប្រែង​ធ្វើយ៉ាងណា​ដោះស្រាយ​បញ្ហា​ពុករលួយ​ដែល​កំពុង​សាយភាយ​នេះ​ឲ្យ​បាន​រហ័ស​។ លោក​បាន​ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ពេលចេញ​របាយការណ៍​នេះ​ថា​៖«​រដ្ឋាភិបាល ត្រូវ​ប្រឹងប្រែង​ធ្វើការ​ងារ​ឲ្យ​ច្រើន​ដើម្បី​ជំរុញ​ការប្រឆាំង​អំពើពុករលួយ​។ សំណូក​សូកប៉ាន់​នេះ​មិនមែន​ត្រឹមតែ​ជា​បទឧក្រិដ្ឋ​តូចតាច​ទេ តែ​វា​ធ្វើ​ឲ្យ​ខាតបង់​ខ្លាំង​ទាំង​លើ​ការហូបចុក​,​ការសិក្សា​,​ប្រព័ន្ធ​សុខាភិបាល និង​ចុងក្រោយ​វា​អាច​សម្លាប់​មនុស្ស​ផង​»​។​

​យ៉ាងណា​ក៏ដោយចុះ បញ្ហា​ពុករលួយ​លែង​ជា​រឿង​ចម្លែក​ហើយ​សម្រាប់​ប្រទេស​នៅ​អាស៊ី​នេះ​។ ប្រទេស​ជាច្រើន​ក្នុង​តំបន់​រង​ផលប៉ះពាល់​ខ្លាំង​ពី​សំណុំរឿង​ពុករលួយ​នេះ ក្នុងនោះ​មាន​ទាំង​កូរ៉េខាងត្បូង​ថែមទៀត​។ លោកស្រី​ប៉ាក ហ្គឺ​ន​ហេ ប្រធានាធិបតី​ដែល​ត្រូវគេ​ព្យួរ​តំណែង​នោះបាន​រង​ការចោទប្រកាន់​ក្នុង​សំណុំរឿង​ពុករលួយ​។​

​ចំណែក​ម៉ាឡេស៊ី​ឯណោះ​វិញ នាយករដ្ឋមន្ត្រី​ណា​ជីព រ៉ា​ហ្សា​ក់ ប្រឹងប្រែង​ជម្នះ​ព្យុះភ្លៀង​ដើម្បី​ដោះស្រាយ​បញ្ហា​រឿងអាស្រូវ​ពុករលួយ​កិបកេង​លុយ​រដ្ឋ​រាប់រយ​លាន​ក្នុង​ក្រុមហ៊ុន​វិនិយោគ​រដ្ឋ​1MDB កន្លងមក​ដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com