អន្តរជាតិ
អាជ្ញាធរ​ថៃ បាន​រឹបអូស​ភ្លុក​ដំរី​ខុសច្បាប់​ជាង​៣០០​គីឡូក្រាម​
08, Mar 2017 , 2:52 pm        
រូបភាព
រូបពី Bangkok Post
រូបពី Bangkok Post
អាជ្ញាធរ​ថៃ បាន​រឹបអូស​ភ្លុក​ដំរី​ជាង​៣០០​គីឡូក្រាម ដែល​ឈ្មួញ​នាំ​មកពី​ប្រទេស​ម៉ាឡាវី (Malawi) ចូល​ទឹកដី​ថៃ នៅ​ចំណុច​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ ។ ភ្លាមៗ​នោះ​ប៉ូលិស​ថៃ ក៏បាន​ឃាត់ខ្លួន​ឈ្មួញ ដែល​ប្រព្រឹត្តិ​បទល្មើស​ជួញដូរ​ភ្លុក​ដំរី​ខុសច្បាប់​នេះ​ផងដែរ​។



​មន្ត្រី​អគ្គនាយកដ្ឋាន​គយ​ថៃ បាន​ឲ្យ​ដឹងថា ឈ្មួញ​ដែល​ជួញដូរ​ភ្លុក​ដំរី​ខុសច្បាប់​នេះ គឺជា​ជនជាតិ​ហ្គំ​ប៊ី ហើយ​បាន​រត់ពន្ធ​ភ្លុក​ដំរី​នេះ តាមរយៈ​ជើងហោះហើរ​ពី​ព្រលានយន្តហោះ Lilongwe នៃ​ប្រទេស​ម៉ាឡាវី ភាគខាងត្បូង​ប្រទេស​អាហ្វ្រិក ដោយបាន​ឆ្លង​កាត់ច្រក​ផ្លូវ​ត្រួតពិនិត្យ​សំខាន់ៗ​ជាច្រើន​។ ប៉ុន្តែ​មិនត្រូវ​ហាមឃាត់​ឡើយ ដោយសារតែ​ជនល្មើស​បានរៀបចំ​លាក់​បាំង​ភ្លុក​ដំរី​នេះ​បាន​យ៉ាង​ល្អ នៅក្នុង​ទំនិញរត់ពន្ធ​គយ​ដទៃទៀត​។ 

​អាជ្ញាធរ​ថៃ បាន​បន្ថែមថា ក្រោយពី​ទំនិញ​ខុសច្បាប់​នេះ ត្រូវបាន​ត្រួតពិនិត្យ​ដោយ​ប្រព័ន្ធ​វិភាគ (Scan)​ទំនិញ​នោះ មន្ត្រី​គយ​ថៃ ក៏បាន​រកឃើញ​ភ្លុក​ដំរី​ខុសច្បាប់​ជាច្រើន បាន​លាក់ទុក​ក្នុងចំណោម​ផ្ទាំងថ្ម​ធំ​ដទៃទៀត​។ ភ្លុក​ដំរី​នោះ មាន​ទម្ងន់​៣៣០​គីឡូក្រាម ដែល​ស្មើនឹង​៤២២​ភ្លុក ហើយ​អាច​លក់បាន​តម្លៃ​ជាង​១៧​លាន​បាត (​ជាង​៤៨ម៉ឺនដុល្លារ​អាមេរិក​)​។​

​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ ដែល​ទើបតែ​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​០៧ មីនា​នោះ ៖«​ជនជាតិ​ហ្គំ​ប៊ី​នេះ​បាន​បង្ហាញខ្លួន​នៅ​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ​កាលពី​ថ្ងៃអាទិត្យ ដោយ​អះអាងថា​ជា​ទំនិញ​របស់គេ​។ ភ្លាមៗ​នោះអាជ្ញាធរ​ថៃ បានស្នើ​ឲ្យ​បុរស​នោះ​បើក​ប្រអប់​Containers ស្រាប់តែ​រកឃើញ​ផ្ទាំង​ថ្ម និង​ភ្លុក​ដំរី​ទម្ងន់​៣៣០​គីឡូក្រាម​(៤២២​ភ្លុក​)»​។​

​មន្ត្រី​គយ​ថៃ បាន​និយាយថា ជនជាតិ​ហ្គំប៊ី​ ដែល​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​នេះ នឹងត្រូវ​ប្រឈមមុខ​ច្បាប់​ការពារ​សត្វព្រៃ និង​ច្បាប់​ហាមឃាត់​ផលិតផល​នាំចូល​សត្វព្រៃ នៃ​ច្បាប់គយ​ថៃ​។

​ចាប់តាំងពី​ឆ្នាំ​២០១៥​មក អាជ្ញាធរ​បាន​ចាប់ខ្លួនឈ្មួញ​ជួញ​ដួ​រ​ភ្លុក​ដំរី​ខុសច្បាប់​នេះ បាន​ចំនួន​២៤​នាក់​ហើយ ដោយ​ក្នុងនោះ​រឹបអូស​បាន​ភ្លុក​ដំរី​ចំនួន​៣,០២៧​ភ្លុក ដែលមាន​ទម្ងន់​សរុប​ជាង​៧​តោន​។​នេះ​បើ​យោងតាម​របាយការណ៍​នាយកដ្ឋាន​គយ​ថៃ ៕


Tag:
 ថៃ​
 ​ ភ្លុក​ដំរី
© រក្សាសិទ្ធិដោយ thmeythmey.com