អន្តរជាតិ
ចិន ប្រដៅ​កូរ៉េខាងជើង​, អាមេរិក និង​កូរ៉េខាងត្បូង​ឲ្យ​ឈប់​បង្កើត​ភាព​តានតឹង​ក្នុង​តំបន់​
08, Mar 2017 , 4:06 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​ភាព​តានតឹង​កើនឡើង​ខ្លាំង​នៅ​ឧបទ្វីប​កូរ៉េ មហា​យក្ស​ចិន​បានចេញ​មុខ​ស្នើ​ឲ្យ​ក្រុង​ព្យុងយ៉ាង​បញ្ឈប់​ឲ្យ​អស់​សម្មភាព​បង្ករឿង​ដូចជា​បាញ់​សាកល្បង​មី​ស៊ី​ល​។  ហើយ​ចិន​ក៏​ស្នើ​ឲ្យ​អាមេរិក​និង​កូរ៉េខាងត្បូង​ផ្អាក់​សមយុទ្ធ​យោធា​ហើយ​ត្រឡប់​ទៅ​ស្វែងរក​កិច្ចពិភាក្សា​គ្នា​វិញ​។​



សូមស្តាប់សំឡេង៖




​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំឆ្នាំ​នៅ​ដាច់ដោយឡែក​ពី​កិច្ចប្រជុំសភា​ប្រជាជន​ចិន​នា​ថ្ងៃ​ពុធ​ទី ៨​មីនា រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី (Wang Yi) បាន​អំពាវនាវ​ឲ្យ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង បញ្ឈប់​ឲ្យ​អស់​រាល់​សកម្មភាព​បាញ់​សាកល្បង​និង​បន្ត​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ដើម្បី​បន្ថយ​ភាព​តានតឹង​នៅក្នុង​តំបន់​។ បន្ថែម​ពីនេះ​ប្រមុខ​ការទូត​ចិន​ក៏បាន​ស្នើសុំ​ឲ្យ​កូរ៉េខាងត្បូង​និង​អាមេរិក​ឈប់​បង្ក​ភាព​តានតឹង​ដូចគ្នា ហើយ​ស្វែងរក​ឱកាស​ចរចា​វិញ​។​

​កាលពីដើម​សប្តាហ៍​នេះ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​របស់ខ្លួន​ចំនួន បួន​គ្រាប់ ដោយ​បី​គ្រាប់​បាន​ហោះ​ធ្លាក់​ទៅក្នុង​ដែន​សេដ្ឋកិច្ច​ផ្តាច់មុខ​ជប៉ុន​ថែមទៀត​។ តែ​គេ​សង្ស័យថា កូរ៉េខាងជើង​ធ្វើបែបនេះ​ក៏​ដើម្បី​ឆ្លើយតប​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​របស់​កូរ៉េខាងត្បូង​និង​អាមេរិក​ដូចគ្នា​។​

​យោងតាម​ទី​ភា្ន​ក់​ងារ​ព័ត៌មាន Reuters  ប្រមុខ​ការទូត​ចិន​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖« យោបល់​របស់​ចិន​ពេលនេះ​សម្រាប់​កូរ៉េខាងជើង​គឺ ជា​ជំហាន​ដំបូង ប្រទេស​នេះ​ត្រូវ​ផ្អាក​សកម្មភាព​នុយ​ក្លេ​អ៊េ​រ​និង​មី​ស៊ី​ល ហើយ​សម្រាប់​អាមេរិក​និង​កូរ៉េខាងត្បូង​វិញ គឺ​គេ​ត្រូវ​ផ្អាក​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​របស់ខ្លួន​»​។​

​លោក វ៉ាង យី បាន​សង្កត់ធ្ងន់ថា ការផ្អាក​សកម្មភាព​ទាំងសងខាង​នេះ​នឹង​អនុញ្ញាត​ឲ្យ​ភាគី​ទាំងពីរ​ត្រឡប់​ទៅកាន់​តុ​ចរចា​វិញ​បាន​ជាក់​ជាមិនខាន​។ ប៉ុន្តែ​ទោះជា​បែបនេះ​ក្តី​ចិន​ហាក់បីដូចជា​លែងមាន​ទឹកមាត់ប្រៃ​ទៀតហើយ​លើ​កូរ៉េ​ខា​ជើង​។ ដូច​កាលពី​ខែ​មុន កូរ៉េខាងជើង​ថែមទាំង​បាន​បន្ទោស​និង​រិះគន់​ចិន​ថែមទៀត​ដែល​មហាអំណាច​ជា​សម្ព័ន្ធមិត្ត​នេះ​មិន​ប្រើប្រាស់​សិទ្ធិ​ការទូត​ការពារ​កូរ៉េខាងជើង​ឲ្យ​ផុតពី​ទណ្ឌកម្ម​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឡើយ​។​

​លោក វ៉ាង យី ក៏បាន​ឆ្លៀតឱកាស​វាយ​កូរ៉េខាងជើង​បន្ត​ផង វាយ​កូរ៉េខាងត្បូង​និង​អាមេរិក បន្តិច​ផងដែរ​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​។ លោក​ថ្លែង​ដោយ​ប្រយោល​ថា «​មាន​អាវុធ​នុយក្លេអ៊ែរ​មិន​នាំមក​នូវ​សន្តិសុខ​ទេ ហើយ​ប្រើប្រាស់​កម្លាំង​ទ័ព​ក៏​មិនមែនជា​ដំណោះស្រាយ​ដែរ​។ វា​នៅតែមាន​ផ្លូវ​ដើម្បី​សម្រេច​សន្តិភាព​នោះ​គឺ​ការចាប់ផ្តើម​ជជែក​គ្នា​»​។​

​មួយវិញទៀត ការលើកឡើង​របស់លោក វ៉ាង យី កើតឡើង​ក្រោយ​ពេលដែល​សហរដ្ឋអាមេរិក​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ទៅកាន់​ឧបទ្វីប​កូរ៉េ​កាលពី​ថ្ងៃ ៧​មីនា​ម្សិលមិញ​នេះ​។ ការពង្រាយ​ខែល​មី​ស៊ី​ល​នេះ​ធ្វើឡើង​តាម​ការស្នើសុំ​របស់​ក្រុង​សេ​អ៊ូ​ល ប៉ុន្តែ​សកម្មភាព​នេះ​បង្ក​ភាពស្មុគស្មាញ​និង​ធ្វើ​ឲ្យ​ការប្រឈមមុខគ្នា​រវាង​កូរ៉េខាងត្បូង​និង​ចិន​កើនឡើង​ខ្លាំង​ថែមទៀត​។​

​យ៉ាងណា​ក៏ដោយចុះ​បញ្ហា​ឧបទ្វីប​កូរ៉េ​ជាពិសេស​បញ្ហា​ពង្រាយ​ខែល​ការពារ​មី​ស៊ី​ល​នេះ​ប្រហែលជា​នឹងត្រូវ​អាមេរិក​និង​ចិន​ជជែក​ពិភាក្សាគ្នា​នៅក្នុង​ពេលដែល​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក​Rex Tillerson អញ្ជើញ​ទៅដល់​ចិន​នៅ​ថ្ងៃ ១៨​មីនា​៕


Tag:
 វ៉ាង យី​
  ចិន​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  Rex Tillerson
© រក្សាសិទ្ធិដោយ thmeythmey.com