អន្តរជាតិ
មេដឹកនាំ​ក្រុម​អាវ​ក្រហម​ថៃ​ជាប់គុក​ដោយសារ​ប្រមាថ​ព្រះមហាក្សត្រ​
08, Mar 2017 , 8:39 pm        
រូបភាព
​តុលាការ​កំពូល​ថៃ​បានសម្រេច​ទទួលយក​ការកាត់ក្តី​របស់​សាលាដំបូង​ដែល​កាត់ទោស​ឲ្យ​មេដឹកនាំ​ក្រុម​អាវ​ក្រហម Yosvaris Chuklom ជាប់ពន្ធនាគារ​ដោយសារ​ហ៊ាន​ប្រមាថ​ព្រះមហាក្សត្រ​។ បើតាម​ច្បាប់​មេដឹកនាំ​ក្រុម​អាវ​ក្រហម​នេះ​អាច​នឹង​ជាប់ពន្ធនាគារ​រហូតដល់ ១៥​ឆ្នាំ​ឯណោះ​។​



​មេដឹកនាំ​ក្រុម​អាវ​ក្រហម​ថៃ​លោក Yosvaris Chuklom ប្រឈម​មុខការ​ជាប់ពន្ធ​នាគារ ១៥​ឆ្នាំ​ក្រោយពី​តុលាការ​កំពូល​ថៃ​យល់​ស្របតាម​ការសម្រេច​របស់​សាលាដំបូង​ដោយ​កាត់ទោស​លោក​ព្រោះ​ហ៊ាន​ប្រមាថ​ព្រះមហាក្សត្រ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Yasvaris ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា​ជា​មេដឹកនាំ​ម្នាក់​ក្នុងចំណោម​ក្រុម​អ្នក​ស្មោះស្ម័គ្រ​ក្រុមគ្រួសារ​ស៊ីណាវ៉ាត្រា ដែលមាន​ទាំង​លោក ថាក់ស៊ីន និង​លោកស្រី​យី​ង​ឡាក់​ដែល​អ្នក​ទាំងពីរ​សុទ្ធតែ​ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង​នោះ​។​

​តាមពិតទៅ​សំណុំ​រឿងនេះ​មិនមែនជា​រឿង​ថ្មី​ឡើយ​។ វា​បាន​កើតឡើង​តាំងពី​ឆ្នាំ ២០១០​មកម្ល៉េះ ពោលគឺ​កើតឡើង​ក្រោយ​លោក Yosvaris ថ្លែង​សារ​នយោបាយ​មួយនា​ឆ្នាំ​នោះ​ដែល​អាជ្ញាធរ​ជឿជាក់ថា លោក​មាន​គោលដៅ​វាយប្រហារ​លើ​ព្រះមហាក្សត្រ​។​

​ក្រោយ​មានការ​ចោទប្រកាន់ លោក Yosvaris បាន​បកស្រាយ​ថា លោក​មិនបាន​និយាយ​សំដៅលើ​អង្គ​ព្រះមហាក្សត្រ​ឡើយ ហើយ​លោក​ក៏​ព្យាយាម​អះអាងថា​លោក​គ្មាន​ចេតនា​ប្រមាថ​ព្រះមហាក្សត្រ​នោះឡើយ​។ ប៉ុន្តែ​តុលាការ​សម្រេច​ថា កាយវិការ​របស់​អ្នកនយោបាយ​រូបនេះ​មាន​បង្កប​អត្ថន័យ​មួយ​ដែល​ប្រមាថមើលងាយ​ព្រះមហាក្សត្រ​ដែល​មិន​អាចមាន​អ្នកណា​បំពារ​បំពារ​បាន​នោះ​។​

​យ៉ាងណាក៏ដោយ ក្រោយ​តុលាការ​កំពូល​សម្រេច​ចុងក្រោយ​នេះ លោក Yosvaris និង​មេធាវី​របស់លោក​ផ្ទាល់​មិនបាន​បកស្រាយ​អ្វី​ឡើយ​។ វា​ប្រាកដ​ណាស់​ថា លោក​គ្មាន​ផ្លូវ​តវ៉ា​ប្រឆាំង​ការសម្រេច​របស់​តុលាការ​កំពូល​នេះឡើយ​។​
 
​ចាប់តាំងពី​របប​សឹក​ដណ្តើម​អំណាច​បាន​កាល​ពី​ឆ្នាំ ២០១៤ ការប្រើប្រាស់​ច្បាប់​ប្រមាន​ថ​ព្រះមហាក្សត្រ​កើត​ឡើងជា​ញឹកញយ ហើយ​អ្នក​រិះគន់​រដ្ឋាភិបាល​ភាគច្រើន​ជាប់គុក​ដោយសារ​ច្បាប់​នេះ​។ ហើយ​អ្វីដែល​សំខាន់​នោះ ក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះ​ចៅ​ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត ការប្រើប្រាស់​ច្បាប់​នេះ​រឹតតែ​កើនឡើង​ខ្លាំង​ថែមទៀត​៕


Tag:
 មហាក្សត្រ​ថៃ​
  Yosvaris Chuklom
© រក្សាសិទ្ធិដោយ thmeythmey.com