អន្តរជាតិ
ចលនា​ប្រឆាំង​កូរ៉េខាងត្បូង​កើនឡើង​នៅ​ចិន ក្រោយ​ខែល​មី​ស៊ី​ល​អាមេរិក​ទៅដល់​ឧបទ្វីប​កូរ៉េ​
08, Mar 2017 , 9:59 pm        
រូបភាព
​ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD ទៅកាន់​ទឹកដី​កូរ៉េខាងត្បូង បានធ្វើ​ឲ្យ​ចិន​កាន់តែ​ក្តៅក្រហាយ​ខ្លាំង​។ ចិន​ហៅ​ការដំឡើង​សព្វាវុធ​ថា​ជា​កំហុសឆ្គង​មួយ  ដែល​វា​បានធ្វើ​ឲ្យ​ភាព​តានតឹង​រវាង​កូរ៉េខាងត្បូង​និង​ចិន​កើនឡើង​កាន់តែខ្លាំង ហើយ​មាន​ចលនា​អំពាវនាវ​ឲ្យ​ប្រជាជន​ចិន​ឈប់​ប្រើប្រាស់​ផលិតផល​កូរ៉េខាងត្បូង​ទៀត​។​



​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាមេរិក​បាន​ទៅ​ឈរជើង​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​អង្គារ​ទី ៧​មីនា​ម្សិលមិញ​នេះ​។ អាមេរិក​បាន​សង្កត់ធ្ងន់​ជាថ្មី​ថា ប្រទេស​នៅក្នុង​តំបន់​មិនចាំបាច់ បារម្ភ​ឡើយ ព្រោះ​ការពង្រាយ​សព្វាវុធ​នេះ​ជា​វិធានការ​សម្រាប់​រក្សា​សន្តិសុខ​សុទ្ធសាធ​។

​ទោះ​មានការ​បញ្ជាក់​បែបនេះ​ក្តី​ចិន​មិនបាន​ស្តាប់​ការបកស្រាយ​នោះឡើយ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយនា​ថ្ងៃ​ពុធ​ទី ៨​មីនា រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី (Wang Yi) បាន​ហៅ​ការសម្រេចចិត្ត​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​បញ្ជូន​សព្វាវុធ​ទៅ​កូរ៉េខាងត្បូង​ថា​ជា​កំហុសឆ្គង​មួយ​។​

​មន្ត្រីការទូត​ចិន​រូបនេះ​បាន​បន្ថែមថា ទង្វើ​កូរ៉េខាងត្បូង​និង​អាមេរិក​នេះ​មិន​ខុសពី​បង្កើត​ភាពស្មុគស្មាញ​បន្ថែម​សម្រាប់​បញ្ហា​ដែល​អាក្រក់​រួចទៅហើយ​ឡើយ​។ គេ​មើលឃើញថា ភាព​តានតឹង​រវាង​ចិន​និង​កូរ៉េខាងត្បូង​ដែលជា​មិត្ត​ជិតខាង​នោះ​កាន់តែ​កើនឡើង​គួរ​ឲ្យ​បារម្ភ​ក្រោយ​ការប្រកាស​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​នេះ​។​

​ក្នុងនាម​ជា​មហាអំណាច​តំបន់ ចិន​បាន​ប្រាប់​ទៅ​កូរ៉េខាងត្បូង​ថា ខ្លួន​ជំទាស់​ដាច់ខាត​ចំពោះ​ការដំឡើង​សព្វាវុធ​របស់​អាមេរិក​នៅជាប់​ព្រំដែន​របស់ខ្លួន​ព្រោះ​ខែល​មី​ស៊ី​ល​នេះ​មាន​បំពាក់​រ៉ា​ដា​ដែល​អាច​មើលឃើញ​ជ្រៅ​ចូលដល់​ទឹកដី​ចិន​។ ហើយ​ចិន​បាន​ព្រមាន​កូរ៉េខាងត្បូង​ផងដែរ​កន្លងមក​។​

 កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ចិន​បានសម្រេច​បិទ​ហាង​ផលិតផល​ក្រុមហ៊ុន Lotte របស់​កូរ៉េខាងត្បូង​ដែល​ដំណើរការ​នៅ​ចិន ក្រោយ​ពេលដែល​ក្រុមហ៊ុន​នេះ​ព្រម​ប្តូរ​ដី​ជាមួយ​យោធា​កូរ៉េខាងត្បូង​ដោយ​អនុញ្ញាត​ឲ្យ​គេ​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​។​

​ដោយសារ​បញ្ហា​នេះ ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​គោលនយោបាយ​នៃ​បក្ស​សេរីភាព​ដែលជា​បក្ស​កាន់អំណាច​កូរ៉េ​លោក Lee Hyun-jae បាន​បញ្ជាក់ថា កូរ៉េខាងត្បូង​កំពុង​ពិចារណា​ដាក់ពាក្យ​ប្តឹង​ចិន ទៅកាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​សងសឹក​ចិន​ផងដែរ​។​

​មក​ដល់ពេល​ឥឡូវនេះ អ្វីដែល​គេ​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​នោះ​គឺ​ចលនា​ប្រឆាំង​កូរ៉េខាងត្បូង​ផុសផុល​នៅក្នុង​ប្រទេស​ចិន​។ សូម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ចិន​ឈប់​ប្រើប្រាស់​ផលិតផល​កូរ៉េខាងត្បូង​ថែមទៀត​ផង​។​

​ចំណែក​ក្រុមហ៊ុន​កូរ៉េខាងត្បូង​នៅ​ចិន​ខ្លះ​ប្រឈម​បញ្ហា​ដោយមាន​របាយការណ៍​ព័ត៌មាន​ខ្លះ​ផ្សាយ​ថា ហាង​កូរ៉េខាងត្បូង​មួយចំនួន​រង​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​, ហាង​ខ្លះទៀត​ត្រូវ​បិទទ្វារ និង​ខ្លះទៀត​រង​ការផាកពិន័យ​ផងដែរ​៕


Tag:
 ចិន​
  THAAD
  កូរ៉េខាងត្បូង​
  វ៉ាង យី​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com