អន្តរជាតិ
តុលាការធម្មនុញ្ញសម្រេចបណ្តេញប្រធានាធិបតីស្ត្រីដំបូង ប៉ាក ហ្គឺនហេ ពីតំណែង
× តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នៅថ្ងៃទី១០ ខែមីនា បានសម្រេចចិត្តយល់ព្រមលើការបោះឆ្នោតដកតំណែងលោកស្រី ប៉ាក ហ្គឺនហេ ពីសំណាក់សភាកាលពីថ្ងៃទី៩ ខែធ្នូ ដែលធ្វើឲ្យលោកស្រីក្លាយជាប្រធានាធិបតីស៊ីវិលដំបូងគេ ត្រូវចាកចេញពីតំណែងតាមរយៈការបោះឆ្នោតទម្លាក់។ លោកស្រី ប៉ាក ហ្គឺនហេ អស់តំណែងក៏ព្រោះតែរឿងអាស្រូវពុករលួយដ៏ធំ ដែលជាប់ពាក់ព័ន្ធមនុស្សជាច្រើន។ ក្រោយការសម្រេចក្ដីនេះ ការបោះឆ្នោតប្រធានាធិបតីថ្មី នឹងត្រូវរៀបចំក្នុងពេល៦០ថ្ងៃទៀត។
បន្ទាប់ពីការពិចារណារាប់សប្ដាហ៍មក តុលាការធម្មនុញ្ញកូរ៉េខាងត្បូង បានសម្រេចចិត្តកាត់ក្ដីឲ្យលោកស្រី ប៉ាក ហ្គឺនហេ អស់តំណែងជាប្រធានាធិបតីហើយ។ តុលាការកំពូលនេះ បានតម្កល់ទុកជាបានការលទ្ធផលបោះឆ្នោតរបស់សភាថ្ងៃទី៩ ខែធ្នូ ហើយនេះក៏ទំនងជាការបញ្ចប់វិបត្តិនយោបាយ និងការតវ៉ាពីសំណាក់ប្រជាជនអស់ពេលជាច្រើនខែមកនេះ។
លោកស្រី ប៉ាក ហ្គឺនហេ ជាប្រធានាធិបតីស្ត្រីទី១ របស់កូរ៉េខាងត្បូង និងជាកូនស្រីអតីតមេដឹកនាំផ្ដាច់ការ ប៉ាក ជុងហ៊ី ។ ប៉ុន្តែវាសនារបស់លោកស្រីបែរជាមកបញ្ចប់ដោយសារតែរឿងអាស្រូវពុករលួយជាប់ទាក់ទងជាមួយមនុស្សជំនិតរបស់លោកស្រីទៅវិញ។ លោកស្រីត្រូវបានចោទថាបានបើកដៃឲ្យលោកស្រី Choi Soon-sil លូកលាន់កិច្ចការរដ្ឋ និងប្រើឥទ្ធិពលលើនយោបាយប្រទេសជាតិដើម្បីទាញយកប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្តែអ្នកទាំងពីរបានទាត់ចោលការចោទប្រកាន់នេះដោយអះអាងថា ខ្លួនមិនបានធ្វើអ្វីខុសឡើយ។
ពាក់ព័ន្ធការសម្រេចដកហូតយកតំណែងលោកស្រី ប៉ាកនេះ ដើម្បីបញ្ចប់តំណែងលោកស្រីបាន វាតម្រូវឲ្យមានចៅក្រមតុលាការធម្មនុញ្ញយ៉ាងហោចណាស់ ប្រាំមួយនាក់ក្នុងចំណោមប្រាំបីនាក់បោះឆ្នោតគាំទ្រ។ ចៅក្រមតុលាការនេះបានលើកឡើងមុនពេលសម្រេចដកតំណែងលោកស្រីថា ក្នុងពេលបំពេញភារកិច្ចលោកស្រីបានធ្វើឲ្យលេចធ្លាយឯកសារជាច្រើនដែលរំលោភលើបទបញ្ញត្តិស្តីពីការរក្សាការសម្ងាត់របស់មន្ត្រីរដ្ឋ និងបំពានច្បាប់ដែលអនុញ្ញាតឲ្យមិត្តខ្លួនលូកលាន់កិច្ចការងាររដ្ឋ។
«សកម្មភាពរបស់លោកស្រីប៉ាកធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ស្មារតីប្រជាធិបតេយ្យនិងនីតិរដ្ឋ។ ដូច្នេះតុលាការសម្រេចបណ្តេញលោកស្រី ប៉ាក ចេញពីតំណែង»។ នេះជាការប្រកាសរបស់ប្រធានតុលាការធម្មនុញ្ញ Lee Jung-Mi។
ក្នុងពេលដែលតុលាការធម្មនុញ្ញកំពុងដំណើរការនីតិវិធីរបស់ខ្លួននោះ គេក៏ឃើញមានប្រជាជនកូរ៉េខាងត្បូងជាអ្នកគាំទ្រលោកស្រី ប៉ាក រាប់ពាន់នាក់ប្រមូលផ្តុំគ្នាបាតុកម្ម ប្រឆាំងក្រុមបាតុករដែលតវ៉ាចង់ឲ្យមានការបណ្តេញលោកស្រី ប៉ាកពីតំណែងដូចគ្នា។
យ៉ាងណាក៏ដោយចុះ ក្នុងនាមជាមេដឹកនាំដែលឡើងកាន់តំណែងតាមការបោះឆ្នោតប្រជាធិបតេយ្យនេះ លោកស្រី ប៉ាក ហ្គឺនហេ ក៏ត្រូវបាត់បង់អភ័យឯកសិទ្ធិជាប្រធានាធិបតីដែរ ហើយអ្វីដែលធ្ងន់ធ្ងរនោះលោកស្រីអាចនឹងត្រូវប្រឈមមុខនឹងជាប់ទោសទណ្ឌថែមទៀត។ ក្រោយពីមានការព្យួរតំណែងលោកស្រី នាយករដ្ឋមន្ត្រី Hwang Kyo-ahn បានកាន់តំណែងជាប្រធានាធិបតីស្តីទីសិន។ ចំណែកការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នឹងត្រូវរៀបចំឡើងក្នុងរយៈពេលពេល៦០ ថ្ងៃបន្ទាប់ពីការដកហូតតំណែងនេះ៕
Tag:
ប៉ាក ហ្គឺនហេ
តុលាការធម្មនុញ្ញកូរ៉េខាងត្បូង
Choi Soon-sil
© រក្សាសិទ្ធិដោយ thmeythmey.com