អន្តរជាតិ
ចង់​ទម្លាក់​លោក Duterte ពី​កៅអី​ប្រធានាធិបតី ជា​រឿង​មិនអាច​ទៅរួច​?
16, Mar 2017 , 8:39 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (កណ្ដាល) អមដោយប្រធានព្រឹទ្ធសភា Aquilino Pimentel III (ឆ្វេង) និងប្រធានរដ្ឋសភា Pantaleon Alvarez (ស្ដាំ) (រូបថតពីរដ្ឋាភិបាលហ្វីលីពីន)
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (កណ្ដាល) អមដោយប្រធានព្រឹទ្ធសភា Aquilino Pimentel III (ឆ្វេង) និងប្រធានរដ្ឋសភា Pantaleon Alvarez (ស្ដាំ) (រូបថតពីរដ្ឋាភិបាលហ្វីលីពីន)
​កាន់តំណែង​បាន​៩​ខែ ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ក៏​ប្រឈមមុខ​ការដកហូត​តំណែង​ពាក់ព័ន្ធ​សំណុំរឿង​ជាច្រើន​។ សមាជិក​រដ្ឋសភា​បក្ស Magdalo លោក Gary Alejano បានដាក់​ពាក្យបណ្ដឹង​ប្រឆាំង​លោក Duterte ទៅកាន់​សភា ដោយ​ចោទ​ប្រធានាធិបតី​ថា​បាន​រំលោភ​រដ្ឋធម្មនុញ្ញ​, ជាប់​ពាក់ព័ន្ធ​ករណី​សូកប៉ាន់​, ប្រព្រឹត្ត​អំពើពុករលួយ និង​ឧក្រិដ្ឋកម្ម​កម្រិត​ខ្ពស់​មួយចំនួនទៀត​។ គណៈកម្មាធិការ​សភា នឹង​ពិនិត្យមើល​បណ្ដឹង​នេះ មុននឹង​ចាប់ផ្ដើម​ដំណើរការ​តាមផ្លូវ​ច្បាប់ ដែល​ត្រូវ​ឆ្លងកាត់​ការបោះឆ្នោត​នៅ​សភា​ទាំងពីរ​ជាន់​ជា​កន្លែង​ដែល​សម្ព័ន្ធមិត្ត​លោក Duterte ក្ដោប​ក្ដាប់​សំឡេង​ភាគច្រើន​។​



​សមាជិក​រដ្ឋសភា​ហ្វីលីពីន Gary Alejano បានដាក់​ពាក្យបណ្ដឹង​ប្រឆាំង​ប្រធានាធិបតី Duterte នៅ​ថ្ងៃទី​១៦ ខែមីនា នៅឯ​រដ្ឋសភា​ហ្វីលីពីន​។ ពាក្យបណ្ដឹង​នេះ បាន​ចោទ​លោក Duterte ជាច្រើន​ករណី​រួមមាន​ទាំង​ការបង្កើត​ក្រុម​ឃាតករ​សម្ងាត់​, សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ដែល​នាំទៅដល់​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​រាប់ពាន់នាក់​, ការមិន​លម្អិត​ព័ត៌មាន​ទឹកប្រាក់​រាប់​លា​ន​ពឺ​សូ និង​ទ្រព្យសម្បត្តិ​ដែល​មិន​ប្រកាស​ជាច្រើន​ទៀត​។​

​យ៉ាងណាក្ដី យោងតាម​សារព័ត៌មាន Rappler  វិមាន​ប្រធានាធិបតី Malacañang បញ្ជាក់ថា ពាក្យបណ្ដឹង​លើកដំបូង​នេះ គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ដែល​អាចឈាន​ទៅដល់​ការបោះឆ្នោត​ទម្លាក់​លោក Duterte ពី​តំណែង​ប្រធានាធិបតី​បានឡើយ​។ អ្នកនាំពាក្យ​ប្រធានាធិបតី Ernesto Abella បាន​និយាយ​ក្នុង​សន្និសីទកាសែត​ថា លោក Duterte មិនបាន​ក្បត់ជាតិ​, មិនបាន​បំពាន​ទំនុកចិត្ត​របស់​ប្រជាជន ហើយក៏​មិនបាន​ប្រព្រឹត្ត​អំពើពុករលួយ សូកប៉ាន់ ឬក៏​បំពាន​រដ្ឋធម្មនុញ្ញ​ដែរ​។​

​លើសពីនេះ អ្នកនាំពាក្យ​ដដែល​នេះ បាន​ហៅ​ពាក្យបណ្ដឹង​នេះ​ថា​ជា​ផ្នែក​មួយ​នៃ​ផែនការ ដែល​រៀបចំឡើង​ដើម្បី​បំបាក់​មុខមាត់​រដ្ឋបាល​លោក​ប្រធានាធិបតី Duterte ទៅវិញ​។ លោក Abella ក៏​បញ្ជាក់ដែរថា ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ មិនមែនជា​ស្នាដៃ​របស់​រដ្ឋាភិបាល​ដូច​ការចោទប្រកាន់​ឡើយ ហើយ​លោក Duterte ក៏​មិនមែន​ធ្វើ​មិនដឹងមិនលឺ​រឿងនេះ​ដែរ ដោយ​លោក​នឹង​ចាត់វិធានការ​ស្វែងរក​ជនល្មើស​មក​កាត់ទោស​ឲ្យ​បាន ព្រោះ​គ្មាន​នរណា​ធំ​ជាង​ច្បាប់​ឡើយ​។​

​យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់​រដ្ឋបាល​លោក Duterte ខាងលើ ហាក់​សង្ស័យ​សមត្ថភាព​របស់​គណបក្ស Magdalo ក្នុងការ​ប្រមូល​កម្លាំង​សមាជិកសភា និង​កងទ័ព​ដើម្បី​ផ្ដួល​លោក Duterte ពី​តំណែង​ប្រធានាធិបតី​។ Magdalo ជា​បក្ស​តូច​មួយ ដែលមាន​សមាជិក​ភាគច្រើន​មកពី​ក្រុម​យោធា និង​ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធសភា Antonio Trillanes IV ដែលជា​អ្នក​រិះគន់​លោក Duterte មិន​សំចៃមាត់​នោះឡើយ​។​

​ចង់​ទម្លាក់​លោក Duterte ដូច​យក​ពងមាន់​ជល់​នឹង​ថ្ម​?

​បើតាម​រដ្ឋធម្មនុញ្ញ​ហ្វីលីពីន​ឆ្នាំ​១៩៨៧ មាន​មូលហេតុ​ច្រើន​ដែល​អាច​ធ្វើជា​មូលដ្ឋាន​ដើម្បី​ឈានដល់​ការបោះឆ្នោត​ទម្លាក់​តំណែង​ប្រធានាធិបតី​។ ទោស​ក្បត់ជាតិ​, ការ​សូកប៉ាន់​, អំពើពុករលួយ និង​បទឧក្រិដ្ឋ​កម្រិត​ខ្ពស់ ឬ​ការ​ក្បត់​ទំនុកចិត្ត​ប្រជាជន សុទ្ធតែជា​អំពើ​ដែល​អាចធ្វើ​ឲ្យ​ប្រធានាធិបតី អស់តំណែង​ខ្ពង់ខ្ពស់​នេះ​បាន​។​

​មាត្រា​២ រដ្ឋធម្មនុញ្ញ​ហ្វីលីពីន​ចែងថា​៖ «​ប្រធានាធិបតី​, អនុ​ប្រធានាធិបតី​, សមាជិក​តុលាការ​ធម្មនុញ្ញ​, សមាជិក​គណៈកម្មការ​ធម្មនុញ្ញ និង​បេសកជន​ពិសេស អាច​ត្រូវបាន​បណ្ដេញ​ចេញពី​តំណែង ដោយ​ការបោះឆ្នោត​ទម្លាក់ ប្រសិនបើ​ប្រព្រឹត្ត​ទោស​ទាំង​អម្បាលម៉ាន​ខាងលើ​។​»​សមាជិក​រដ្ឋសភា និង​ប្រជាជន​ហ្វីលីពីន​ណា​ម្នាក់ សុទ្ធតែ​អាច​ប្ដឹង​ទម្លាក់​មន្ត្រី​ទាំងអស់​ខាងលើ ហើយ​មន្ត្រី​ទាំងនោះ អាច​ទទួល​បណ្ដឹង​ប្រឆាំង​ខ្លួន​បាន​មួយ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។​

​នៅ​រដ្ឋសភា ប្រសិនបើ​សមាជិក​មួយ​ភាគបី​នៃ​រដ្ឋសភា​យល់ព្រម​លើ​បណ្ដឹង ទើប​បណ្ដឹង​នោះ​អាច​បញ្ជូនបន្ត​ទៅកាន់​ព្រឹទ្ធសភា​។ សមាជិក​រដ្ឋសភា​ហ្វីលីពីន​មាន​ចំនួន​២៩២​នាក់ ហើយ​ក្នុងនោះ​២៦៧​នាក់ ជា​សម្ព័ន្ធមិត្ត​របស់លោក Duterte ដែល​សូម្បីតែ​ប្រធានរដ្ឋសភា ក៏​មកពី​បក្ស​តែមួយ​ជាមួយ​លោក Duterte ដែរ​។ ដូចនេះ​ច្បាស់​ណាស់​ថា ពាក្យបណ្ដឹង​នេះ មិនអាច​ឆ្លងកាត់​ដំណាក់កាល​នេះ​បានឡើយ ព្រោះ​អ្នកគាំទ្រ​លោក Duterte មាន​លើស​ពាក់កណ្ដាល​ទៅហើយ​។​

​ក្នុងករណី​បណ្ដឹង​របស់លោក Gary Alejano មាន​វាសនា​ឆ្លង​ផុត​រដ្ឋសភា ព្រឹទ្ធសភា​ហ្វីលីពីន នឹង​សម្រេចចិត្ត​លើ​បណ្ដឹង​នេះ​ម្ដង​។ ព្រឹទ្ធសភា នឹង​បើកសវនាការ​មួយ​កាត់ក្ដី ហើយដោយ​សារ​ជា​បណ្ដឹង​ប្រឆាំង​ប្រធានាធិបតី ប្រធាន​តុលាការ​កំពូល នឹង​ធ្វើជា​ប្រធាន​អង្គជំនុំជម្រះ​។ សមាជិក​ព្រឹទ្ធសភា នឹង​បោះឆ្នោត​ថា​ត្រូវ​ដកតំណែង​ប្រធានាធិបតី ដោយ​សំឡេង​ពីរភាគបី​នៃ​សមាជិក​ទាំង​២៤​នាក់ តែបើ​គ្មាន​សំឡេង​គ្រប់គ្រាន់​ទេ បណ្ដឹង​នេះ​មិន​យកជាការ​ឡើយ​។​

​ជាការ​ពិត បើ​យោងតាម​ចំនួន​សម្ព័ន្ធមិត្ត​លោក Duterte ទាំង​នៅ​រដ្ឋសភា និង​ព្រឹទ្ធសភា បណ្ដឹង​ប្រឆាំង​នេះ ទំនងជា​មិនមាន​ប្រយោជន៍​ឡើយ​។ មួយទៀត លោក Gary Alejano ទំនងជា​មិនអាច​ប្រមូល​សំឡេង​គ្រប់គ្រាន់​ដើម្បី​ទម្លាក់​ប្រធានាធិបតី Duterte ដែរ បើ​គ្មាន​ការចូលរួម​ពី​សមាជិក​ដទៃទៀត​។ ការព្យាយាម​របស់លោក​អាច​ត្រឹម​ជា​ការយក​ពងមាន់​ទៅ​ជល់​ថ្ម​ប៉ុណ្ណោះ​៕ 


Tag:
 ហ្វីលីពីន​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com