អន្តរជាតិ
ប៉ូលិសអង់គ្លេសចាត់ទុក​ការវាយប្រហារដោយ​កាំបិតនៅសភាជាសកម្មភាព«ភេរវកម្ម»​
22, Mar 2017 , 10:54 pm        
រូបភាព
ប្រភព៖ ITV
ប្រភព៖ ITV
ដោយ: ថ្មីៗ
 បុរសកាន់កាំបិតត្រូវបានប៉ូលិសបាញ់  បន្ទាប់ពីជន​នេះលួចឆ្លង​ចូល​សភា​អង់គ្លេស Westminster និង​វាយប្រហារ​លើប៉ូលិស​ម្នាក់ផង។ អាគារ​សភាទាំងមូលត្រូវបានបិទ​ កិច្ចប្រជុំ​ត្រូវបាន​ផ្អាកសិន ហើយនាយករដ្ឋមន្ត្រី​អង់គ្លេសត្រូវបានគេជម្លៀស​ចេញ​ពី​សភាផងដែរ។ នៅក្បែរ​គ្នានោះមានករណី​បើករថយន្តបុក​រះ​អ្នកដំណើរលើស្ពាន Wesminster ដោយ​បង្ក​ឲ្យមនុស្សយ៉ាងហោច​ណាស់១០នាក់រងរបួស។ គេមិន​ទាន់ច្បាស់​ថា អ្នកបើករថយន្ត ​និងជនកាន់កាំបិត​នោះ​ជាមនុស្សតែមួយ​ឬយ៉ាងណាឡើយ។ តែប៉ូលិសជាបឋម​​បានចាត់ទុកថា​ ការវាយប្រហារ​នេះ ជាករណី​ភេរវកម្ម​សិន ទម្រាំ​ប៉ូលីសអាច​រក​ឃើញហេតុផលពិត​ប្រាក។​ នេះបើយោងតាមទីភ្នាក់​ងារព័ត៌មាន  AP។


ប៉ូលិសអង់គ្លេសបានសម្រេចបាញ់បុរ​ស​ម្នាក់ដែលមានកាំបិត​ បន្ទាប់ពីជននោះឆ្លង​ចូលក្នុងសភា ហើយវាយប្រហារ​លើ​មន្ត្រីប៉ូលីសម្នាក់ផងដែរ។  ឧបទ្ទវហេតុនេះ​បាន​បង្ខំឲ្យសភា​អង់គ្លេសផ្អាកកិច្ចប្រជុំ ហើយនាយករដ្ឋមន្ត្រីអង់​គ្លេសលោកស្រី Theresa May ក៏ត្រូវបានគេ​ជម្លៀសចេញពីសភាតាម​ឡាន​ផងដែរបន្ទាប់ពីករណីនេះ។ សភា​ទាំងមូលត្រូវបានបិទនិងស្ថិតក្រោម​ការហ៊ុមព័ទ្ធ​ដោយប៉ូលិសផងដែរ។

ពាក់ព័ន្ធ​ការ​វាយប្រហារ​នៅក្នុងបរិវេណសភានេះ ខាងប៉ូលិស​អង់គ្លេសបាន​អះអាងថា​ ខ្លួនចាត់​ទុក​ករណីវាយប្រហារនេះជា​ករណីភេរវកម្ម ទម្រាំ​គេអាចរក​ឃើញ​ហេតុ​ផលពិតប្រាកដ​នៅ​ពី​ក្រោយការ​វាយប្រហារនេះ។

ដោយឡែក​ គេឃើញមានព័ត៌មាន​មួយទៀតពាក់ព័ន្ធ​ឧបទ្ទវ​ហេតុ​មួយនៅក្បែរ​​សភា​ផងដែរ។ នោះគឺការ​បើក​រថយន្ត​បុក​រះ​លើអ្នកដំណើរ​លើស្ពាន Wesminster ដែលស្ថិតនៅក្បែរ​សភា ហើយបង្កឲ្យ​​មនុស្ស​យ៉ាងហោចណាស់​ ១៤​ នាក់​រងរបួស​ និងអាចមាន​មនុស្សស្លាប់ផង។ គ្មានការ​បញ្ជាក់ច្បាស់​ពាក់ព័ន្ធករណីទាំងពីរ​នេះឡើយ  ហើយមាន​របាយការណ៍​ព័ត៌មាន​ខ្លះ​អះអាងថា ជន​ដែល​បើករថយន្តនោះជាមនុស្ស​តែម្នាក់ផង។ គេ​ផ្សាយ​ថា មុនឆ្លងចូល​ក្នុងសភា​ ជននោះ​បានបើកបុក​អ្នកដំណើរលើស្ពានសិន ហើយរថយន្ត​នោះបាន​បន្ត​ឆ្ពោះទៅបុក​របងសភា។ 


© រក្សាសិទ្ធិដោយ thmeythmey.com