ជាតិ
ខ្មែរ​ទទួល​លុយ​ជប៉ុន​ជាង ១០០​លាន​ដុល្លារ នៅ​រសៀល​ថ្ងៃទី​៣០​មីនា​នេះ​
30, Mar 2017 , 11:13 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា នឹង​ទទួល​ថវិកា​ប្រមាណ ១៤០​លាន​ដុល្លារ​អាមេរិក​ពី​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន នៅ​រសៀល​ថ្ងៃទី​៣០ ខែមីនា​នេះ​។​



​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជូន​ដំំ​ណឹ​ង​ថា ពិធី​ចុះហត្ថលេខា​ផ្ដល់ និង​ទទួល​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន​នេះ នឹង​ប្រព្រឹត្តិ​ក្រោម​វត្តមាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​, លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​,​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, លោក យូ​អ៊ី​ជី ស៊ូ​ហ្គា​ណូ (Yuichi SUGANO) ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA)​ប្រចាំ​កម្ពុជា និង ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា  (HORINOUCHI Hidehisa) ។​

​តាម​ក្រសួងការបរទេស កម្ពុជា​នឹង​យក​ថវិកា​សម្រាប់​អនុវត្ត​គម្រោង​ចំនួន ៤ ក្នុងនោះ រួមមាន គម្រោង​ការពារ​ទឹកជំនន់​ដំណាក់កាល​ទី​៤ ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ថវិកា​ចំនួន ១០៩ លាន​យ៉េន ស្មើនឹង​ប្រមាណ ៩៤៩.៩៧៣ ដុល្លារ​, គម្រោង​កែលម្អ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​មាន​ថវិកា​ចំនួន ១.៤៥៣ លាន​យ៉េន ស្មើនឹង​ប្រមាណ ១២,៦៦ លាន​ដុល្លារ​អាមេរិក​,   គម្រោង​កែលម្អ​ផ្លូវជាតិ​លេខ​៥ ពី​ក្រុង​បាត់ដំបង ដល់​ក្រុង​សិរី​សោ​ភ័យ ជំហាន​ទី​២​មាន​ថវិកា​ឥណទាន​សម្បទាន​ចំនួន ១១.១៣៦ លាន​យ៉េន​ស្មើនឹង​ប្រមាណ ៩៨ លាន​ដុល្លារ និង​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ខេត្តកំពង់ធំ​ដែលមាន​ថវិកា​ចំនួន ៣.២៧១ លាន​យ៉េន ស្មើនឹង​ប្រមាណ ២៨,៥ លាន​ដុល្លារ​អាមេរិក​។​

«​ប្រទេស​ជប៉ុន​គឺជា​ដៃគូ​ដ៏​សំខាន់បំផុត​មួយ​របស់​កម្ពុជា ហើយ​បានរួម​ចំណែក​ជាច្រើន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​»​។ ក្រសួងការបរទេស​ប​ញ្ជា​ក់​ក្នុង​សេចក្តីជូនដំណឹង នៅ​ថ្ងៃទី​២៩ មីនា​នេះ មុន​រំពឹង​បន្ថែមថា គម្រោង​នេះ​នឹង​ជួយ​កែលម្អ​តំបន់​ត​ភ្ជាប់​របស់​កម្ពុជា និង​ជួយ​ជីវភាព រួមទាំង​សុខភាព​ប្រជាជន​ឲ្យ​កាន់តែ​ប្រសើរឡើង​៕


Tag:
 ហ៊ុន សែន​
  ប្រាក់ សុខុន​
  HORINOUCHI Hidehisa
  JICA
  ជំនួយ​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com