អន្តរជាតិ
ដូ​ណា​ល់ ត្រាំ តែងតាំង​កូនស្រី​បង្កើតជា​ទីប្រឹក្សា តែ​មិន​ឲ្យ​ប្រាក់ខែ​
30, Mar 2017 , 9:59 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ និងកូនស្រី Ivanka Trump ដែលទើបទទួលការតែងតាំងជាជំនួយការ (រូបភាព Xinhua)
ប្រធានាធិបតី ដូណាល់ ត្រាំ និងកូនស្រី Ivanka Trump ដែលទើបទទួលការតែងតាំងជាជំនួយការ (រូបភាព Xinhua)
​កូនស្រី​បង្កើត​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ គឺ​នាង Ivanka Trump ត្រូវបានតែងតាំង​ជាម​ន្ត្រី​ក្នុង​រដ្ឋាភិបាល​របស់​ឪពុក​នាង​ហើយ​។ Ivanka ក្លាយជា​ទីប្រឹក្សា​ប្រធានាធិបតី​នៅឯ​សេត​វិមាន ប៉ុន្តែ​នាង​មិន​ទទួលបាន​ប្រាក់ខែ​ឡើយ​។ ការតែងតាំង​នេះ ធ្វើឡើង​ក្រោយ​ស្វាមី​របស់​នាង គឺ​លោក Jared Kushner ទើបត្រូវ​បានតែងតាំង​ជា​ប្រធានការិយាល័យ​ច្នៃប្រឌិត​របស់​សេត​វិមាន បន្ថែម​ពីលើ​តំណែង​ទីប្រឹក្សា​ជាន់ខ្ពស់​សម្រាប់​លោក ត្រាំ ជា​ឪពុកក្មេក​នោះ​។​



​កូនស្រី​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​តែង​នៅ​ពីក្រោយ​ការងារ​ដឹកនាំ​របស់​ឪពុក បានទទួល​តំណែង​ជា​ផ្លូវការ​ហើយ​។ សេត​វិមាន នៅ​ថ្ងៃទី​២៩ ខែមីនា បានប្រកាសថា Ivanka Trump ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​របស់លោក ត្រាំ បើទោះជា​នាង​មិន​ធ្លាប់មាន​បទពិសោធន៍​ពាក់ព័ន្ធ​កិច្ចការរដ្ឋបាល​អ្វី​សោះ​ក៏ដោយ​។ យ៉ាងណាក្ដី Ivanka នឹងមិន​ទទួលបាន​ប្រាក់កំរៃ​អ្វី​ទេ​ចំពោះ​តួនាទី​ថ្មី ដែល​នាំ​ឲ្យ​នាង​ចូលកាន់​តែ​កៀក​កិច្ចការ​ដឹកនាំ​ប្រទេស​របស់លោក ត្រាំ ។​

​តាមពិតទៅ នៅមុន​ការតែងតាំង​នេះ Ivanka បាន​ចូលរួម​ក្នុង​កិច្ចការ​ប្រចាំថ្ងៃ​របស់​ឪពុក​រួចស្រេច​ទៅហើយ​។ គេ​ឃើញ​មាន​វត្តមាន​របស់​នាង​ក្នុងជំនួប​រវាង​លោក ត្រាំ និង​បណ្ដា​មេដឹកនាំ​ពិភពលោក​ជាច្រើន​ដូច​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ​, អធិការបតី​អាល្លឺម៉ង់ Angela Merkel និង​នាយក​រដ្ឋ     មន្ត្រី​កាណាដា Justin Trudeau ជាដើម​។ វត្តមាន​ក្នុងជំនួប​ទាំងនេះ ធ្វើ​ឲ្យ​គេ​បារម្ភ​ខ្លាំង ព្រោះ​នាង​មិនមាន​តំណែង​អ្វី​សោះ​ក្នុង​រដ្ឋាភិបាល​។

​ជាមួយនឹង​ការ​តួនាទី​ជាទី​ប្រឹក្សា​ឪពុក Ivanka នឹងមាន​លទ្ធភាព​កាន់តែច្រើន​ក្នុងការ​លូកដៃ​ចូលក្នុង​ការងារ​ដឹកនាំ​ប្រទេស​មហាអំណាច​ពិភពលោក​មួយ​នេះ​។ បើតាម​សារព័ត៌មាន CNN កូនស្រី​ច្បង​លោក ត្រាំ ក៏​ដឹងថា​មានការ​ព្រួយបារម្ភ​ច្រើន​ទាក់ទង​នឹង​ការ​ចូលមក​លូកលាន់​កិច្ចការ​របស់​ឪពុក​នាង ហើយ​ដោយសារ​រឿងនេះ ទើប​នាង​សុខចិត្ត​ធ្វើជា​ជំនួយ​ការមិន​យកប្រាក់​ខែ និង​អនុវត្តតាម​បញ្ញត្តិ​ទាំងឡាយ​ដូច​មន្ត្រី​ទាំងឡាយ​ដែរ ដើម្បី​ចៀសវាង​ការបង្ក​ទំនាស់​ផលប្រយោជន៍​។​

​ការតែងតាំង​នេះ​ក៏​មានន័យថា ទាំង Ivanka ទាំង​ប្ដី​របស់​នាង Jared Kushner សុទ្ធតែជា​មន្ត្រី​នៃ​រដ្ឋាភិបាល​របស់់​ឪពុក​នាង​ទាំងអស់​។ លោក Kushner កាន់តំណែង​ទីប្រឹក្សា​ជាន់ខ្ពស់ ទើប​ទទួលបន្ទុក​ការងារ​ថ្មី​នៅ​ការិយាល័យ​ច្នៃប្រឌិត ដែល​មិន​ទទួល​ប្រាក់ខែ​ដូចគ្នា​។ ប៉ុន្តែ​ការតែងតាំង​កូន​ខ្លួនឯង​ជា​មន្ត្រី​ដូចនេះ ក៏​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​រឿង​បក្សនិយម​ដែរ បើទោះជា​ច្បាប់​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​តែងតាំង​កូនៗ និង​សាច់ញាតិ​សម្រាប់​តំណែង​ថ្នាក់ទាប​ក៏ដោយ​។​

​ក្រៅពី​ទំនាស់​ផលប្រយោជន៍ និង​បក្សពួកនិយម ការតែងតាំង​នេះ ក៏បង្ក​ការព្រួយបារម្ភ​ជុំ​វិភាព​មិន​ច្បាស់លាស់​របស់​លោក ត្រាំ ក្នុងការ​បែងចែក​ឲ្យ​ដាច់​រវាង​ការងារ​គ្រួសារ និង​កិច្ចការ​ប្រទេសជាតិ​។ Ivanka បាន​ដល់​ខ្លួន​ចេញពី​មុខ​ជំនួញ​របស់ខ្លួន​កាលពី​ខែមករា និង​បានរួម​ចំណែក​មិនផ្ទាល់​ក្នុង​ការជួយ​ការងារ​លោក ត្រាំ ។ ឯ​លោក ត្រាំ ផ្ទាល់ ក៏​ប្រកាស​មិន​ពាក់ព័ន្ធ​ការងារ​រកស៊ី​របស់​ក្រុមហ៊ុន​លោក​ដែរ និង​ទុក​ឲ្យ​កូនៗ​របស់លោក ជា​អ្នកចាត់ចែង​ជំនួញ​នេះ អំឡុងពេល​លោក​ធ្វើជា​ប្រធានាធិបតី​៕      


Tag:
 អាមេរិក​
  Donald Trump
  Ivanka Trump
© រក្សាសិទ្ធិដោយ thmeythmey.com