ជាតិ
ព័ត៍មានសុខភាព
រដ្ឋាភិបាល​ស្វី​ស​ប្តេជ្ញា​គាំទ្រ​ពេទ្យ​គន្ធ​បុ​ប្ជា ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​
30, Mar 2017 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ស្វី​សបាន​បញ្ជាក់ថា​ខ្លួន​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ឲ្យ​ដំណើរការ​បានជា​ប្រក្រតី​ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ​និង​សហប្រតិបត្តិការ​។



​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ​និង​សហប្រតិបត្តិ​ការដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​ស្វី​ស​បានប្រកាស​ប្តេជ្ញាចិត្ត​បន្ត​គាំទ្រ​មន្ទីរពេទ្យ​គន្ធបុប្ផា ទោះ​ក្នុងស្ថានភាព​ណាក៏ដោយ​។ នេះ​ជាការ​អះអាង​របស់​រដ្ឋា​ភិ​បាល​ស្វី​ស​បន្ថែម​ពីលើ​សេចក្តីប្រកាស​ព័ត៌មាន​របស់​មន្ទីរ​គ​ន្ធ​បុប្ផា​ដែល​ចុះផ្សាយ​ថ្ងៃ​ពុធ​ទី ២៩​មីនា​ម្សិលមិញ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ​និង​សហប្រតិបត្តិការ ដែល​ចុះផ្សាយ​ថ្ងៃ ២៩ ខែមីនា ឆ្នាំ ២០១៧ នោះបាន​បញ្ជាក់​ដូច្នេះ​ថា​៖ «​រដ្ឋាភិបាល​ស្វី​ស​រួមជាមួយ​មូល​នី​ធិ​គន្ធបុប្ផា​ប្តេជ្ញាចិត្ត​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលដៅ​សម្រេច​ឲ្យ​បាន​នូវ​និរន្តរ​ភាព​ហិរញ្ញវត្ថុ​ទ្រទ្រង់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​។ រដ្ឋាភិបាល​ស្វី​សនឹង​គាំទ្រ​មូលនិធិ​គន្ធបុប្ផា ក៏ដូចជា​វេជ្ជបណ្ឌិត Peter Studer ជា​ប្រធានស្តីទី​នៃ​មន្ទីរពេទ្យ​ដើម្បី​ឲ្យ មន្ទីរពេទ្យ​បន្ត​ដំណើរការ​ទៅមុខ​ក្នុងនាម​ជាម​ន្ទី​ពេទ្យ​គម្រូ​ដែល​ធានា​ថែទាំ​សុខភាព​កុមារ​និង​មាតា​ដែលមាន​គុណភាព​ខ្ពស់​និង​មិន​គិតថ្លៃ »​។​



​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នោះ​បន្ថែមថា រដ្ឋាភិបាល​ស្វី​ស​សោកស្តាយ​ខ្លាំង​ដែល​បានទទួល​ដំណឹង​ថា​ស្ថាបនិក​មន្ទី​ពេទ្យ​គន្ធបុប្ផា​លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឆ្នឺ​រ ដែល​ឈឺ​ធ្ងន់​និង​លាលែង​ពី​តំណែង​ជា​អ្នកគ្រប់គ្រង​មន្ទីរពេទ្យ​គន្ធបុប្ផា ផងដែរ​។ ចំណែក​ការគាំទ្រ​មន្ទីរពេទ្យ​គន្ធបុប្ផា​ពី​សំណាក់​រដ្ឋាភិបាល​ស្វី​ស​នេះ ក៏​ឆ្លុះបញ្ចាំង​ពី​សារសំខាន់​នៃ​ការផ្សាភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន​ស្វី​ស និង​កម្ពុជា​។​

​សូមបញ្ជាក់ថា គិត​ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១៦ មន្ទីរពេទ្យ​គន្ធបុប្ផា​ចំណាយ​អស់​ប្រមាណ​៥៦៣​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ៨៦,៤​ភាគរយ ជា​វិភាគទាន​សប្បុរសជន​ដែល​ភាគច្រើន​រស់នៅក្នុង​ប្រទេស​ស្វី​ស​។ ៨,៩​ភាគរយ ជា​វិភាគទាន​របស់​រដ្ឋាភិបាល​ស្វី​ស ហើយ ៤,៧​ភាគរយ វិភាគទាន​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។ ចាប់ពី​ឆ្នាំ​២០១២​មក ពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើនឡើង​បាន​ចូលរួម​វិភាគ​សប្បុរស​ដល់​មន្ទីរ​ពេទ្យ​៕


Tag:
 រដ្ឋាភិបាល​ស្វី​ស​
  គន្ធ​បុ​ប្ឆា​
  បេ​អាត រិច​ឆ្នឺ​រ​
© រក្សាសិទ្ធិដោយ thmeythmey.com