អន្តរជាតិ
មន្ត្រី​ចារកម្ម​អាមេរិក​ព្រមាន​ថា រុស្ស៊ី​អាច​លូកលាន់​ក្នុង​បោះឆ្នោត​បារាំង​ដើម្បី​ជួយ​លោកស្រី Le Pen
31, Mar 2017 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រធាន​គណៈកម្មាធិការ​ចារកម្ម​ប្រចាំ​ព្រឹទ្ធសភា​អាមេរិក​បាន​ព្រមាន​ថា រុស្ស៊ី​អាច​នឹង​លូកលាន់​ក្នុងការ​បោះឆ្នោត​បារាំង ដូចដែល​រុស្ស៊ី​បានធ្វើ​នៅក្នុង​ការបោះឆ្នោត​នៅ​អាមេរិក​ឆ្នាំមុន​ដែរ​។ ប៉ុន្តែ​កាលពី​សប្តាហ៍​មុន មេដឹកនាំ​រុស្ស៊ី​បានប្រកាស​រុស្ស៊ី​គ្មាន​រឿង​អ្វី​ត្រូវ​លូកលាន់​ក្នុង​បញ្ហានយោបាយ​រួមទាំង​ការបោះឆ្នោត​បារាំង​ឡើយ​។​



​សមាជិក​ព្រឹទ្ធសភា​ដែលជា​ប្រធាន​គណៈកម្មាការ​ចារកម្ម​លោក Richard Burr បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​ទី ២៩ ខែមីនា​ថា ក្រុង​ម៉ូស្គូ​នៅតែ​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​មួយ​ក្នុងការ​លូកលាន់​និង​បំផ្លាញ​ដំណើរការ​បោះឆ្នោត​នៅ​បណ្តា​ប្រទេស​លោកខាងលិច​។

​សមាជិក​ព្រឹទ្ធសភា​រូបនេះ​ក៏​ព្រមាន​ដែរ​ថា រុស្ស៊ី​នឹង​លូកលាន់​ដំណើរការ​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង ដូចដែល​រុស្ស៊ី​បានធ្វើ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  Richard Burr បានបញ្ជាក់​ដូច្នេះ​«​អ្វីដែល​យើង​អាច​វាយតម្លៃ​បាន​គឺ ការ​លូកលាន់​ជាសម្ងាត់​ចូលក្នុង​ការបោះឆ្នោត​នៅ​អាមេរិក​ឆ្នាំ ២០១៦ ហើយ​វា​ក៏​អាចមាន​ការជ្រៀតជ្រែករ​បៀ​ប​នេះ​ក្នុងការ​បោះឆ្នោត​នៅ​បារាំង​ឬ​អាល្លឺម៉ង់​ដែរ​»​។

​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាងលើ​បន្ថែមថា​៖«​វា​ជា​រឿង​សុវត្ថិភាព ដែល​គេ​វាយតម្លៃថា រុស្ស៊ី​ជាប់​ពាក់ព័ន្ធ​ក្នុងការ​បោះឆ្នោត​នៅ​បារាំង​ពេលនេះ​»​។​

​ក្រោយ​ដូ​ណា​ល់ ត្រាំ ឈ្នះឆ្នោត លោក Burr បាន​បន្ត​ដឹកនាំ​ការស៊ើបអង្កេត​របស់​ព្រឹទ្ធសភា​ដើម្បី​បំបែកសំណុំរឿង​ដែល​ចោទថា​ប្រធានាធិបតី​រុស្ស៊ី​វ្ល៉ា​ឌី​មៀ ពូ​ទីន ជ្រៀត​ជ្រែកចូល​ក្នុងការ​បោះឆ្នោត​អាមេរិក​។  សមាជិក​ព្រឹទ្ធសភា​រូបនេះ​បាន​អះអាងថា រុស្ស៊ី​មានលទ្ធភាព​ធ្វើ​គ្រប់យ៉ាង​ដើម្បី​បង្កបញ្ហា​ក្នុងការ​បោះឆ្នោត​រើស​មេដឹកនាំ​នៅ​អឺរ៉ុប និង​ជួយ​បេក្ខជន​ណាមួយ​ដែល​គេ​ពេញចិត្ត​។​

​តាមពិតទៅ បារាំង​នឹង​រៀបចំ​ការបោះឆ្នោត​ប្រធាន​ធិបតី​ជុំទីមួយ​នៅ​ចុងខែ​មេសា និង​ជុំ​ទី ២​នៅ​ដើមខែ​ឧសភា​ខាងមុខនេះ​។ បេក្ខជន​កណ្តាល​និយម​លោក Emmanuel Macron និង​បេក្ខជន​ស្តាំនិយម​ជ្រុល​លោកស្រី Marine Le Pen មានលទ្ធភាព​ខ្ពស់​ក្នុងការ​ឈានទៅ​ការបោះឆ្នោត​នេះដែរ​។ របាយការណ៍​ស្ទង់​មតិ​មួយចំនួន​បាន​បង្ហាញថា លោក Macron នឹង​ឈ្នះឆ្នោត តែ​លោក​នឹងត្រូវ​ប្រកួតប្រជែង​ជាមួយ​លោកស្រី Le Pen នៅក្នុង​ការបោះឆ្នោត​ជុំ​ទី ២ នា​ថ្ងៃ ៨ ឧសភា​។​

​គេ​បារម្ភ​ថា របប​ដឹកនាំ​ក្រេ​ម​ឡាំង​អាច​នឹង​ជួយ​លោកស្រី Marine Le Pen ឲ្យ​ឈ្នះឆ្នោត​ព្រោះ​លោកស្រី​មាន​និន្នាការ​លម្អៀង​មករក​រុស្ស៊ី និង​ធ្លាប់​សន្យា​ស្តារ​ទំនាក់ទំនង​រវាង​បារាំង​ជាមួយ​រុស្ស៊ី​វិញ​ផងដែរ បើសិនជា​លោកស្រី​ជាប់ឆ្នោត​។ អ្វីដែល​គួរ​ឲ្យ​សង្ស័យ លោកស្រី​បេក្ខជន​ប្រធានាធិបតី​នេះ​បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​រុស្ស៊ី និង​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​វ្ល៉ា​ឌី​មៀ ពូ​ទីន ថែមទៀត​កាលពី​ចុង​សប្តាហ៍​មុន​។ ប៉ុន្តែ​លោក ពូ​ទីន បានបញ្ជាក់​ច្បាស់​ក្នុងជំនួប​នោះ​ថា រុស្ស៊ី​គ្មាន​មូលហេតុ​អ្វីដែល​ត្រូវ​លូកលាន់​ឬ​ជ្រៀតជ្រែក​ក្នុង​បញ្ហានយោបាយ​បារាំង​ឡើយ​៕


Tag:
 Marine Le Pen
  Emmanuel Macron
  Richard Burr
  ការបោះឆ្នោត​បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com