ជាតិ
​​​ន​យោ​បាយ​ជាតិ​
ពលរដ្ឋ​ថៃ បាន​រារាំង​ក្រុម​សកម្មជន​ថៃ​មួយក្រុម កុំ​ឲ្យ​មានការ​រំខាន​ដល់​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​
31, Mar 2017 , 9:20 am        
រូបភាព
ភ្នំពេញ៖ ​ប្រជាពលរដ្ឋ​ថៃ ដែល​រស់នៅ​ខេត្ត Buri Ram បាននាំគ្នា​រារាំង​ក្រុម​សកម្មជន​ថៃ​មួយក្រុម កុំ​ឲ្យ​មក​រំខាន​ដល់​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​។ ក្រុម​សកម្មជន​ប្រឆាំង​អំពើពុករលួយ​ថៃ ត្រូវ​ពលរដ្ឋ​រារាំង​នេះ បាននាំគ្នា​ធ្វើដំណើរ​ទៅ​ត្រួត​ពិនិត្យមើល​ការសាងសង​កាស៊ីណូ​មួយកន្លែង ក្នុង​តំបន់​ព្រំដែន​ប្រទេស​ទាំងពីរ​។​



​ក្រុម​សកម្មជន​ថៃ ដែល​ដឹកនាំ​ដោយ​លោក Veera Somkwamkid នោះ​ត្រូវបាន​អាជីវករ និង​ពលរដ្ឋ​ថៃ​ជាច្រើន​នាក់ រារាំង​ដំណើរ​ពួកគេ​មិន​ចូលមក ត្រួត​ពិនិត្យមើល​ការសាងសង់​កាស៊ីណូ តាម​ព្រំដែន​កម្ពុជា​-​ថៃ ឡើយ​។ មូល​ហេតុដែល​ពលរដ្ឋ​ថៃ រារាំង​ក្រុម​សកម្មជន​ទាំងនោះ ដោយសារតែ​ពួកគេ​បារម្ភ​ពី​ភាពអសន្តិសុខ​តាម​ព្រំដែន ដែល​អាច​បង្កឡើង​ដោយ​ក្រុម​សកម្មជន​ថៃ​ទាំងនេះ​។​

​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ ដែល​បាន​ស្រង់​សម្តី​ប្រជាពលរដ្ឋ​ថៃ បាន​និយាយថា​៖«​ពួកគេ​ចង់​ឲ្យ​ក្រុម​សកម្មជន​របស់លោក Veera បញ្ឈប់​សកម្ម​អធិការកិច្ច​ស៊ើបអង្កេត​របស់គេ​ទៅ​។ ព្រោះ​ពួកគេ​មិន​ចង់ឃើញ​សកម្មភាព​ច្របូកច្របល់​របស់​ក្រុម​សកម្មជន​ទាំងនោះ បង្ក​ឲ្យ​មាន​ជម្លោះព្រំដែន ជាមួយ​ប្រទេសជិតខាង​កម្ពុជា​នោះទេ​។ ពួកគេ​មិន​ចង់​រត់ និង​លាក់ខ្លួន​ដោយសារតែ​ការបាញ់​គ្នា​ទៅវិញទៅមក​រវាង​ទាហាន​កម្ពុជា និង​ទាហាន​ថៃ​នោះឡើយ​»​។​

​សកម្មជន​ប្រឆាំង​អំពើពុករលួយ​លោក Veera Somkwamkid ខាងលើនេះ ធ្លាប់បាន​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា​បង្កបញ្ហា​ម្ដង​ហើយ កាលពី​ឆ្នាំ​២០១១​។ កាលណោះ​លោក Veera  និង​បក្ខ​ពួកគេ​ចំនួន​៦​នាក់​ទៀត ត្រូវបាន​អាជ្ញាធរ​ខ្មែរ​ចាប់ខ្លួន ហើយ​ត្រូវ​តុលាការ​ខ្មែរ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៨​ឆ្នាំ លបចូល​និង​ស៊ើបការណ៍​សម្ងាត់​ក្នុង​ទឹកដី​កម្ពុជា​ខុសច្បាប់​។

​តែ​យ៉ាងណា​សកម្មជន​ប្រឆាំង​អំពើពុករលួយ​ថៃ លោក Veera Somkwamkid បាន​និយាយថា មូលហេតុ​ដែល​ក្រុម​របស់​ពួកគេ ចង់​មក​ត្រួតពិនិត្យ​គម្រោង​សាងសង​កាស៊ីណូ នៅជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ឲ្យ​បានដឹង​ច្បាស់​ថា តើ​កាស៊ីណូ​នេះ សាងសង​ក្នុង​ទឹកដី​ថៃ ឬ​ក្នុង​ទឹកដី​កម្ពុជា​ប៉ុណ្ណោះ​។ បើតាម​លោក Veera ពលរដ្ឋ​ថៃ​មួយចំនួន មិន​ចង់​ឲ្យ​មានការ​សាងសង់​កាស៊ីណូ​នៅលើ​ទឹកដី​ថៃ តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នោះដែរ​។ ហើយ​លោក​មិន​ជឿថា កាស៊ីណូ​នឹង​សាងសង​នៅក្នុង​ទឹកដី​កម្ពុជា ដូច​ការលើកឡើង​រប​ស់​ឧបនាយករដ្ឋមន្ត្រី​ថៃ Prawit Wongsuwon នោះទេ​។​

​លោក Veera ដែល​បានទទួល​ការ​ពាក្យបណ្ដឹង​របស់​ព​ល​រដ្ឋ​ថៃ ដែល​រស់នៅ​តំបន់​សាងសង​កាស៊ីណូ​ជាប់​ព្រំដែន​នោះ បាន​អះអាងថា បើ​ការសាងសង​កាស៊ីណូ​នេះ នៅក្នុង​ទឹកដី​ថៃ​មែន​នោះ វា​នឹង​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​អធិប​តេ​យ្យ​ភាព​ប្រទេស​ថៃ​។​

​ការសាងសង​កាស៊ីណូ​មួយកន្លែង នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ នោះ គឺ​ស្ថិតនៅក្នុង​គម្រោង​នៅឡើយ​ទេ​។ ហើយ​គម្រោង​នេះ​នឹង​ចាប់ផ្ដើម​ដំណើការ​នៅ​ថ្ងៃទី​០៧ ខែមេសា ខាងមុខ​។ តែ​យ៉ាងណា​រដ្ឋមន្ត្រី​ការពារជាតិ​លោក Prawit បាន​និយាយថា គម្រោង​សាងសង​កាស៊ីណូ​នេះ គឺ​មិនមាន​ក្នុង​ទឹកដី​ថៃ​ទេ​។ ហើយ​បើ​មានការ​សាងសង​មែន​នោះ លោក​នឹង​បញ្ជា​ឲ្យ​វាយកម្ទេច​ចោល​វិញ​៕





Tag:
 ​ថៃ​
 ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com