អន្តរជាតិ
ប្រធានាធិបតី​អស់តំណែង ប៉ាក ហ្គឺ​ន​ហេ ត្រូវ​ចាប់ខ្លួន​និង​បញ្ជូន​ទៅកាន់​មន្ទីរឃុំឃាំង​
31, Mar 2017 , 9:34 am        
រូបភាព
លោកស្រី ប៉ាក ហ្គឺនហេ ត្រូវបញ្ជុនទៅកាន់មន្ទីរឃុំឃាំង (រូបភាព AFP)
លោកស្រី ប៉ាក ហ្គឺនហេ ត្រូវបញ្ជុនទៅកាន់មន្ទីរឃុំឃាំង (រូបភាព AFP)
​ទីបំផុត តុលាការ​កូរ៉េខាងត្បូង បានសម្រេច​ចិត្ត​យល់ព្រម​ឃាត់ខ្លួន​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក ហ្គឺ​ន​ហេ ជុំវិញ​សំណុំរឿង​ពុករលួយ និង​ការបំពាន​អំណាច​។ ភ្លាមៗ​នោះ លោកស្រី ប៉ាក ហ្គឺ​ន​ហេ ក៏ត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរឃុំឃាំង​មួយកន្លែង​ខាងក្រៅ​រដ្ឋធានី​សេ​អ៊ូ​ល ដែល​នៅ​ទីនោះ​លោកស្រី​អាច​ត្រូវ​ឃុំខ្លួន​រហូតដល់​២០​ថ្ងៃ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ការចោទប្រកាន់​មកលើ​លោកស្រី​។



​ប្រធានាធិបតី​អស់តំណែង ប៉ាក ហ្គឺ​ន​ហេ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរឃុំឃាំង​ក្បែរ​ក្រុង​សេ​អ៊ូ​ល​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមីនា បន្ទាប់ពី​តុលាការ​ឯកភាព​តាម​សំណើ​របស់​រដ្ឋអាជ្ញា​រួចមក​។ ក្រោយ​សវនាការ​ដែល​ធ្វើឡើង​ជាច្រើន​រាប់​ម៉ោង តុលាការ​តំបន់​សេ​អ៊ូ​ល​កណ្ដាល ចេញ​បញ្ជា​ឲ្យ​ចាប់ខ្លួន​លោកស្រី ប៉ាក លើ​ករណី​ជាច្រើន​ដូចជា​ការទទួល​សំណូក​, រំលោភ​អំណាច​រដ្ឋ​, ការគំរាមកំហែង និង​ការ​បែកធ្លាយ​កិច្ចការ​សម្ងាត់​រដ្ឋ​ជាដើម​។​

​ក្នុង​សេចក្ដីប្រកាស​របស់ខ្លួន តុលាការ​កូរ៉េខាងត្បូង​បញ្ជាក់ថា វា​ជា​រឿង​ត្រឹមត្រូវ និង​ចាំបាច់​ដែល​ត្រូវ​ចាប់ខ្លួន​លោកស្រី ប៉ាក ព្រោះ​ការចោទប្រកាន់​សំខាន់​សុទ្ធ​តែមាន​ភស្តុតាង​។ ម្យ៉ាងទៀត ការចាប់ខ្លួន​នេះ ក៏​ដើម្បី​ការពារ​ភស្តុតាង​ផងដែរ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ផ្សាយ​ទៀតថា លោកស្រី ប៉ាក អាច​ត្រូវ​ក្នុង​មន្ទីរឃុំឃាំង​នោះ​រហូតដល់​ទៅ​២០​ថ្ងៃ អំ​ឡុ​ពេល​នៃ​ការស៊ើបអង្កេត​កំពុង​ធ្វើឡើង​។​

​បើតាម​ប្រភពព័ត៌មាន​ដដែល អតីត​ប្រធានាធិបតី​ស្ត្រី​ទី​១​រូបនេះ ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​ឃុំឃាំង ដែល​អម​មន្ត្រី​២​នាក់ ក្រោយ​អង្គុយ​ក្នុង​សវនាការ​ដល់​ទៅ​៨​ម៉ោង​។ ដូច​អ្នកជាប់ឃុំឃាំង​ដទៃទៀត លោកស្រី ក៏ត្រូវ​បាន​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​អ្នកទោស​ដែរ​។ នេះ​ជា​រឿង​អកុសល​មួយ​របស់​លោកស្រី ប៉ាក ដែល​មួយប៉ប្រិចភ្នែក​សោះ ក៏ត្រូវ​អស់តំណែង​ជា​ប្រធានាធិបតី និង​ត្រូវ​ជាប់​ខ្លួន​ក្នុង​មន្ទីរឃុំឃាំង​ទៅទៀត​។​

​លោកស្រី ប៉ាក ដែលជា​កូនស្រី​អតីត​ប្រធានាធិបតី ប៉ាក ជុង​ហ៊ី ក្លាយជា​មេដឹកនាំ​កូរ៉េខាងត្បូង​ទី​៣ ដែល​ត្រូវ​ចាប់ខ្លួន​។ ប៉ុន្តែ​ដោយសារ​រឿងអាស្រូវ​ពុករលួយ បាតុករ​រាប់លាន​នាក់ បានទាមទារ​ឲ្យ​លោកស្រី លាលែង​ពី​តំណែង ដើម្បី​ប្រឈមមុខ​តាមផ្លូវ​ច្បាប់​។ លោកស្រី ត្រូវបាន​ចោទប្រកាន់ថា​បាន​សមគំនិត​ជាមួយ​លោកស្រី Choi Soon-sil ជា​មិត្តភក្តិ​ជិតស្និទ្ធ ក្នុងការ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​បរិច្ចាគ​ប្រាក់​រាប់លាន​ដុល្លារ​ចូល​មូលនិធិ​របស់ខ្លួន​។​

​បន្ទាប់ពី​ការតវ៉ា​ជាច្រើន សភា​កូរ៉េខាងត្បូង ក៏​បោះឆ្នោត​ទម្លាក់​តំណែង​លោកស្រី​នៅ​ថ្ងៃទី​៩ ខែធ្នូ ហើយ​តុលាការ​ធម្មនុញ្ញ​ក៏​ឯកភាព​លើ​ការបោះឆ្នោត​នេះ​នៅ​ថ្ងៃទី​១០ ខែមីនា ដែល​ធ្វើ​ឲ្យ​លោកស្រី​អស់​អភ័យឯកសិទ្ធិ​តែម្ដង​។ ការទម្លាក់​តំណែង​លោកស្រី ក៏​ធ្វើ​ឲ្យ​មាន​ចន្លោះប្រហោង​នៃ​ការដឹកនាំ​ប្រទេស បើទោះជា​នាយករដ្ឋមន្ត្រី Hwang Kyo-anh កាន់តំណែង​ប្រធានាធិបតី​ស្តីទី ខណៈ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ធិបតី​ថ្មី ត្រូវ​រៀបចំ​នៅ​ខែឧសភា​ឯណោះ​៕   


Tag:
 កូរ៉េខាងត្បូង​
  ប៉ាក ហ្គឺ​ន​ហេ
© រក្សាសិទ្ធិដោយ thmeythmey.com