អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង​ដោះលែង​ជនជាតិ​ម៉ាឡេស៊ី​៩​នាក់ ជា​ថ្នូរ​នឹង​សាកសព គីម ជុង​ណា​ម
31, Mar 2017 , 12:16 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេស Anifah Anan ទទួលជនជាតិម៉ាឡេស៊ីទាំង៩នាក់ ត្រឡប់មកពីកូរ៉េខាងជើង (រូបភាព Reuters)
រដ្ឋមន្ត្រីការបរទេស Anifah Anan ទទួលជនជាតិម៉ាឡេស៊ីទាំង៩នាក់ ត្រឡប់មកពីកូរ៉េខាងជើង (រូបភាព Reuters)
 
 
​កូរ៉េខាងជើង បាន​ដោះលែង​ជនជាតិ​ម៉ាឡេស៊ី​៩​នាក់ ហើយ​ជា​ថ្នូរ​នឹង​ការទទួលបាន​សាកសព គីម ជុង​ណា​ម បងប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​វ័យក្មេង គីម ជុង​អ៊ុន​។ ការដោះដូរ​នេះ ធ្វើឡើង​ក្រោយ​មានការ​ចរចា​រវាង​ម៉ាឡេស៊ី និង​កូរ៉េខាងជើង ដើម្បី​ផ្លាស់ប្ដូរ​ជនជាតិ​ខ្លួន​ទៅវិញទៅមក​។ ក្រៅពី​សាកសព គីម ជុង​ណា​ម ម៉ាឡេស៊ី ក៏​បញ្ជូន​ជនជាតិ​មន្ត្រី​ទូត​ជា​ជនសង្ស័យ​ទៅកាន់​កូរ៉េខាងជើង​វិញ​ផងដែរ​។​

 
​ជនជាតិ​ម៉ាឡេស៊ី​ទាំង​៩​នាក់ ដែល​ជាប់​ខ្លួន​នៅ​កូរ៉េខាងជើង បាន​មកដល់​ទឹកដី​កំណើត​វិញ​ហើយ​នៅ​ថ្ងៃទី​៣១ ខែមីនា បន្ទាប់ពី​ម៉ាឡេស៊ី និង​កូរ៉េខាងជើង សម្រេចបាន​កិច្ចព្រមព្រៀង​ផ្លាស់ប្ដូរ​រួចមក​។ ម៉ាឡេស៊ី ក៏បាន​បញ្ជូន​សាកសព គីម ជុង​ណា​ម ទៅ​ឲ្យ​កូរ៉េខាងជើង​វិញ ដើម្បី​បញ្ចប់ទំនាស់​ការទូតរ​វាង​ប្រទេស​ទាំង​២​នេះដែរ​។ ចំ​ណែក ការហាមឃាត់​ការធ្វើដំណើរ​រវាង​ម៉ាឡេស៊ី និង​កូរ៉េខាងជើង ក៏ត្រូវ​លុបចោល​ដែរ​។​
 
​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី Anifah Aman បាន​រង់ចាំ​ទទួល​ជនជាតិ​ម៉ាឡេស៊ី​ទាំង​៩​នាក់​ នៅឯ​ព្រលានយន្តហោះ​កូ​ឡា​ឡាំ​ពួរ​។ កិច្ចព្រមព្រៀង​ដោះដូរ​នេះ ត្រូវបាន​ប្រកាស​ដោយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ និង​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​ នៅ​ថ្ងៃទី​៣០ ខែមីនា ព្រម​គ្នា​ជាមួយនឹង​ការប្រកាស​លុបចោល​បម្រាម​ធ្វើដំណើរ​តែម្ដង​។ លោក ណា​ជីប ក៏​ប្រកាស​ដែរ​ថា សាកសព គីម ជុង​ណា​ម ត្រូវបញ្ជូន​ទៅកាន់​កូរ៉េខាងជើង តាម​សំណើ​ក្រុមគ្រួសារ​ផ្ទាល់​។​
 
​ប៉ុន្តែ​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មិនបាន​បញ្ជាក់ថា គ្រួសារ​លោក គីម ជុង​ណា​ម ឬ​ខាង​រដ្ឋាភិបាល​កូរ៉េខាងជើង​របស់លោក គីម ជុង​អ៊ុន ជា​អ្នកស្នើ​ឡើយ​។ សាកសព​នេះ ត្រូវបាន​ដឹក​តាម​យន្តហោះ ​ក្នុងទិសដៅ​ទៅកាន់​ទឹកដី​ចិន មុននឹង​បន្តដំណើរ​ទៅកាន់​កូរ៉េខាងជើង​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ មន្ត្រី​ស្ថានទូត​កូរ៉េខាងជើង​ប្រចាំ​ម៉ាឡេស៊ី និង​បុគ្គលិក​អាកាសចរណ៍​កូរ៉េខាងជើង ដែលជា​ជនសង្ស័យ ក៏​ធ្វើដំណើរ​ជាមួយ​សាកសព​ដែរ​។​
 
​លេខា​ទី​២​ស្ថានទូត​កូរ៉េខាងជើង Hyon Kwang Song និង​បុគ្គលិក​អាកាសចរណ៍ Air Koryo លោក Kim Uk Il ត្រូវ​បានឃើញ​ជិះ​យន្តហោះ​សំដៅ​រដ្ឋធានី​ប៉េកាំង​ទាំងអស់​។ ជនជាតិ​កូរ៉េខាងជើង​ទាំង​២​នេះ ជាប់​ឈ្មោះ​ជា​ជនសង្ស័យ ​ក្នុងករណី​ឃាតកម្ម​លើ គីម ជុង​ណា​ម ប៉ុន្តែ​ការណ៍​ដែល​ពួកគេ​អាច​ចាក​ចេញពី​ម៉ាឡេស៊ី​បាន ក៏​ទំនងជា​ត្រូវបាន​បញ្ចូល​ក្នុង​កិច្ចព្រមព្រៀង​ដោះដូរ​រវាង​ម៉ាឡេស៊ី និង​កូរ៉េខាងជើង​តែម្ដង​។ 
 
​ឃាតកម្ម​លើ​បងប្រុស​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គឺជា​ដើមហេតុ​នៃ​ជម្លោះ​ការទូត​រវាង​ម៉ាឡេស៊ី និង​កូរ៉េខាងជើង រហូត​មានការ​បណ្តេញ​អគ្គរដ្ឋទូត​ទៅវិញទៅមក និង​មានការ​ហាមប្រាម​ការធ្វើ​ដំណើរ​ទៀតផង​។ កូរ៉េខាងជើង បាន​ប្រើប្រាស់​ពាក្យ​ធ្ងន់ៗ​ ដាក់​ម៉ាឡេស៊ី ​ជុំវិញ​ការស៊ើបអង្កេត​នេះ ដែល​រកឃើញថា គីម ជុង​ណា​ម ត្រូវបាន​សម្លាប់​ដោយសារ​ធាតុគីមី​ពុល VX ។ ទីបំផុត ម៉ាឡេស៊ី ក៏​សុខចិត្ត​បញ្ជូន​សាកសព​នេះ ទៅ​ឲ្យ​កូរ៉េខាងជើង​វិញ ដើម្បី​សុវត្ថិភាព​ជនជាតិ​ខ្លួន​៕
 
 

Tag:
 កូរ៉េខាងជើង​
  ម៉ាឡេស៊ី​
  គីម ជុង​ណា​ម
© រក្សាសិទ្ធិដោយ thmeythmey.com