កីឡាអន្តរជាតិ
អន្តរជាតិ
រូបសំណាក CR7 មុខ​ជ្រួញ​ដូច Beckham ហើយ​ទម្រង់​មុខ​ទាំងមូល​ដូច​តួកុន​ជើងចាស់ Busey
31, Mar 2017 , 1:55 pm        
រូបភាព
លោក James Corden ថា រូបសំណាក Ronaldo ដូចតារាភាពយន្តជើង​ចាស់អាមេរិក Gary Busey បេះបិទ
លោក James Corden ថា រូបសំណាក Ronaldo ដូចតារាភាពយន្តជើង​ចាស់អាមេរិក Gary Busey បេះបិទ
​លោក James Corden ពិធីករ​អង់គ្លេស​ដ៏​ល្បីល្បាញ បាន​លើកយក​កម្មវិធី Late Late Show របស់ខ្លួន ដើម្បី​រិះគន់​រូបសំណាក​ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo ដែល​ត្រូវដាក់​តាំងនៅ​អាកាសយានដ្ឋាន Madeira ក្នុង​ក្រុង Funchal ប្រទេស​ព័រ​ទុយ​ហ្គា​ល់​។ ការតាំង​រូបសំណាក​នៅពេលនោះ ធ្វើឡើង​ដើម្បី​សម្ពោធ​ឈ្មោះ​អាកាស​ដ្ឋា​ន​ដែល​ប្តូរ​ពី Madeira ទៅជា Cristiano Ronaldo Airport​។​



​ក្នុង​កម្មវិធី Late Late Show ពិធីករ​កំប្លែង លោក James Corden បាន​និយាយ​ចំអក​ថា រូបសំណាក​តារាបាល់ទាត់​ពិភពលោក Cristiano Ronaldo នៅ​អាកាសយានដ្ឋាន Madeira ដែលមាន​ឈ្មោះ​ថ្មី​ថា Cristiano Ronaldo Airport មើលទៅ​មាន​ស្នាម​ជ្រួញ​ដូច​មុខ អតីត​កីឡាករ​ឆ្នើម​ជម្រើសជាតិ​អង់គ្លេស David Beckham ហើយ​ផ្ទៃមុខ​ទាំងមូល​មាន​ទម្រង់​ដូច​តារាភាពយន្ត​ជើងចាស់​អាមេរិក លោក Gary Busey​។​



​អាកាសយានដ្ឋាន  Madeira ដែល​ស្ថិតនៅលើ​កោះ Madeira ក្នុង​ទីក្រុង Funchal ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា Cristiano Ronaldo វិញ​ដើម្បី​ជាការ​អរគុណ​ដល់​តារា​ឆ្នើម​រូបនេះ​ដែល​បាន​ជួយ​ឲ្យ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​ពាន Euro កាលពី​ឆ្នាំ​២០១៦​នៅ​ប្រទេស​បារាំង​។​

​ក្នុង​ពិធី​សម្ពោធ​ប្តូរ​ឈ្មោះ​នោះ ក៏មាន​ការបង្ហាញ​រូបសំណាក​ថ្មី​មួយ របស់​ខ្សែប្រយុទ្ធ​វ័យ​៣២​ឆ្នាំនេះ រួមទាំង​មានការ​ចូលរួម​ពី​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ព័រ​ទុយ​ហ្គា​ល់​ផងដែរ​។ ប៉ុន្តែ​រូបសំណាក​មួយ​កំណាត់​ខ្លួន របស់​ខ្សែប្រយុទ្ធ​មុត​ស្រួច Real Madrid នេះ ក៏​ត្រូវបាន​អ្នកគាំទ្រ​បាល់ទាត់​ជាច្រើន​រិះគន់​នៅតាម​បណ្តាញ​សង្គម ថា​មិន​ដូច Ronaldo ទាល់តែសោះ ហើយ​ចាត់ទុកថា​នេះ​ជា​រូប​ដ៏​អាក្រក់​មិន​ធ្លាប់មាន​របស់គេ​ផងដែរ​។​



​យោងតាម​ការផ្សាយ​រប​ស់ The Guardian លោក Emanuel Santos ដែល​អ្នក​សាង​រូបសំណាក បាន​ថ្លែង​ការពារ​ខ្លួន​ថា ការងារ​របស់លោក​មិនមែនជា​កិច្ចការ​ងាយស្រួល​នោះឡើយ​។ លោក​បាន​បន្ថែមថា រាល់​ការងារ និង​ស្នាដៃ​ទាំងអស់​ពិតជា​ពិបាក​ផ្គាប់ចិត្ត​មនុស្ស​គ្រប់គ្នា​ខ្លាំងណាស់​៕

​ទស្សនា​វីដេអូ​


Tag:
 បាល់ទាត់​
  Late Late Show
  Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com