អន្តរជាតិ
រដ្ឋបាល​ត្រាំ ប្រកាស​ច្បាស់​ថា ខ្លួន​ឈប់​ប៉ង​ទម្លាក់​លោក អាសាដ ពី​តំណែង​ទៀតហើយ​
31, Mar 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ជំហរ​ជាក់ច្បាស់​ហើយ​ចំពោះ​ការដោះស្រាយ​បញ្ហា​ស៊ី​រី​ដោយ​ខ្លួន​នឹង​បញ្ចប់​ការប៉ុនប៉ង​ទម្លាក់​មេដឹកនាំ​ស៊ី​រី បា​សា អាល់​អាសាដ ពី​តំណែង​ទៀតហើយ​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក​បានបញ្ជាក់​ពេញមាត់​ថា «​អនាគត​របស់លោក អាសាដ​»​នឹងត្រូវ​សម្រេច​ដោយ​ប្រជាជន​ស៊ី​រី​។​



​ក្រោយ​រង់ចាំ​អស់​យូរ​គ្រាន់បើ គេ​ទើប​អាច​ដឹង​ច្បាស់​ពី​គោលនយោបាយ​របស់​រដ្ឋ​បាល​លោ ដូ​ណា​ល់ ត្រាំ ចំពោះ​សង្គ្រាមស៊ីវិល​ស៊ី​រី​។ នោះ​គឺ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ប៉ុនប៉ង​ទម្លាក់​លោក បា​សា អាល់​អាសាដ ពី​តំណែង​ទៀតហើយ​។ ការប្តូរ​គោលនយោបាយ​របស់​ក្រុង​វ៉ាស៊ីនតោន​នេះ​ប្រៀបដូចជា​សំពង​ក្រុម​ឧទ្ទាម​មួយ​ព្រនង់​ដូច្នេះ​ដែរ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី Mevlut Cavusoglu លោក Rex Tillerson បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា អនាគត​របស់លោក បា​សា អាល់​អាសាដ នឹងត្រូវ​សម្រេច​ដោយ​ប្រជាជន​ស៊ី​រី​មិនមែន​អ្នក​ក្រៅ​ឡើយ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Tillerson បានបញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​គិតថា តួនាទី​រយៈពេល​វែងរ​បស់​ប្រធានាធិបតី អាសាដ នឹងត្រូវ​សម្រេច​ដោយ​ប្រជាជន​ស៊ី​រី​»​។​
​តាម​អ្វីដែល​ប្រមុខ​ការទូត​អាមេរិក​បានលើកឡើង វា​ហាក់ដូចជា​ស្រប​ជាមួយ​អ្វីដែល​រុស្ស៊ី​ធ្លាប់​ទាមទារ​កន្លងមក​ដែរ​។ រុស្ស៊ី​ប្រកាសថា ខ្លួន​ចង់ឃើញ អនាគត​មេដឹកនាំ​ស៊ី​រី អាសាដ នឹងត្រូវ​សម្រេច​ដោយ​ប្រជាជន​ស៊ី​រី​តាម​សន្លឹកឆ្នោត មិនមែន​ដោយ​អ្នក​ក្រៅ​លូកដៃ​ចូល​ទេ​។​

​តាមពិតទៅ ក្នុង​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ការទម្លាក់​លោក អាសាដ ចេញពី​តំណែង​ជា​ចំណុច​ស្នូល​នៃ​គោលនយោបាយ​របស់លោក ប៉ុន្តែ​លោក ដូ​ណា​ល់ ត្រាំ វិញ​កំណត់​យក​ការ​កម្ចាត់​ភេរវកម្ម​ជាពិសេស​ក្រុម​រដ្ឋ​ឥស្លាម​ជា​រឿង​អាទិភាព​។ បច្ចុប្បន្ននេះ​កងទ័ព​អាមេរិក​និង​កងកម្លាំង​ក្រុម​ឧទ្ទាម​ដែល​អាមេរិក​គាំទ្រ​កំពុង​ប្រឹងប្រែង​បង្កើន​ការវាយប្រហារ​លើ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ក្រុង Raqa ផងដែរ​។​

​ក្នុងពេល​ឃោសនាបោះឆ្នោត​លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​ប្រកាស​ដែរ​ថា ពេល​លោក​ជាប់ឆ្នោត​លោក​នឹង​បញ្ចប់​«​នយោបាយ​ផ្លាស់ប្តូរ​របប​ដឹកនាំ »​និង «​នយោបាយ​សាងសង់​រដ្ឋ​»​ផងដែរ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​លោក​ក៏​សន្យា​បញ្ចប់​ការផ្តល់​ជំនួយ​ដល់​ក្រុម​ឧទ្ទាម​ស៊ី​រី​ទៀត​។​

​ត្រឡប់មកវិញ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Nikki Haley នា​ថ្ងៃ​ព្រហស្បតិ៍​ក៏បាន​លើកឡើង​ស្រដៀង​គ្នា​ថា រឿង​អាទិភាព​សម្រាប់​អាមេរិក​បច្ចុប្បន្ន​លែង​ជាការ​តាម​បណ្តេញ​អាសាដ ពី​តំណែង​ហើយ​។ លោកស្រី​បានបញ្ជាក់​ដូច្នេះ​ថា​៖« រឿង​អាទិភាព​របស់​យើង​គឺ​លែង​អង្គុយ​រង់ចាំ​ទម្លាក់​អាសាដ​ពី​តំណែង​ហើយ​។ រឿង​អាទិភាព​សម្រាប់​យើង​គឺ​ត្រូវ​ប្រឹងប្រែង​រក​ដំណោះស្រាយ និង​កំណត់ថា​អ្នកណា​យើង​ត្រូវ​សហការ​ជាមួយ​ដើម្បី​ផ្លាស់​ប្តូរជីវិត​ប្រជាជន​ស៊ី​រី​»​។​

​ការប្រកាស​បែបនេះ​រប​ស់​មន្ត្រីជាន់ខ្ពស់​អាមេរិក​អាច​បញ្ជាក់​កាន់តែច្បាស់​ហើយ​ថា គោលនយោបាយ​អាមេរិក​ផ្លាស់ប្តូរ ១០០​ភាគរយ​ចំពោះ​របប​ដឹកនាំ​ស៊ី​រី ហើយ​លទ្ធភាព​នៃ​ការ​ឈានទៅ​សហការគ្នា​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​ដា​ម៉ាស​ដើម្បី​កម្ចាត់​ភេរវកម្ម​ក៏​កើនឡើង​ខ្ពស់​ដូចគ្នា​៕


Tag:
 បា​សា អាល់​អាសាដ​
  ដូ​ណា​ល់ ត្រាំ​
  Rex Tillerson
  Nikki Haley
© រក្សាសិទ្ធិដោយ thmeythmey.com