អន្តរជាតិ
នុយក្លេអ៊ែរ​កូរ៉េខាងជើង​៖ អាមេរិក​ប្រាប់​ចិន បញ្ចេញ​សកម្មភាព​ខ្លះ​ផង កុំ​បានតែ​មាត់​
31, Mar 2017 , 3:10 pm        
រូបភាព
អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Nikki Haley ក្នុងពេលបទសម្ភាស​ជាមួយក្រុមប្រឹក្សាទំនាក់​ទំនងការបរទេស(រូបភាពហ្វេសប៊ុក Nikki Haley)
អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Nikki Haley ក្នុងពេលបទសម្ភាស​ជាមួយក្រុមប្រឹក្សាទំនាក់​ទំនងការបរទេស(រូបភាពហ្វេសប៊ុក Nikki Haley)
​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិលោកស្រី Nikki Haley នៅ​ថ្ងៃទី​៣០ ខែមីនា បាន​រិះគន់​ចិន ដែល​មិនសូវ​ធ្វើ​អ្វី​សោះ​ក្នុង​ការបញ្ឈប់​មហិច្ឆតា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ លោកស្រី បានស្នើ​ឲ្យ​ចិន​ធ្វើ​សកម្មភាព​បន្ថែមទៀត ដើម្បី​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន មិនមែន​បាន​ត្រឹម​និយាយ​ឲ្យ​រួចពីមាត់ តែ​មិន​ធ្វើ​អ្វី​ជា​ដុំកំភួន​ទេ​។ ម្យ៉ាងទៀត អាមេរិក ក៏​អស់​ការអត់ធ្មត់​លើ​ទង្វើ​ព្រហើន​មិន​រអា​ចិត្ត​របស់​កូរ៉េខាងជើង​ទៀតហើយ​។​



​តំណាង​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ Nikki Haley និយាយថា ចិន គួរតែ និង​ត្រូវតែ​ធ្វើ​សកម្មភាព​ឲ្យ​ច្រើន​ថែមទៀត ដើម្បី​រារាំង​កូរ៉េខាងជើង​ពី​ការសាកល្បង​មី​ស៊ី​ល និង​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​។ នេះ ក៏​ព្រោះតែ​ចិន​ត្រូវបាន​ចាត់ទុកជា​បងធំ​របស់​កូរ៉េខាងជើង និង​តែង​ជួយ​ទំនុកបម្រុង​រដ្ឋ​ឯកោ​មួយ​នេះ​រហូតមក​។ ប៉ុន្តែ​ចិន​មិនសូវ​ជា​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ប្រឆាំង​កូរ៉េខាងជើង ដែល​ធ្វើ​ឲ្យ​អាមេរិក​មិនសូវ​សប្បាយចិត្ត​ទេ​។​

​លោកស្រី Haley ចង់​ឲ្យ​ចិន​ជួយ​ទប់ស្កាត់​កូរ៉េខាងជើង​ផង ព្រោះ​គ្រប់គ្នា​សុទ្ធតែ​ដឹងថា ចិន​មាន​សមត្ថភាព​ធ្វើ​រឿងនេះ​បាន ខណៈ​លោកស្រី​ប្រកាសថា អាមេរិក​អស់​ការ​អត់ទ្រាំ​នឹង​កូរ៉េខាងជើង​ទៀតហើយ​។ អស់​ការអត់ធ្មត់ ក៏​ព្រោះ​កូរ៉េខាងជើង​លែង​ស្ដាប់​អ្នកណា​ទាំងអស់ និង​បែរជា​បាញ់​មី​ស៊ី​ល​ញឹកញាប់ ផ្គើន​គេឯង​ទៀតផង ហើយ​ថ្មីៗ​នេះ​ទៀត កូរ៉េខាងជើង​ក៏​កំពុង​រៀបចំ​ផែនការ​បាញ់​មី​ស៊ី​ល​ម្ដងទៀត​។​

​ជាមួយនឹង​សកម្មភាព​ព្រហើន​មិន​ខ្លាចចិត្ត​នេះ ក្រុង​វ៉ាស៊ីនតោន ក៏បាន​ប្រាប់​ឲ្យ​ក្រុង​ប៉េកាំង​ឲ្យ ដាក់​សម្ពាធ​បន្ថែមទៀត​លើ​ក្រុង​ព្យុងយ៉ាង​។ តាមពិតទៅ ក្រុង​ប៉េកាំង ក៏​ព្យាយាម​ដាក់ទណ្ឌកម្ម​លើ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ដែរ​ដូចជា​ការប្រកាស​ហាមឃាត់​ការ​នាំចូល​ធ្យូងថ្ម​ជាដើម​។ ប៉ុន្តែ​គេ​នៅតែ​សង្កេតឃើញ​មានការ​នាំចូល​ធ្យូងថ្ម​ពី​កូរ៉េខាងជើង​ដដែល ហើយ​រឿងនេះ​ត្រូវបាន​លោកស្រី Haley លើកឡើងថា ចិន​មិនមាន​ជំហរ​ដាច់ខាត​ប្រឆាំង​កូរ៉េខាងជើង​សោះ​។​

​អគ្គរដ្ឋទូត​អាមេរិក​រូបនេះ បាន​និយាយ​បែប​ឌឺដង​ថា ចិន​តែង​និយាយ​ពី​ការព្រួយបារម្ភ​របស់ខ្លួន​លើ​បញ្ហា​កូរ៉េខាងជើង ហើយ​ចិន​ផ្ទាល់​ក៏​ចង់ឃើញ​កូរ៉េខាងជើង​លែង​សាកល្បង​មី​ស៊ី​ល​ទៀត​ដែរ​។ អ៊ីចឹង​ហើយ​លោកស្រី​ចង់​ឲ្យ​ចិន​បង្ហាញថា ចិន​ពិតជា​ព្រួយបារម្ភ​មែន និង​ត្រូវធ្វើ​សកម្មភាព​ពិតប្រាកដ មិនមែន​បានតែ​និយាយ​ទេ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធានបទ​កូរ៉េខាងជើង​នេះ ក៏​ទំនងជា​បញ្ហា​ក្ដៅ​ដែល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អាច​លើកឡើង​ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ផងដែរ​។ ប្រធានាធិបតី​ចិន នឹង​ទស្សនកិច្ច​នៅ​អាមេរិក​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៧ ខែមីនា និង​ជួប​លោក ត្រាំ ជា​លើក​ទី​១ នៅ Mar-a-Lago ។ ជា​ជំនួប​និយាយ​ពី​អនាគត​នៃ​ទំនាក់ទំនង​ទ្វេភាគី មេដឹកនាំ​មហាអំណាច​ទាំង​២ ទំនងជា​ជជែក​ពិភាក្សា​បញ្ហា​រសើប​ជាច្រើន​ផ្សេងទៀត​ដូចជា​ពាណិជ្ជកម្ម និង​បញ្ហា​តៃវ៉ាន់​ផងដែរ​៕


Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  ចិន​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com