អន្តរជាតិ
ពូ​ទីន ព្រមាន​ថា កម្លាំង​នយោបាយ​អាមេរិក​អាច​រុញ​ឲ្យ​មហាអំណាច​ទាំងពីរ​ធ្លាក់​ក្នុងស្ថានភាព​គ្រោះថ្នាក់​ដូច​«​វិបត្តិ​មី​ស៊ី​ល​គុយបា​»
31, Mar 2017 , 4:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​វេទិកា​អន្តរជាតិ​អាក​ទិ​កនៅ​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បដិសេធ​ដាច់អហង្ការ​ចំពោះ​ការចោទប្រកាន់​របស់​អា​មេ​រិ​កថា លោក​ជា​អ្នកបញ្ជា​ឲ្យ​គេ​លូកលាន់​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំមុន​។ លោក​ព្រមាន​ផងដែរ​ថា ចលនានយោបាយ​អាមេរិក​កំពុង​បង្កើត​កំហុស​ថ្មី​ដោយ​ប្រឹង​រុញច្រាន​ឲ្យ​ទំនាក់ទំនង​រុស្ស៊ី​និង​អាមេរិក​ធ្លាក់ចូល​ក្នុង​ដាន​ប្រវត្តិសាស្ត្រ​ស្រដៀង​គ្នា​នឹង​ស្ថានភាព​វិបត្តិ​មី​ស៊ី​ល​គុយបា​ទសវត្សរ៍​ឆ្នាំ ១៩៦០​។



 «​ទេ​»​ក្នុង​សំនៀង​ជា​ភាសា​អង់គ្លេស​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បានធ្វើ​ឲ្យ​គ្រប់គ្នា​លាន់មាត់​ហ៊ោ​រក​ញ្ជៀ​វ​ក្នុង​វេទិកា​អន្តរជាតិ​អាក​ទិ​ក​ដែល​រៀបចំឡើង​នៅ​ទីក្រុង​របស់​រុស្ស៊ី​។

​បើតាម​វីដេអូ​បង្ហោះ​ដោយសារ​ព័ត៌មាន RT ពាក្យ​ថា​«​ទេ​»​នេះ​គឺ​ចម្លើយ​ដ៏​ខ្លី​របស់លោក​ឆ្លើយតប នឹង​សំណួរ​ថា​តើ​លោក​និង​រដ្ឋាភិបាល​រុស្ស៊ី​ពិតជា​បាន​លូកលាន់​ចូលក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឬ​អត់​?​។ លោក ពូ​ទីន បាន​និយាយ​ជា​ភាសា​រុស្ស៊ី​ថា​៖«​មើល​មាត់​ខ្ញុំ​ណា​!» ហើយ​សង្កត់​សំឡេង​ដោយ​ឆ្លើយថា​«​ទេ​» ជា​ភាសា​អង់គ្លេស​តែម្តង​។​

​រឿងអាស្រូវ​ពាក់ព័ន្ធ​រុស្ស៊ី​លូកលាន់​ក្នុងការ​បោះឆ្នោត​អាមេរិក​នៅតែ​ជា​រឿងចម្រូងចម្រាស​ខ្លាំង​នៅក្នុង​បរិបទ​នយោបាយ​អាមេរិក ថ្វីបើ​គេ​ដឹងថា​លោក ដូ​ណា​ល់ ត្រាំ​ជាប់ឆ្នោត​ក៏ដោយ​។​បណ្តា​ក្រុម​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​ជឿជាក់ថា រុស្ស៊ី​ពិតជា​បាន​លូកលាន់​ការបោះឆ្នោត​អាមេរិក និង​ជួយ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត​ផង​។ ប៉ុន្តែ​ការស៊ើបអង្កេត​របស់​ស​ភា​ពាក់ព័ន្ធ​ការចោទប្រកាន់​នេះ​ក្លាយជា​សម​រម​ភូមិ​នយោបាយ​រវាង​បក្សនយោបាយ​ទាំងពីរ​ផង​។

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​គណៈរដ្ឋមន្ត្រី​រប​ស់លោក​បាន​បដិសេធ​ការចោទប្រកាន់​នេះ ដោយ​អះអាងថា គ្មាន​ការជ្រៀតជ្រែក​ពី​សំណាក់​រុស្ស៊ី​ចូលក្នុង​ការបោះឆ្នោត​ឡើយ​អាមេរិក​ឡើយ​។ ប៉ុន្តែ​បញ្ហា​រុស្ស៊ី​នេះ​បាន​បង្ខំ​ឲ្យ​លោក Michael Flynn ទីប្រឹក្សា​សន្តិសុខ​លោក ដូ​ណា​ល់ ត្រាំ លាលែង​ពី​តំណែង​ដោយសារ​លោក​បាន​លួច​ទាក់ទង​មន្ត្រី​ទូត​រុស្ស៊ី​ប្រចាំ​អាមេរិក​តាំងពី​មុន​តែងតាំង ប៉ុន្តែ​លោក​កុហក​។​

​យ៉ាងណាក៏ដោយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ព្រមាន​ផងដែរ នៅពេលដែល​ទំនាក់ទំនង​រវាង​អាមេរិក​និង​រុស្ស៊ី​ធ្លាក់​ដល់​កម្រិត​សូន្យ​ដូច​បច្ចុប្បន្ន​។ ហើយ​លោក​មើលឃើញថា អាមេរិក​នៅតែមាន​ចលនានយោបាយ​ដែល​រុញច្រាន​ទំនាក់ទំនង​រុស្ស៊ី​និង​អាមេរិក​ដែល​អាក្រក់​ស្រាប់​នោះ​ឲ្យ​ធ្លាក់ចូល​ក្នុងដំណាក់កាល​អាក្រក់​មួយ​ដូច​សម័យ​វិបត្តិ​មី​ស៊ី​ល​នៅ​គុយបា​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ ដែរ​។ លោកពូ​ទីន ក៏​ខកចិត្ត​ខ្លាំង​ដែរ​ចំពោះ​កាយវិការ​របស់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចំពោះ​មន្ត្រី​ទូត​ខ្លួន​ផងដែរ ដូចជា​ចាត់ទុក​រាល់​សកម្មភាព​មន្ត្រី​ទូត​រុស្ស៊ី​ជា​សកម្មភាព​ចារកម្ម​ផង​។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ម៉ូស្គូ​នៅ​ខែមេសា ហើយ​លោក​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ផងដែរ​។ កន្លងមក គេ​ឃើញ​មាន​ជំនួប​ជាន់ខ្ពស់​រវាង​មន្ត្រី​ប្រទេស​ទាំងពីរ​ដែរ ដូចជា​ជំនួប​រដ្ឋមន្ត្រីការបរទេស​នៅ​អាល្លឺម៉ង់​។ ទាំងនេះ ជា​សញ្ញា​វិជ្ជមាន​ដែរ​សម្រាប់​ការស្តារ​ចំណង​ការទូត​ឡើងវិញ​នៅពេល​ខាងមុខ​រវាង​មហាអំណាច​ទាំងពីរ​នេះ​៕


Tag:
 ​វ្ល៉ា​ឌី​មៀ ពូ​ទីន​
 ​ដូ​ណា​ល់ ត្រាំ​
  Rex Tillerson
© រក្សាសិទ្ធិដោយ thmeythmey.com