អន្តរជាតិ
អាមេរិក ចង់​ចាប់ដៃ​ពួក​ឃើ​ដ​ស៊ី​រី​ដើម្បី​រំដោះ​ក្រុង Raqqa តែ​ចិត្ត​មិន​ដាច់​ពី​តួ​ក​គី
31, Mar 2017 , 9:19 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson និងសមភាគីតួកគី Mevlut Casuvoglu (រូបភាពពីហ្វេសប៊ុកក្រសួងការបរទេសអាមេរិក)
រដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson និងសមភាគីតួកគី Mevlut Casuvoglu (រូបភាពពីហ្វេសប៊ុកក្រសួងការបរទេសអាមេរិក)
​រដ្ឋមន្ត្រីការបរទេស​អាមេរិក Rex Tillerson បានបញ្ចប់​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​តួ​ក​គី ក្នុងន័យ​ពង្រឹង​មិត្តភាព​ជាមួយ​សមាជិក​ស​ម្ព័​ន្ធ​យោធា​ណា​តូ​មួយ​នេះ​។ អាមេរិក មិនសូវ​ស្ងប់ចិត្ត​ឡើយ ពេល​ឃើញ​តួ​ក​គី​ជិតស្និទ្ធ​ខ្លាំង​ជាមួយ​រុស្ស៊ី ដែល​កំពុង​មិនត្រូវ​គ្នា​ជាមួយ​ណា​តូ​នោះ​។ ក្រៅពី​រឿង​ការទូត  ទស្សនកិច្ច​របស់លោក Tillerson ពេលនេះ ត្រូវ​គ្របដណ្ដប់​ដោយ​ប្រធានបទ​ក្រុម​សកម្មជន​ឃើ​ដ​ស៊ី​រី ដែលជា​តួអង្គ​សំខាន់​ក្នុងការ​កម្ទេច​ក្រុម​រដ្ឋ​ឥស្លាម តែ​ត្រូវ​តួ​ក​គី​ចាត់ទុកជា​ក្រុម​ភេរវកម្ម​ទៅវិញ​។​



​អាមេរិក និង​តួ​ក​គី នៅតែ​ខ្វែងគំនិត​គ្នា ជុំវិញ​តួនាទី​របស់​ក្រុម​ឧទ្ទាម​ឃើ​ដ​ស៊ី​រី​ក្នុង​យុទ្ធនាការ​បោសសម្អាត​ក្រុម​រដ្ឋ​ឥស្លាម​។ អាមេរិក កំពុង​រៀបចំ​ផែនការ​ដើម្បី​វាយ​រំដោះ​ទីក្រុង Raqqa ដែល​ត្រូវ​ចាត់ទុកជា​រដ្ឋធានី​រប​ស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី តែ​នៅ​មិនទាន់​ច្បាស់​ថា ត្រូវ​ចាប់ដៃ​ប្រយុទ្ធ​ជាមួយ​សកម្មជន​ឃើ​ដ​ស៊ី​រី ឬ​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​តួ​ក​គី​។ ម្យ៉ាង​តួ​ក​គី​ចង់​សហការ​ជាមួយ​អាមេរិក ដើម្បី​កម្ទេច​ក្រុម​ជ្រុលនិយម តែ​អាមេរិក​ជា​អ្នក​នៅ​ពីក្រោយ​ក្រុម​ឃើ​ដ​ក្នុងការ​ប្រយុទ្ធ​កន្លងមក​។​

​ជាមួយ​គំនិត​មិនត្រូវ​គ្នា​នេះ ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​អង់កា​រ៉ា មិនទាន់​សម្រេចចិត្ត​យ៉ាងណា​ឡើយ ហើយ​រដ្ឋមន្ត្រីការបរទេស Rex Tillerson ដែល​ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​តួ​ក​គី​និយាយថា នេះ​ជា​រឿង​ដ៏​ពិបាក​សម្រេចចិត្ត​មួយ​។ នេះ ក៏​ព្រោះតែ​តួ​ក​គី​មិន​ពេញចិត្ត​ទាល់តែសោះ ចំពោះ​ការ​ចម្រើន​យ៉ាងខ្លាំង​របស់​កងកម្លាំង​ឃើ​ដ​ស៊ី​រី ដែល​ខ្លួន​ចាត់ទុកជា​ក្រុម​ភេរវកម្ម​មាន​ទំនាក់​ទំនងជា​ក្រុម​ឃើ​ដ​តួ​ក​គី​។ ការកើនឡើង​ឥទ្ធិពល​របស់​ពួក​ឃើ​ដ​ក្បែរ​ព្រំដែន​របស់ខ្លួន មិនមែនជា​រឿង​តួ​ក​គី​អាច​ស្ងប់ចិត្ត​ឡើយ​។​

​បើទោះជា​កំពុង​រារែក​ក្នុងការ​រើស​ដៃគូ​ដើម្បី​វាយ​ក្រុម​រដ្ឋ​ឥស្លាម អាមេរិក​ហាក់​មាន​ជម្រើស​ក្នុង​ចិត្ត​រួចទៅហើយ​។ រយៈពេល​ថ្មីៗ​នេះ អាមេរិក​បាន​ជញ្ជូន​ក្រុម​សកម្មជន​ឃើ​ដ​ទៅកាន់​តំបន់​ខ្សែត្រៀម​ជួរមុខ​ជាមួយ​អ្នកជំនាញ​យោធា​អាមេរិក​ជាច្រើន​នាក់ ដើម្បី​ត្រៀម​រំដោះ​ក្រុង Raqqa ។ បើតាម​សារព័ត៌មាន Al Jazeera  ប្រមុខ​ការទូត​អាមេរិក និង​សម​ភាគី​តួ​ក​គី Mevlut Cavusoglu ក៏មាន​ជម្រើស​មួយចំនួន​សម្រាប់​ប្រតិបត្តិការ​នេះ តែ​មិនអាច​សម្រេចបាន​កិច្ចព្រមព្រៀង​អ្វី​ទេ​។​

​ចំពោះមុខ​លោក Tillerson ប្រមុខ​ការទូត​តួ​ក​គី Cavusoglu ក៏បាន​លើកឡើង​ពី​ការមិន​ពេញចិត្ត​របស់​តួ​ក​គី ជុំវិញ​ចំណង​ស្អិតល្មួត​រវាង​អាមេរិក និង​ក្រុម​ឃើ​ដ​ស៊ី​រី នាពេល​កន្លងមក​។ ទំនាក់ទំនង​រវាង​អាមេរិក និង​ក្រុម​ឃើ​ដ ដែល​តួ​ក​គី​ចាត់ទុកជា​ក្រុម​ភេរវកម្ម ប៉ះពាល់​ខ្លាំង​ទំនុកចិត្ត​ប្រជាជន​តួ​ក​គី​លើ​ទំនាក់ទំនង​ជាមួយ​អាមេរិក​។ លើសពីនេះ តួ​ក​គី​ចង់​ឲ្យ​អាមេរិក​បោះបង់​ក្រុម​ឃើ​ដ និង​ត្រូវ​ឈប់​គាំទ្រ​ក្រុម​នេះ​ទៀត បើ​ចង់​រក្សា​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​ប្រសើរ​ឡើងវិញ​។​

​កម្លាំង​ប្រយុទ្ធ​របស់​ក្រុម​ឧទ្ទាម​ឃើ​ដ​ស៊ី​រី កើនឡើង​ខ្លាំង​ដោយមាន​ជំនួយ​ពី​អាមេរិក ហើយ​កើនឡើង​ខ្លាំង​រហូត​ធ្វើ​ឲ្យ​តួ​ក​គី​បារម្ភ​ថា​ក្រុម​នេះ​អាចបង្កើត​រដ្ឋ​លើទឹក​ដី​ដែល​ខ្លួន​ដណ្ដើមបាន​តាម​បណ្ដោយ​ព្រំដែន​តួ​ក​គី​-​ស៊ី​រី​ទៀតផង​។ ដោយសារ​រឿងនេះ តួ​ក​គី​ក៏​ចេញ​ប្រតិបត្តិការ​យោធា​មួយ ដើម្បី​បង្អាក់​ការរីកចម្រើន​របស់​ក្រុម​ឃើ​ដ​ស៊ី​រី និង​រារាំង​ពួកគេ​ពី​ការ​ចងសម្ព័ន្ធ​ជាមួយ​ក្រុម​ឃើ​ដ​តួ​ក​គី ដែល​តួ​ក​គី​ដាក់​ក្នុង​បញ្ជី​ភេ​រកម្ម​ទៅហើយ​៕


Tag:
 ឃើ​ដ​
  Rex Tillerson
  Mevlut Cavusoglu
© រក្សាសិទ្ធិដោយ thmeythmey.com