អន្តរជាតិ
វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រៀមខ្លួន​ជួប ដូ​ណា​ល់ ត្រាំ នៅ​ហ្វាំ​ង​ឡង់​
31, Mar 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន រំពឹងថា កិច្ចប្រជុំ​កំពូល​រដ្ឋ​អាក​ទិ​ក នៅ​ខែកញ្ញា​នៅ​ប្រទេស​ហ្វាំ​ង​ឡង់ អាច​នឹង​ក្លាយជា​ឱកាស​សមស្រប​បំផុត​មួយ​សម្រាប់​លោក​ជួប​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។ បើសិនជា​មិនមាន​ជំនួប​លើក​នេះ ត្រាំ​និង​ពូ​ទីន​អាច​ជួបគ្នា​នៅ​កិច្ចប្រជុំ​ប្រទេស ២០​នៅ​អាល្លឺម៉ង់​នា​ខែកក្កដា​ខាងមុខ​។​



​តាំងពី​ឡើងកាន់តំណែង​ខែមករា លោក ដូ​ណា​ល់ ត្រាំ មិនដែល​ជួប​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ផ្ទាល់​សោះ ថ្វីបើ​លោក​ធ្លាប់​សរសើរ​មិន​ដាច់​ពី​មាត់​និង​និយាយ​ទូរ​សព្ទ​ជាមួយគ្នា​ផង​ក៏ដោយ​។ ទាំង​លោក ត្រាំ និង​លោក ពូ​ទីន សុទ្ធតែ​ចង់​ជួប​មុខ​គ្នា​ផ្ទាល់​និង​ពិភាក្សា​ពី​ការលើកស្ទួយ​ទំនាក់ទំនង​ការទូត​ដែល​ល្អក់​ករក​អស់​ពេល​ច្រើន​ឆ្នាំ​មក​នោះ​។​

​ថ្លែង​ក្នុង​វេទិកា​អន្តរជាតិ​អាក​ទិ​ក​ដែល​រៀបចំឡើង​ទីក្រុង Arkhangelsk លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បង្ហើប​ថា កិច្ចប្រជុំ​រដ្ឋ​អាក​ទិ​កនៅ​ហ្វាំ​ង​ឡង់​នា​ខែកញ្ញា​នឹង​ក្លាយជា​ពេលវេលា​សមស្រប​បំផុត​សម្រាប់​លោក​និង​លោក ដូ​ណា​ល់ ត្រាំ ជួបពិភាក្សា​គ្នា​។​

​ពេល​សួរថា តើ​វា​អាចទៅរួច​ទៅ​ដែល​លោក​និង​លោក ត្រាំ អាច​ជួបគ្នា​នៅ​ហ្វាំ​ង​ឡង់ ពូ​ទីន ឆ្លើយតប​ថា​៖«​ខ្ញុំ​ជឿជាក់ថា ហ្វាំ​ង​ឡង់​ស័ក្តិសម​សម្រាប់​ជំនួប​នេះ ហើយ​ក្រុង Helsinki គឺជា​ទីតាំង​ងាយស្រួល​បំផុត​សម្រាប់​រៀបចំ​កិច្ច​ភា​ក្សា​ឬ​កម្មវិធី​ស្រដៀង​គ្នា​នេះ​។

​ទោះជា​បែបនេះ​ក្តី​លោក​យល់ថា រាល់​ជំនួប​រវាង​លោក​និង​លោក ដូ​ណា​ល់ ត្រាំ គួរតែ​ត្រូវ​រៀបចំឡើង​ដោយមាន​ការឯកភាព​និង​សហការគ្នារ​វា​ភាគី​ទាំងសងខាង​។ បន្ថែម​ពីនេះ លោកពូ​ទីន យល់ថា បើសិនជា​មិនអាច​រៀបចំ​នៅ​ខែកញ្ញា​នៅ​ហ្វាំ​ង​ឡង់​បានទេ ជំនួប​ទ្វេភាគី​នេះ​អាច​ប្តូរ​មក​ធ្វើឡើង​នៅក្រៅ​កិច្ចប្រជុំ​ប្រទេស ២០​នៅ​អាល្លឺម៉ង់​ខែកក្កដា​វិញ​ក៏បាន​។​

​សារព័ត៌មាន RT បាន​ស្រង់​សម្តី​លោក ពូ​ទីន ថា​៖ «​បើសិន​បើ​មាន​ជំនួប​នៅ​ហ្វាំ​ង​ឡង់​មែន ខ្ញុំ​ផ្ទាល់​សប្បាយរីករាយ​នឹងចូលរួម​ក្នុងជំនួប​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ​។ ប្រសិនបើ​វា​មិនអាច​កើតឡើង​នៅ​ហ្វាំ​ង​ឡង់​ទេ ជំនួប​ទ្វេភាគី​នេះ​អាច​នឹង​កើតឡើង​នៅក្រោម​ក្របខណ្ឌ​នៃ​កិច្ចប្រជុំ​ប្រទេស ២០ នៅ​ប្រទេស​អាល្លឺម៉ង់​នៅ​ខែកក្កដា​ខាងមុខ​»​។​

​គេ​រំពឹងថា​ជំនួប​ជា​ផ្លូវការ​រវាង​មេដឹកនាំ​ទាំងពីរ​អាច​នឹង​ជួយ​ស្តារឡើងវិញ​នូវ​ទំនាក់ទំនង​ដ៏​ល្អក់កករ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ផងដែរ​។ របប​ដឹកនាំ​ក្រេ​ម​ឡាំង​ហាក់ដូចជា​ត្រៀមខ្លួន​រួចស្រេច​ដើម្បី​ស្តារ​ទំនាក់ទំនង​ការទូត​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ក្រោម​អាណត្តិ​លោក ដូ​ណា​ល់ ត្រាំ​។​

​កិច្ចប្រជុំ​កំពូល​រដ្ឋ​អាក​ទិ​នេះ​នឹងត្រូវ​រៀបចំឡើង​នៅ​រដ្ឋធានី Helsinki ចាប់ពី​ថ្ងៃ ១៨ ដល់​ថ្ងៃ ២០​ខែកញ្ញា​ឆ្នាំ ២០១៧​នេះ​។ ប្រធានាធិបតី​ហ្វាំ​ង​ឡង់​លោក Sauli Niinisto បានបញ្ជាក់​ផងដែរ​ថា ប្រទេស​របស់លោក​ពិត​ជា​រីករាយ​និង​មាន​មោទនភាព​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ដ៏​សំខាន់​នេះ​៕


Tag:
 ​វ្ល៉ា​ឌី​មៀ ពូ​ទីន
  ដូ​ណា​ល់ ត្រាំ​
  ហ្វាំ​ង​ឡង់​
  Summit of Arctic Countries
© រក្សាសិទ្ធិដោយ thmeythmey.com