អន្តរជាតិ
៣០ មីនា ២០១៧ ជា​ខួប​១៥០​ឆ្នាំ ដែល​អាមេរិក​ទិញ​ទឹកដី​អា​ឡា​ស្កា​ពី​រុស្ស៊ី​
31, Mar 2017 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃ ៣០ មីនា ឆ្នាំ ១៨៦៧ អាមេរិក​បាន​ចុះហត្ថលេខា​ទិញ​ទឹកដី​ទឹកដី​អា​ឡា​ស្កា​ពី​រុស្ស៊ី​ដោយ​ទឹកដី​នេះ​មានតម្លៃ​៧.២ លាន​ដុល្លារ​ប៉ុណ្ណោះ​ដែល​ស្មើនឹង ៤,៧៤ ដុល្លារ ក្នុង​មួយ​គីឡូម៉ែត្រ​ការ៉េ​។ ថ្ងៃ ១៨ ខែ តុលា ឆ្នាំ ១៨៦៧  ទើប​អាមេរិក​កា្ល​យ​ជា​កម្ម​សិទ្ធ​ករ​លើ​ទឹកដី​អា​ឡា​ស្កា​ដោយ​ស្របច្បាប់​។



​ថ្ងៃ ៣០ ខែមីនា​ឆ្នាំ ២០១៧​នេះ​ជា​ខួប​លើក​ទី ១៥០ នៃ​ការចុះហត្ថលេខា​លក់​ទឹកដី​អា​ឡា​ស្កា​រវាង​អាមេរិក និង​រុស្ស៊ី​។ ខាងក្រោម​នេះ​ជា​ប្រវត្តិ​សង្ខេប​ នៃ​ការលក់ដូរ​ទឹកដី​ដ៏​ធំធេង​នេះ​៖

​ថ្ងៃ ១៨ ខែ តុលា ឆ្នាំ ១៨៦៧ សហរដ្ឋអាមេរិក​បាន​ក្លាយជា​កម្មសិទ្ធិករ​លើ​ទឹកដី​អា​ឡា​ស្កា​ដោយ​ស្របច្បាប់ បន្ទាប់ពី​ចុះហត្ថលេខា​ទិញ​ទឹកដី​នេះ​ក្នុងតម្លៃ​ប្រមាណ ៧.២ លាន​ដុល្លា ដែល​ស្មើនឹង ២​សេន ក្នុង​មួយ​អា ឬ ៤,៧៤​ដុល្លា​ក្នុង​មួយ​គីឡូ​ម៉ែត្រការ៉េ​។

​ទឹកដី​អា​ឡា​ស្កា​នេះ​មាន​ទំហំ ១៧១៧៨៥៤ គីឡូ​ម៉ែត​ការ៉េ ដែល​ទំហំ​នេះ​ប្រហែល​ស្មើ​ពីរដង​រដ្ឋ តិច​សាស​។ គម្រោង​ទិញយក​ទឹកដី​រុស្ស៊ី​នេះ​ត្រូវបាន​គាំទ្រ​ពេញទំហឹង​ដោយ​លោក William Henry Seward  ដែលជា​រដ្ឋមន្ត្រីការបរទេស​ស្ថិតនៅក្រោម​អាណត្តិ​ប្រធានាធិបតី Andrew Johnson​។​
          
​តាមពិតទៅ ចក្រភព​រុស្សី​សុខចិត្ត​លក់​ទឹកដី​អា​ឡា​ស្កា ដែលជា​ដែនដី​ដាច់ស្រយាល​ពី​គេ និង​មាន​ប្រជាជន​រស់នៅ​តិច ក៏​ដោយសារ​ហេតុផល​មួយចំនួន​។ ហេតុផល​នោះ​មានដូចជា រុស្ស៊ី​ប្រឈម​ការលំបាក​ក្នុងការ​ការពារ​ឲ្យ​ផុតពី​ការឈ្លានពាន ព្រោះ​រុស្ស៊ី​ទើប​ចាញ់​សង្គ្រាម​នៅ Crimea ជាមួយ​អង់គ្លេស​ផង​។ បើសិនជា​មិន​លក់ ទឹកដី​នេះ​អាច​ប្រឈម​នឹង​ការបាត់បង់​នៅ​ថ្ងៃ​ណាមួយ​ដោយសារតែ​សង្គ្រាម​ជាមួយ​បណ្តា​ប្រទេស​ម្ចាស់​អាណានិគម​មួយចំនួន ដូចជា​ចក្រភព​អង់គ្លេស​ជាដើម​។

​ការចរចារ​រវាងរ​ដ្ឋ​មន្ត្រី​អាមេរិក​លោក Seward ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​រុស្សី​លោក Eduard de Stoeckl ពាក់ព័ន្ធ​ការទិញ​លក់​ទឹកដី​នេះ បានចាប់ផ្តើម​ឡើង​តាំង​ពីមុន​ឆ្នាំ ១៨៦៧​ម្ល៉េះ ព្រោះ​រុស្ស៊ី​ទាក់ទង​លក់​ទឹកដី​នេះ​ឲ្យ​អាមេរិក​តាំងពី​ឆ្នាំ ១៨៥៩​ម្ល៉េះ​។  ប៉ុន្តែ​វា​ប្រឈម​ការជំទាស់​ពី​សំណាក់​ប្រជាជន​អាមេរិក​និង​សភា​ផង​។ សូមបញ្ជាក់​បន្តិច​ថា​Eduard de Stoeckl ជា​អ្នកការទូត​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រីជាន់ខ្ពស់​អាមេរិក​ហើយ​អ្វីដែល​សំខាន់​លោក​មាន​ភរិយា​ជា​ជនជាតិ​អាមេរិក​។​

​សាធារណជន​អាមេរិក​ខ្លះ​ជឿជាក់ថា អា​ឡា​ស្កា​ជា​ដែនដី​គ្មាន​ជីរ​ជាតិ និង គ្មាន​តម្លៃ​អ្វីដែល​អាមេរិក​ត្រូវ​ទិញ​ឡើយ​។ ដូច្នេះ​គេ​នាំគ្នា​ចម្អក​ឲ្យ​លោក​រដ្ឋមន្ត្រីការបរទេស​លោក Seward និង​ប្រធានាធិបតី Andrew Johnson ផងដែរ​។ ការរិះគន់ ចម្អក និង​បង្ហាញ​ការមិន​ពេញចិត្ត​ពី​បណ្តា​ក្រុម​ប្រជាជន​និង​អ្នកនយោបាយ ពាក់ព័ន្ធ​ការទិញ​ទឹកដី​នេះ បានធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់លោក​ប្រធានាធិបតី​ធ្លាក់ចុះ​ខ្លាំង​។​

​ក្នុងនាម​ជា​ប្រធានាធិបតី​ទី ១៧ របស់​អាមេរិក លោក Andrew Johnson បន្ត​ព្យាយាម​ក្រាញននាល​យ៉ាង​លំបាក​បំផុត​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ សភា​ផ្តល់​សច្ចាប័ន​កិច្ចព្រមព្រៀង​ទិញ​ទឹកដី​អា​ឡា​ស្កា​នេះ​នៅ​ខែមេសា​ឆ្នាំ ១៩៦៧​។ ក្រោយមក នៅក្នុង​ឆ្នាំ ១៨៩៦ ដោយសារ​មានការ​រុករក​ឃើញ​រ៉ែ​មាស ដោយ​ការជីក​អណ្តូងរ៉ែ នៅ​តំបន់​អា​ឡា​ស្កា​នេះ ទើប​បណ្តាលអោយ​ប្រជាជន​ជាច្រើន ពេញចិត្ត​ចំពោះ​ការទិញ​ទឹកដី​នេះ​វិញ​។

​អា​ឡា​ស្កា បាន​ក្លាយជា​រដ្ឋ​ទី ៤៩ របស់​អាមេរិក នៅ​ថ្ងៃទី ៣ ខែមករា ឆ្នាំ ១៩៥៩ ហើយ​មកដល់​បច្ចុប្បន្ន​នេះ អា​ឡា​ស្កា​ត្រូវបានគេទទួលស្គាល់​ថា​ជា​ទឹកដី​នៃ​ធនធានធម្មជាតិ​ដ៍​សម្បើម​មួយ​។ ជាធម្មតា ទំហំ​ប្រេង​ប្រហែលជា ២៥​ភាគរយ និង​អាហារ​សមុទ្រ​ប្រហែលជា ៥០​ភាគរយ​របស់​អាមេរិក​ត្រូវបាន​យកចេញ​ពី​តំបន់​នេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​គឺជា​រដ្ឋ​ដែល​ធំជាងគេ​ដែល​ស្មើ មួយ​ភាគ​ប្រាំ នៃ​រដ្ឋ​ចំនួន​៤៨​ផ្សេងទៀត​រួមគ្នា ប៉ុន្តែ​រដ្ឋ​នេះ​ពុំ​សូវ​មាន​ប្រជាជន​រស់នៅ​នោះទេ​។  ចំពោះ​ឈ្មោះថា​អា​ឡា​ស្កា គឺមាន​ប្រភព​មកពី​ពាក្យ​ថា Alyeska  មានន័យថា ទឹកដី​ដ៍​ធំ​អស្ចារ្យ ។ ចំពោះ​រដ្ឋ​អា​ឡា​ស្កា មាន​ថ្ងៃ​ឈប់សម្រាក​ចំនួន​ពីរ​ផ្សេងគ្នា​ដើម្បី​រំលឹក​ដល់​ដើមកំនើត​របស់​វា គឺ Seward’s Day នៅ​ថ្ងៃ ៣០​ក្នុង​ខែមីនា  ដែលជា​ថ្ងៃ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​រវាង​អាមេរិក និង​រុស្សី​។ មួយទៀត ថ្ងៃ​អា​ឡា​ស្កា ដែល​គេ​ធ្វើជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃ ១៨ ខែតុលា ដើម្បី​រំលឹក​ខួប​នៃ​ការផ្ទេរ​រដ្ឋ​នេះ​មក​ឲ្យ​អាមេរិក​៕


Tag:
 Alaska
  Eduard de Stoeckl
  Andrew Johnson
  William Henry Seward
© រក្សាសិទ្ធិដោយ thmeythmey.com