ជាតិ
សង្គមជាតិ
សម្តេច ស ខេង ឯកភាព​​​ឲ្យ​​នគរបាល​​​គ្រប់គ្រង​​​បញ្ជី​កំណើត​​​កូន​​​ជន​​អន្តោប្រវេសន៍​​​
31, Mar 2017 , 10:03 pm        
រូបភាព
​លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍
​លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍
ដោយ:

​ភ្នំពេញ​៖ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឯកភាព​ឲ្យ​អគ្គនាយកដ្ឋាន​ចេញ​សំបុត្រ​បញ្ជាក់​កំណើត​សញ្ជាតិ​ខ្មែរ​មួយ​ដោយឡែក​សម្រាប់​កូន​ជនអន្តោប្រវេសន៍ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើតាម​លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​



​ថ្លែង​ក្រោយ​សន្និបាត​បូកសរុប​ការងារ​របស់​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍ នា​ក្រសួងមហាផ្ទៃ លោក សុខ ផល បាន​ឲ្យ​ដឹងថា លោក​មាន​គោលបំណង​ស្រាវជ្រាវ និង​រៀបចំ​សំបុត្រកំណើត​សម្រាប់​កូន​ជនអន្តោប្រវេសន៍​ដែល​រស់នៅ​កម្ពុជា​ឲ្យ​ត្រឹមត្រូវ​។

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានបញ្ជាក់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​៣១ ខែមីនា​នេះ​ថា លោក​បានទទួល​ការឯកភាព​ពីស​ម្តេច ស ខេង ដោយផ្ទាល់​មាត់​រួចរាល់ ហើយ​លោក​នឹង​រៀបចំ​លិខិត​លាយលក្ខណ៍អក្សរ​ជា​ផ្លូវការ​មួយ​ស្នើ​សម្ដេច​ខាងមុខ​ទៀត ដើម្បី​គ្រប់គ្រង​សំបុត្រកំណើត​សម្រាប់​កូន​ជនអន្តោប្រវេសន៍​។​

«​យើង​មិនដែល​បែងចែក​សំបុត្រកំណើត​កូន​របស់​ជនអន្តោប្រវេសន៍​ទេ​។ ពួកគេ​កើតមក​ដាក់​សញ្ជាតិ​ខ្មែរ​តែម្តង​។ មេឃុំ​ចេញ​សំបុត្រកំណើត​នេះ យើង​មិន​អាចធ្វើ​ចឹ​ង​ទៀត​ទេ​»​។ អគ្គនាយក​អន្តោប្រវេសន៍​ចាត់ទុក​ការចេញ​សំបុត្រ​បែបនេះ​ពិបាក​គ្រប់គ្រង​ជនអន្តោប្រវេសន៍​។​

​គួរ​ជម្រាប​ថា គិត​ចាប់តាំងពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ប្រមាណ ១​ម៉ឺន​៣​ពាន់​នាក់ ក្នុងនោះ ជនជាតិ​វៀតណាម​ជាង ៩៨ ភាគរយ​៕



Tag:
 ​ស ខេង​
  សុខ ផល​
  មហាផ្ទៃ​
  អន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com