កីឡាជាតិ
ជាតិ
ស្វាយរៀង​ស្វាគមន៍​ប៉ូលិស​ ឯទ័ព​ប៉ះ​ស៊ីម៉ាក់​ក្រោយ​វេ​ស្ទើ​ន​ស្វាគមន៍​ណាហ្គា​វើ​ល​
01, Apr 2017 , 1:34 pm        
រូបភាព
ដោយ:
​ក្រោយ​សម្រាក​អស់​រយៈពេល​មួយ​សប្តាហ៍​ដោយសារ​កីឡាករ​សំខាន់ៗ​នៅតាម​ក្លិប​នីមួយៗ​ជាប់​បំពេញបេសកកម្ម​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្នុង​វគ្គ​ជម្រុះ​ពូ​ល C នៃ​ពានរង្វាន់ AFC Asian Cup 2019​។ ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​បាន​បន្ត​ការប្រកួត​របស់ខ្លួន ដោយនៅ​ថ្ងៃទី​១ ខែមេសា នេះ មានការ​ប្រកួត​ចំនួន​៣​គូ ដែល​ធ្វើ​នៅលើ​ទីលាន​៣​ផ្សេងៗ​គ្នា​។ 
 
​ក្រុម​ឈរ​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង នឹង​បើកទ្វារ​កីឡដ្ឋាន​ខេត្តស្វាយរៀង ដើម្បី​ស្វាគមន៍​ក្រុម​ភ្ញៀវ​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​នា​វេលា​ម៉ោង​៦​ល្ងាច ក្នុង​វគ្គ​សន្សំ​ពិន្ទុ​សប្តាហ៍​ទី​៦​នៃ​ពានរង្វាន់​ក្រម​ខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧​។ ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវការ​ឈ្នះ​ដាច់ខាត​លើ​ក្រុមប៉ូលិស ដើម្បី​បង្កើន​គម្លាត​នៃ​ការ​ប្រជែង​ពី​ក្រុម​ក្រសួងការពារជាតិ​។ ដូច្នេះ​ការប្រកួត​នេះ នឹង​ក្លាយជា​ជំនួប​មួយ​ដ៏​ស្វិតស្វាញ និង​ជក់ចិត្ត​បំផុត ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធ​តែមាន​ទម្រង់​លេង​ល្អ​ដូចគ្នា​។ 
 
​បច្ចុប្បន្ន​ព្រះខ័ន​រាជ​ស្វាយរៀង​ឈរ​កំពូល​តារាង​ប្រចាំ​សប្តាហ៍​ទី​៥​ដោយមាន​១៣​ពិន្ទុ ខណៈ​គូប្រជែង​ដណ្តើម​កំពូល​តារាង​ក្រសួងការពារជាតិ​(​ទ័ព​)​កំពុង​ឈរ​លេខ​រៀង​ទី​២​ដោយមាន​១១​ពិន្ទុ​។ តែ​យ៉ាងណា ទ័ព​ហាក់ដូច​មាន​ភាគរយ​ខ្ពស់ជាង​ក្នុងការ​ទទួលបាន​៣​ពិន្ទុ​បន្ថែម ព្រោះ​ក្រុម​នេះ នឹង​បើកទ្វារ​កីឡដ្ឋាន​ស្តា​ត​ចាស់​ស្វាគមន៍​ក្រុម​ស៊ីម៉ាក់​នា​វេលា​ម៉ោង​៦​ល្ងាច​នេះ​។ 
 
​មុន​ជំនួប​ទាំងពីរ​ខាងលើ​កើតឡើង នា​វេលា​ម៉ោង​៣​រសៀល​នេះ ក្រុម​វេ​សើ្ទ​ន​ភ្នំពេញ​នឹង​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន ដើម្បី​ស្វាគមន៍​ក្រុម​ភ្ញៀវ​ណាហ្គា​វើ​ល​។ ចំណែក​ក្រុម​ការពារ​តំណែង​ជើងឯក បឹងកេត​អង្គរ តទល់​ជាមួយ​ម្ចាស់ផ្ទះ​គី​រី​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង​៣​រសៀល​ដូចគ្នា​៕   
 

Tag:
 ស្វាយរៀង​ស្វាគមន៍​ប៉ូលិស​
  ទ័ព​ប៉ះ​ស៊ីម៉ាក់​ក្រោយ​វេ​ស្ទើ​ន​ស្វាគមន៍​ណាហ្គា​វើ​ល​
© រក្សាសិទ្ធិដោយ thmeythmey.com