អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហ៊ី​ឡា​រី គ្លី​ន​តុ​ន ទើប​ចេញមុខ​បន្ទោស ដូ​ណា​ល់ ត្រាំ រឿង​បន្ថយ​លុយ​ទ្រទ្រង់​វិស័យ​ការទូត​
01, Apr 2017 , 2:39 pm        
រូបភាព
 
 
​អតីត​បេក្ខជន​ប្រធានាធិបតី​និង​ជា​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ចាប់ផ្តើម​ចេញមុខ​រិះគន់​រដ្ឋបាល​លោក​ដូ​ណា​ល់ ត្រាំ ក្រោយ​រក្សា​ភាព​ស្ងៀមស្ងាត់​អស់​ជា​យូរ​ក្រោយ​ចាញ់ឆ្នោត​។​លោកស្រី​បន្ទោ​សលោក ត្រាំ រឿង​ទាមទារ​កាត់លុយ​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ការទូត​ដែលជា​នយោបាយ​ស្នូល​នៃ​ការលើកស្ទួយ​ឥទ្ធិពល​អាមេរិក​នៅ​បរទេស​នោះ​។​

 
​ទំនងជា​អត់​ទ្រាំលែងបាន លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​ទិតៀន​គម្រោង​កាត់បន្ថយ​លុយ​សម្រាប់​ក្រសួង​ការបទេស​ដែល​ស្នើឡើង​ដោយ​លោក ដូ​ណា​ល់ ត្រាំ​។ អាច​ថា លោកស្រី អាចធ្វើ​ចិត្ត​ឲ្យ​រឹងប៉ឹង​បាន​ឡើងវិញ​ហើយ បន្ទាប់ពី​ចំណាយពេល​វេលា​ក្នុង​ភាព​ស្ងៀមស្ងាត់​មួយរយៈ​ដោយ​បាក់ស្បាត​ព្រោះ​ចាញ់ឆ្នោត​នោះ​។​
 
​ក្នុង​វេទិកា​នៅ​សាកលវិទ្យាល័យ Georgetown អតីតរដ្ឋមន្ត្រី​ការបរទេស​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ថ្លែងថា គោលបំណង​កាត់បន្ថយ​ហិរញ្ញវត្ថុ​ទ្រទ្រង់​ក្រសួងការបរទេស​និង​ជំនួយ​របស់លោក ត្រាំ​ជា​កំហុសឆ្គង​ដ៏​ធំ​មួយ​។ 
 
«​យើង​កំពុង​ឃើញ​សញ្ញា​នៃ​ការផ្លាស់ប្តូ​រដែ​លវា​ជាការ​ប្រកាសអាសន្ន​សម្រាប់​យើងទាំងអស់គ្នា​។ ការស្នើ​ការ​លុយ​សម្រាប់​វិស័យ​សុខាភិបាល​អន្តរជាតិ​, ជំនួយ​សម្រាប់​ការអភិវឌ្ឍ និង​វិស័យ​ការទូត​របស់​រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ត្រី​និង​កុមារ ហើយ​វា​ក៏​ជា​កំហុសឆ្គង​ធំ​សម្រាប់​ប្រទេស​យើង​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី ហ៊ី​ឡា​រី ដែល​ស្រង​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​កាលពី​ខែមីនា​កន្លងទៅ លោក ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ផែនការ​កាត់បន្ថយ​ថវិកាជាតិ​ដែល​ទ្រទ្រង់​វិស័យ​ការទូត​អាមេរិក​រហូតដល់ ២៨ ភាគរយ ដែល​វា​បង្ក​ឲ្យ​មនុស្សម្នា​ជាច្រើន​ព្រួយបារម្ភ​។ ប៉ុន្តែ​ទោះជា​បែបនេះ​ក្តី សភា​អាមេរិក​ទាំងពីរ​ជាន់​នឹង​សម្រេច​ចុងក្រោយ​លើ​ការកំណត់​ថវិកា​នេះ​។​
 
​ក្នុងនាម​ជា​រដ្ឋមន្ត្រីការបរទេស​ពី​ឆ្នាំ ២០០៩ ដល់ ២០១៣ នេះ​បាន​ផ្តល់យោបល់​ថា រដ្ឋបាល​ថ្មី​មិនគួរ​ធ្វើបែបនេះ​ទេ​ព្រោះ​បញ្ហា​ពិភពលោក​កើតឡើង​ច្រើន​ក្នុងនោះ​មានការ​បន្ត​កើនឡើង​នៃ​ចំនួន​ជនភៀសខ្លួន​ពិភពលោក ហើយ​វា​មិនមែនជា​បញ្ហា​នរណាម្នាក់​ឡើយ​។ វា​ជា​បញ្ហា​រួម​របស់​ពិភពលោក ហើយ​ក្នុងនាម​ជា​មហាអំណាច​ដែលមាន​ការទទួលខុសត្រូវ អាមេរិក​ត្រូវ​ខ្វាយខ្វល់​ជួយ​ដោះស្រាយ​។ 
 
​លោកស្រី​ពន្យល់ថា បច្ចុប្បន្ន​ពិភពលោក​ប្រឈម​បញ្ហា​ស្មុគ​ស្មាន​និង​ពាក់ព័ន្ធ​គ្នា​ទៅវិញទៅមក ដែល​វា​តម្រូវ​ឲ្យ​មានការ​បន្តសកម្មភាព​ពហុភាគី​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ដោយ​មិនមែន​ផ្តោត​តែ​លើ​បញ្ហា​មួយ​ឬ​ពីរ​ដែលជា​រឿង​អាទិភាព​ឡើយ​។ 
 
​លោកស្រី​បញ្ជាក់បន្ថែម​ដូច​៖ «​ខ្ញុំ​សង្ឃឹមថា រដ្ឋបាល​ថ្មី​នឹង​នៅ​បន្ត​ការដឹកនាំ​ពិភពលោក​ដើម្បី​សន្តិភាព​និង​សន្ត​សុខ​សកល​។ នេះ​ក៏ដោយ​សារ​ពិភពលោក​ទាំងមូល​នឹង​បន្ត​ដើរទៅ​មុខ​និង​ធ្វើការ​រួមគ្នា​ដោយមាន​ឬ​អាច​គ្មាន​អាមេរិក​ផង​»៕
 
 

Tag:
 ហ៊ី​ឡា​រី គ្លី​ន​តុ​ន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com