អ្នកនាំពាក្យប្រធានាធិបតី Dmitry Peskov បានលើកឡើងថា ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកធ្លាក់ចុះដល់កម្រិតមួយអាក្រក់ជាងសម័យសង្គ្រាមត្រជាក់ទៅទៀត។ លោកបង្ហាញការហួសចិត្តចំពោះចលនាឃោសនាការរបស់អាមេរិកប្រឆាំងរុស្ស៊ី ដែលធ្វើពលរដ្ឋអាមេរិកមើលឃើញរុស្ស៊ីជាសត្រូវ និងជាចោរអ៊ីនធឺណិតគ្រប់ពេលវេលា។
ក្នុងបទសម្ភាសជាមួយសារព័ត៌នមាន ABC អ្នកនាំពាក្យវិមានក្រេមឡាំងលោក Dmitry Peskov បានព្រលយពាក្យថា ចំណងការទូតអាមេរិកនិងរុស្ស៊ីបច្ចុប្បន្នអាក្រក់ខ្លាមងជាងសម័យសង្គ្រាមត្រជាក់ទៅទៀត។
លោក Peskov បានកត់សម្គាល់ថា អ្វីដែលធ្វើឲ្យទំនាក់ទំនងគ្រប់យ៉ាងរវាងមហាអំណាចទាំងពីរធ្លាក់ចុះខ្លាំងនោះគឺការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ក្នុងការបណ្តេញមន្ត្រីទូតរុស្ស៊ីចំនួន ៣៥នាក់និងបិទចោលទីតាំងទូតរុស្ស៊ីចំនួន ២កន្លែងផង។ អាមេរិកចាត់ទុកសកម្មភាពមន្ត្រីទូតរុស្ស៊ីដែលបំពេញភារកិច្ចនៅអាមេរិកជាសកម្មភាពចារកម្មទៅវិញ។
លោកលើកឡើងដូច្នេះថា៖ «វាជាអ្វីដែលយើងមិនដែលធ្លាប់ឃើញក្នុងវិស័យការទូតពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍មក។ យើងស្រមៃមើល ទ្រព្យសម្បត្តិរុស្ស៊ីដែលការពារដោយអភ័យឯកសិទ្ធិការទូតត្រូវបានកាន់កាប់ដោយក្រុមភ្នាក់ងារសម្ងាត់អាមេរិក។ តើនេះជាសកម្មភាពគួរឲ្យស្វាគមន៍ទេ? ខ្ញុំបារម្ភថាវាមិនអាចទេ។ វាមិនមែនជាសកម្មភាពត្រឹមត្រូវតាមច្បាប់ទេបើផ្អែកលើច្បាប់អន្តរជាតិ។ ដូច្នេះវាច្បាស់ណាស់ថា វាជាការបំផ្លាញចំណងការទូតទ្វេភាគីរវាងអាមេរិកនិងរុស្ស៊ី»។
ពេលសួរលោកថា តើវាស្រដៀងសម័យសង្គ្រាមត្រជាក់ឬអត់? លោក Peskov បានឆ្លើយតបថា វាអាក្រក់ជាងសម័យសង្គ្រាមត្រជាក់ទៅទៀត។ លោកក៏ថែមទៀតទិតៀនក្រុងវ៉ាស៊ីនតោនដែលបន្តចោទប្រកាន់ថា រុស្ស៊ីបានលូកកលាន់ក្នុងការបោះឆ្នោតនៅអាមេរិកដែរ។
«សង្គ្រាមត្រជាក់? ប្រហែលជាអាក្រក់ជាងនឹងទៅទៀត។ យុទ្ធនាការនេះត្រឹមតែរឿងញុះញង់សុទ្ធសាធ។ គ្រប់យ៉ាងជាព័ត៌មានក្លែងក្លាយ និងអ្វីគ្មានភ័ស្តុតាងអ្វីទាំងអស់។ ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដែលនិយាយថា រុស្ស៊ីបានជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកឲ្យមើលមាត់លោក ពូទីន ដែលនិយាយក្នុងវេទិកាអន្តរជាតិអាកទិកដែលរៀបចំឡើងនៅរុស្ស៊ីសប្តាហ៍នេះ»។
ក្នុងវេទិកាអន្តរជាតិអាកទិក លោក វ្ល៉ាឌីមៀ ពូទីន បានបដិសេធដាច់អហង្ការដោយឆ្លើយថា «ទេ» ចំពោះការចោទប្រកាន់របស់អាមេរិកថា លោកជាអ្នកបញ្ជាឲ្យគេលូកលាន់ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំមុន។ ពាក្យថា«ទេ»នេះគឺចម្លើយដ៏ខ្លីរបស់លោកឆ្លើយតប នឹងសំណួរថាតើលោកនិងរដ្ឋាភិបាលរុស្ស៊ីពិតជាបានលូកលាន់ចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឬអត់?។ លោក ពូទីន បាននិយាយជាភាសារុស្ស៊ីថា៖«មើលមាត់ខ្ញុំណា!»
ហើយសង្កត់សំឡេងដោយឆ្លើយថា«ទេ» ជាភាសាអង់គ្លេសតែម្តង។
ដោយឡែក អ្នកសារព័ត៌មាន ABC ក៏សួរបញ្ជាក់ផងដែថា តើលោក ពូទីន ពេញចិត្តលោក ដូណាល់ ត្រាំ ឬដឹកនាំអាមេរិកឬក៏យ៉ាងណា? លោក Peskov ឆ្លើយតបថា រុស្ស៊ីមិនមែនចង់ឲ្យនរណាម្នាក់ដឹកនាំអាមេរិកជាងនរណាម្នាក់ឡើយ។ អ្វីដែលរុស្ស៊ីចង់បាននោះគឺអ្នកដែលមានផ្នត់គំនិតប្រហាក់ប្រហែល ដែលអាចឲ្យមានការសហការគ្នា និងមានការស្វាគមន៍ពីសំណាក់សាធារណជនរុស្ស៊ីផង។
យ៉ាងណាក៏ដោយគេរំពឹងថា ទំនាក់ទំនងទ្វេភាគីរវាងអាមេរិកនិងរុស្ស៊ីនឹងប្រសើរឡើងវិញនៅពេលឆាប់ៗខាងមុខ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson នឹងបំពេញទស្សនកិច្ចទៅកាន់ក្រុងម៉ូស្គូ ហើយលោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ផង។កន្លងមក គេឃើញមានជំនួបជាន់ខ្ពស់រវាងមន្ត្រីប្រទេសទាំងពីរដែរ ដូចជាជំនួបរដ្ឋមន្ត្រីការបរទេសនៅអាល្លឺម៉ង់។ ទាំងនេះ ជាសញ្ញាវិជ្ជមានដែរសម្រាប់ការស្តារចំណងការទូតឡើងវិញនៅពេលខាងមុខរវាងមហាអំណាចទាំងពីរនេះ៕