កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន សុំទោស​ចំពោះ​ការពន្យា​ពេលធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​រហូតដល់​ឆ្នាំ​២០២៣
04, Apr 2017 , 7:00 pm        
រូបភាព
ដោយ:
​ពី​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​មួយចំនួន និង​បើក​ការដ្ឋាន​សាងសង់​កីឡដ្ឋាន​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមេសា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សុំទោស​ជា​សាធារណៈ​នៅមុខ​កីឡាករ គ្រូបង្វឹក និង​ថ្នាក់ដឹកនាំ​កីឡា ចំពោះ​ការពន្យា​ពេល​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​រហូតដល់​ឆ្នាំ​២០២៣​។ ការសុំ​ទោស​នេះ បន្ទាប់ពី​កម្ពុជា​បាន​អាក់ខាន​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ជាច្រើនលើក ដោយសារ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស​។



​ក្រោយ​កម្ពុជា​បាន​អាក់ខាន​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ជាច្រើនលើក​ក្នុង​ទស្សវត្សរ៍​៦០, ៩០ និង​ឆ្នាំ​២០០០ កន្លងមក ថ្នាក់ដឹកនាំ​កម្ពុជា​បានសម្រេច​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​សារជាថ្មី​នា​ឆ្នាំ​២០២៣ ខាងមុខនេះ​។ ការពន្យា​ពេល​រហូតដល់​ឆ្នាំ​២០២៣ នេះ បានធ្វើ​ឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​សុំទោស​ជា​សាធារណៈ​នៅ​ចំពោះមុខ​មហាជន ក៏ដូចជា​ថ្នាក់ដឹកនាំ​កីឡា គ្រូបង្វឹក និង​កីឡាករ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​អាង​ហែល​ទឹក អគារ​ប​ណ្ឌ​ល​កីឡា​ក្នុង​សាល និង​ក្រៅ​សាល និង​ការបើក​ការដ្ឋាន​សាងសង់​កីឡដ្ឋាន​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមេសា​។ 

​ពាក់ព័ន្ធ​ទៅនឹង​ការពន្យា​ពេល​នៃ​ការធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ពី​មូលហេតុ​យ៉ាង​ដូច្នេះ​ថា​៖«​មូលហេតុ​ដែលមាន​ការ​ពន្យា​ពេល​ដូច​តែ​យើងទាំងអស់គ្នា​បានដឹងហើយថា ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស​នៃ​វិស័យ​កីឡា​របស់​យើង ត្រូវបាន​បំ​ផ្លិត​បំផ្លាញ​យ៉ាងខ្លាំង​»​។​



​សម្តេច​បាន​បន្ថែមថា​៖«​ម្យ៉ាងទៀត​សេចក្តីត្រូវការ​របស់​យើង​ប៉ុន្មាន​ឆ្នាំមុន និង​ឥឡូវនេះ គឺ​បញ្ហា​ទាក់​ទាត់​នឹង​ការកសាង និង​ស្តារ​អភិវឌ្ឍន៍​ឡើងវិញ តម្រូវការ​ថវិការ​រ​បស់​យើង គឺ​ការកសាង​ផ្លូវ កសាង​ស្ពាន ប្រឡាយទឹក មន្ទីរពេទ្យ សាលារៀន ជូន​ប្រជាជន​។ ដូច្នេះហើយ បានជា​កម្ពុជា​បានស្នើ​សុំ​ការយោគយល់​ពី​សំណាក់​ដៃគូ​អាស៊ាន​នានា​ថា កម្ពុជា​សុំ​ការពន្យា​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​នេះ​»​។​

​បើតាម​របាយការណ៍​ដែល​អាន​ដោយ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ការធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម គឺ​តម្រូវ​ឲ្យ​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ទាំងអស់​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ម្នាក់​ម្តងៗ​ក្នុង​រយៈពេល​២​ឆ្នាំ​។ ប៉ុន្តែ​ប្រសិនបើ​ប្រទេស​ណាមួយ​មិនមាន​ហេដ្ឋារចនាសម្ព័ន្ធ ឬ​ធនធាន​គ្រប់គ្រាន់​អាច​ស្នើសុំ​ការពន្យា​ពេល​ទៅកាន់​សមាជិក​ទាំងអស់​បាន​៕ 


Tag:
 ​ស៊ី​ហ្គេម​
  សម្តេច ហ៊ុន សែន​
  ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ
© រក្សាសិទ្ធិដោយ thmeythmey.com