អន្តរជាតិ
ដូ​ណា​ល់ ត្រាំ ស្វាគមន៍​ប្រធានាធិបតី​អេ​ហ្ស៊ី​ប​នៅ​សេត​វិមាន ដោយ​មិន​ខ្វល់​ការបំពាន​សិទ្ធិមនុស្ស​
04, Apr 2017 , 8:19 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ចាប់ដៃសមភាគីអេហ្ស៊ីប ស៊ីស៊ី ក្នុងបន្ទប់ពងក្រពើនៃសេតវិមាន (រូបភាព Twitter @POTUS)
ប្រធានាធិបតី ដូណាល់ ត្រាំ ចាប់ដៃសមភាគីអេហ្ស៊ីប ស៊ីស៊ី ក្នុងបន្ទប់ពងក្រពើនៃសេតវិមាន (រូបភាព Twitter @POTUS)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ជួប​ជាមួយ​ប្រធានាធិបតី​អេ​ហ្ស៊ី​ប អាប់​ឌែ​ល ហ្វា​តា អែល​ស៊ី​ស៊ី (Abdel Fattah el-Sisi) នៅឯ​សេត​វិមាន​នៅ​ថ្ងៃទី​៣ ខែមេសា​។ លោក ត្រាំ បាន​ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​អេ​ហ្ស៊ី​ប​ដែល​ធ្លាក់ចុះ​ដោយឡែក និង​បាន​សរសើរ​ប្រធានាធិបតី​ស៊ី​ស៊ី ដែល​បំពេញការងារ​បាន​យ៉ាង​អស្ចារ្យ​ក្នុង​គ្រា​លំបាក​នៃ​ការដឹកនាំ​ប្រទេស​។ បន្ថែម​ពីលើ​ការប្ដេជ្ញាចិត្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី លោក ត្រាំ និង​លោក ស៊ី​ស៊ី ក៏បាន​សន្យា​សហការគ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​ដែរ​។​



​ប្រមុខរដ្ឋ​អេ​ហ្ស៊ី​ប​អតីត​ឧ​ត្ត​ម​សេនីយ៍ អាប់​ឌែ​ល ហ្វា​តា អែល​ស៊ី​ស៊ី ត្រូវបាន​សម​ភាគី​អាមេរិក ដូ​ណា​ល់ ត្រាំ ទទួល​យ៉ាង​កក់ក្ដៅ​នៅឯ​សេត​វិមាន ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ របស់លោក​ទៅកាន់​អាមេរិក​។ លោក ត្រាំ បាន​សរសើរ​ការដឹក​នាំ​របស់លោក ស៊ី​ស៊ី ក្នុងន័យ​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​ឡើងវិញ បន្ទាប់ពី​ធ្លាក់ចុះ​ដោយសារ​ការបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​អេ​ហ្ស៊ី​ប​ដូចជា​ការបង្ក្រាប​បាតុកម្ម ការចាប់​ឃុំខ្លួន​អ្នក​តវ៉ា​ពី​សំណាក់​ប៉ូលិស​របស់លោក​ប្រធានាធិបតី ស៊ី​ស៊ី ។​

​ក្នុងជំនួប​នេះ ប្រធានាធិបតី​អាមេរិក​បាន​ប្រាប់​សម​ភាគី​អេ​ហ្ស៊ី​ប​ថា អាមេរិក​នឹង​នៅ​ជួយ​ពីក្រោយ និង​នៅតែ​ជា​សម្ព័ន្ធមិត្ត​របស់​អេ​ហ្ស៊ី​ប​។ ក្រៅពី​លើកសរសើរ​ការ​ដឹកនាំ​របស់លោក ស៊ី​ស៊ី ទាំង​ស្ថានភាព​សិទ្ធិមនុស្ស​យ៉ាប់យ៉ឺន​ខ្លាំង លោក ត្រាំ ក៏បាន​និយាយ​ដែរ​ថា ទាំង​អាមេរិក ទាំង​អេ​ហ្ស៊ី​ប នឹង​ធ្វើការ​ជាមួយគ្នា​ដើម្បី​បោសសម្អាត​ក្រុម​ភេរវកម្ម​នៅ​ទូទាំង​ពិភពលោក​។

​យ៉ាងណាមិញ លោក ត្រាំ បាន​ប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា អាមេរិក និង​អេ​ហ្ស៊ី​ប ក៏មាន​ចំណុច​ខ្លះ​មិន​យល់ស្រប​គ្នា​ដែរ​។ ប្រធានបទ​សិទ្ធិមនុស្ស​នៅតែ​ជា​រឿង​ក្ដៅ បើទោះជា​លោក ត្រាំ មិន​បង្ហាញ​ការព្រួយបារម្ភ​ជា​សាធារណៈ​លើ​រឿង​ក៏ដោយ​។ បើតាម​សារព័ត៌មាន Huffington Post មន្ត្រីរដ្ឋបាល​លោក ត្រាំ និយាយថា មេដឹកនាំ​ទាំងពីរ​ពិភាក្សា​រឿងនេះ​ជាសម្ងាត់​។ 

​ទំនាក់ទំនង​រវាង​អាមេរិក និង​អេ​ហ្ស៊ី​ប រំពឹងថា​នឹង​កាន់តែ​ប្រសើរឡើង បន្ទាប់ពី​ល្អក់កករ​ខ្លាំង​នៅ​អាណត្តិ​ដឹកនាំ​របស់​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ។ រដ្ឋបាល​លោក អូ​បា​ម៉ា បាន​ផ្អាក​ការផ្ដល់​ជំនួយ​យោធា​សម្រាប់​អេ​ហ្ស៊ី​ប​ក្នុង​ឆ្នាំ​២០១៣ ក្រោយ​លោក ស៊ី​ស៊ី ដែល​ពេលនោះ​ជា​ប្រមុខ​កងទ័ព​អេ​ហ្ស៊ី​ប​បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​ជ្រើសរើស​តាម​ការបោះឆ្នោត Mohamed Morsi ។ លោក អូ​បា​ម៉ា ក៏​រិះគន់​ការដឹកនាំ​របស់លោក ស៊ី​ស៊ី ដែល​ស្ថានភាព​សិទ្ធិមនុស្ស​ធ្លាក់​ដុនដាប​ខ្លាំង​។​

​ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៣ មក​នោះ ប្រជាជន​អេ​ហ្ស៊ី​ប​បាន​ងើបឡើង​តវ៉ា​រដ្ឋាភិបាលយោធា តែ​ត្រូវ​រង​ការបង្ក្រាប ដែល​បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​ពាន់​នាក់​ស្លាប់ និង​របួស ខណៈ​មនុស្ស​ជាច្រើន​ម៉ឺន​នាក់ ត្រូវបាន​ចាប់ខ្លួន ហើយ​ភាគច្រើន​ជា​សមាជិក​ចលនា​ភាតរភាព​មូស្លីម ដែល​លោក ស៊ី​ស៊ី ចាត់ទុកជា​ក្រុម​ភេរ​វករ និង​ជា​គោលដៅ​នៃ​ការ​បោសសម្អាត​។ ប៉ុន្តែ​អាមេរិក នៅតែ​មិនអាច​ដក​ដៃ និង​ឈប់​គាំទ្រ​អេ​ហ្ស៊ី​ប​ឡើយ ដ្បិត​អេ​ហ្ស៊ី​ប​ជា​សម្ព័ន្ធមិត្ត​យូរអង្វែង​របស់​អាមេរិក និង​តែង​ដើរតួនាទី​សំខាន់​ក្នុងការ​ស្វែងរក​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​៕  


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  អេ​ហ្ស៊ី​ប​
  Abdel Fattah el-Sisi
© រក្សាសិទ្ធិដោយ thmeythmey.com